ភ្នំ​សំពៅ រមណីយដ្ឋាន​ធម្មជាតិ​ និង​ប្រវត្តិសាស្ត្រ

  • 2016-09-15 13:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

នៅ​ពេល​យើង​ធ្វើដំណើរ​បាន​ចម្ងាយ​ប្រហែល ១០គីឡូម៉ែត្រ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៥៧ ពី​ក្រុង​បាត់ដំបង​ទៅ​ក្រុងប៉ៃលិន នៅ​ខាង​ស្តាំ​ដៃ យើង​នឹង​ឃើញ​កូនភ្នំ​មួយ​ឈ្មោះថា ភ្នំ​សំពៅ។ តាមរយៈ​រឿងព្រេង​ខ្មែរ​បាន​តំណាល​ថា ភ្នំ​នេះ​គឺជា​សំពៅ​របស់​ចៅ​រាជ​កុល។ នៅ​ពេល​ចៅ​រាជ​កុល​ធ្វើដំណើរ​ត្រលប់​ទៅ​នគរ​វិញ ក្រពើ​អាធន​បាន​មក​កល់​សំពៅ​អោយ​លិច ពេលនោះ​នាង​រំសាយសក់​បាន​ច្បូតសក់​នាង​អោយ​ទឹកសមុទ្រ​រីង ហើយ​ក្រពើ​អាធន​ក៏​ស្ងួត​ស្រកា​ងាប់​ទៅជា​ភ្នំ​ក្រពើ ហើយ​សំពៅ​វិញ​ក៏​ក្លាយទៅជា​ភ្នំ​សំពៅ​នេះ។

 

ក្នុងពេល​បច្ចុប្បន្ន​ភ្នំ​សំពៅ​ជា​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​ ដែល​គេ​និយម​ទៅ​កម្សាន្ត និង​មាន​វត្ត​ក៏ដូចជា​បូជនីយដ្ឋាន​ជាច្រើន​កសាង​នៅលើ​ភ្នំ​នេះ។ នៅលើ​ភ្នំ​មាន​ល្អាង​ចំនួន៥ គឺ​ល្អាង​ខ្យល់ ល្អាង​ផ្កា​ស្លា ល្អាង​ល្ខោន ល្អាង​ស្ថានីយ និង​ល្អាង​តែងខ្លួន។

 

 

បើតាម​លោកតា​ ណាត ជា​ចាស់ទុំ​ម្នាក់​មាន​ទីលំនៅ​នៅ​ជើងភ្នំ​បាន​អោយ​ដឹង​ថា “នៅ​សម័យ​សង្គមរាស្ត្រនិយម មាន​ទីកន្លែង​បី ​ដែល​អ្នក​បាត់ដំបង​និយម​ទៅលេង​គឺ ប្រាសាទ​ឯកភ្នំ ភ្នំ​បាណន់ និង​ភ្នំ​សំពៅ​នេះឯង។ ពេលនោះ​មាន​អ្នកធំ​ខ្លះ​លោក​ជួយ​កសាង​ជណ្តើរ​ថ្ម​ឡើងលើ​ភ្នំ​នេះ​ផង។ ហើយ​យើង​ក៏​ធ្លាប់​បាន​លឺ​ដែរ​ពី​បទ​ចម្រៀង​ខ្លះ​ច្រៀង​ទាក់ទង​នឹង​ភ្នំ​នេះ​ដូចជា​បទ "ព្រាត់​ភ្នំ​សំពៅ" និង បទ​"បាច​ផ្កា​ម្រះ​ពៅ​" អី​ជាដើម។ លុះ​មកដល់​សម័យ​ខ្មែរក្រហម ភ្នំ​នេះ​ត្រូវ​គេ​ប្រើ​ជា​កន្លែង​សម្រាប់​ពិឃាដ​មនុស្ស​ ដែល​ប្រឆាំង​នឹង​ខ្មែរក្រហម​វិញ។

 

លោកតា​បាន​បន្ត​ថា “មាន​ប្រជាជន​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់​នៅ​លើ​ភ្នំ​នេះ ហើយ​ជាពិសេស​ គឺ​ពួក​កម្មាភិបាល​ខ្មែរក្រហម​ប្រចាំ​ភូមិភាគ​ពាយព្យ​ទាំង​តូច​ទាំង​ធំ​ត្រូវ​ពួក​ភូមិភាគ​និរតី​យក​មក​សម្លាប់​នៅ​ក្នុង​អំឡុង​ពេល​វិសុទ្ធកម្ម​ជាច្រើន​នាក់ នៅត្រង់​ល្អាង​តែងខ្លួន ដោយ​ពួកវា​វាយ​ជនរងគ្រោះ​ទម្លាក់​ចូល​ក្នុង​ល្អាង​តែ​ម្តង។

 

 

 

រហូតមកដល់​អំឡុង​ឆ្នាំ១៩៨៣ ទើប​ចាប់ផ្ដើម​មាន​អ្នក​ទៅលេង​ភ្នំ​សំពៅ​ឡើងវិញ តែ​ជណ្ដើរ​ឡើង​ត្រូវ​រង​ការបំផ្លាញ​អស់​មួយ​ភាគ ហើយ​គេ​ត្រូវ​តោង​តាម​ថ្ម វល្លិ​និង​ឫស​ឈើ​ទើប​ទៅដល់​កំពូលភ្នំ ហើយ​ម្យ៉ាងទៀត​កន្លែង​ហ្នឹង​ក៏ត្រូវ​ទ័ព​វៀតណាម​យក​ធ្វើជា​បន្ទាយ និង​បន្សល់​កាំភ្លើង​ធំ​ពីរ​គ្រឿង​ទុកជា​អនុស្សាវរីយ៍​ដល់​សព្វថ្ងៃ។

 

 

នៅពេល​ផ្លូវ​ទៅកាន់​ប៉ៃលិន​ត្រូវ​បាន​កសាង​ឡើង​វិញ ភ្ញៀវ​ទេសចរ​ទៅលេង​ភ្នំ​សំពៅ​ក៏​កើន​ឡើងជា​លំដាប់។ សព្វថ្ងៃ អ្នកទេសចរ​មកលេង​ភ្នំ​សំពៅ​មាន​ភាព​ងាយស្រួល​ជាង​មុន​ខ្លាំង ដោយសារ​មានការ​កសាង​ជណ្តើរថ្ម​ឡើងវិញ និង​ផ្លូវ​សម្រាប់​ម៉ូតូ​និង​រថយន្ត​ឡើង​ថែមទៀត។ នៅលើ​ភ្នំ​ក៏ដូចជា​នៅ​ជើងភ្នំ​មាន​លក់​ម្ហូបអាហារ គ្រឿង​ភេសជ្ជៈ ​និង​វត្ថុ​អនុស្សាវរីយ៍​ក្នុង​តម្លៃ​សមរម្យ​ជូន​ភ្ញៀវ​ទេសចរ។ មិនតែប៉ុណ្ណោះ ភ្នំ​សំពៅ​កឺ​ជាទី​ជម្រក​ដ៏​ធំ​របស់​សត្វ​ប្រចៀវ​រស់នៅ ហើយ​ជា​រៀងរាល់​ល្ងាច​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​មកកាន់​ទីនេះ​ដើម្បី​ទស្សនា​សត្វ​ប្រចៀវ​ចេញពី​រូងភ្នំ​ទៅ​រក​ចំណី។

 

អ្នក​មីង​ជា​អាជីវករ​លក់​ភេសជ្ជៈ​នៅ​លើ​ខ្នងភ្នំ​បាន​ប្រាប់ ​Sabayថា “ប៉ុន្មាន​ឆ្នាំនេះ ខ្ញុំ​ធ្វើស្រែ​មិនសូវ​បាន​ផល​នោះ​ទេ ព្រោះ​រាំងស្ងួត​មិន​សូវ​មាន​ទឹក​គ្រប់គ្រាន់។ ប៉ុន្តែ​បាន​អ្នកទេសចរ​មកលេង​ភ្នំ​កាន់តែ​ច្រើន មីង​លក់ដាច់​ច្រើន​បាន​ចំណូល​ជួយ​ទប់​ជីវភាព​គ្រួសារ​ដែរ៕

 

 
 

អត្ថបទ៖ ហួន ទីណារ័ត្ន

 

ចង់ក្លាយជាអ្នកកាសែត​មហាជន​ទាក់ទង​លេខ៖ 099 588 880

អត្ថបទពេញនិយម