តាន់ បូរីវត្ថិ សិស្សនិទ្ទេស A ធ្លាប់ស្ថានទូតជ្រើសរើសទៅបារាំង
- 2016-09-15 18:14:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាន់ បូរីវត្ថិ សិស្សនិទ្ទេស A ធ្លាប់ស្ថានទូតជ្រើសរើសទៅបារាំង
ចន្លោះមិនឃើញ
ក្រៅពីជាសិស្សនិទ្ទេស A ប្រចាំការប្រលងបាក់ឌុប តាន់ បូរីវត្ថិ ជាយុវជនឆ្នើមមួយរូបត្រូវបានស្ថានទូតបារាំងជ្រើសរើសទៅចូលរួមជំនួបទស្សនកិច្ច អំពីបំរែបំរួលអាកាសធាតុនៅប្រទេសបារាំង។
សិស្សវិទ្យាល័យព្រះមុនីវង្ស ក្នុងខេត្តបាត់ដំបង ប្រាប់ថា គេជាសិស្សថ្នាក់ពីរភាសា ហើយរៀនបារាំងតាំងពីថ្នាក់ទី៨។ កម្មវិធីក្នុងជំនួបនេះមានសិស្ស៥០រូបមកពីប្រទេសដទៃ និងមានទស្សនកិច្ចវប្បធម៌នៅទីក្រុងប៉ារីស កិច្ចពិភាក្សារួមទាំងមានការដើរកម្សាន្តលើទឹកកកនៃជ្រលងភ្នំទៀតផង។ បូរីវត្ថិប្រាប់ថា គេក៏ធ្លាប់ជាសិស្សពូកែអក្សរសាស្ត្រខ្មែរជយលាភីលេខ២ប្រចាំសាលាផងដែរ កាលថ្នាក់ទី៩។ យុវជនអាយុ១៧ឆ្នាំរូបនេះ ប្រាប់ថា គេប្រើតិចនិករៀន៦ចំណុចជាប្រចាំ ដើម្បីក្លាយជាសិស្សពូកែ។
ទី១ បូរីវត្ថិ តែងរៀនបន្ថែមនៅផ្ទះក្រោយអាហារល្ងាចរួចដល់ម៉ោង ១១:៣០ ទើបចូលគេង។
-ទី២ ពេលសិក្សាក្នុងថ្នាក់ បូរីវត្ថិចូលចិត្តឆ្លើយសំនួរគ្រូ និងជជីកសួរនូវផ្នែកណាដែលមិនយល់ច្បាស់។ កត្តាសំខាន់មួយទៀត ពេលរំលឹកមេរៀនម្ដងៗ តែងរកកន្លែងណាមានខ្យល់អាកាសបំព្រង ព្រោះកាត់បន្ថយភាពស្រេ្តសបានច្រើន។
-ទី៣ គ្រួសារ៖ សិស្សបានលំដាប់ពិន្ទុ 99.873 បានយកការខិតខំរបស់ឪពុកម្ដាយមកជាចលករការរៀនសូត្រ ដោយប្ដេជ្ញាថា ត្រូវតែរៀនឲ្យពូកែ។
ចំណែកទី៤ គឺការទំនាក់ទំនង ព្រោះបូរីវត្ថិយល់ថា ការរាប់អានមាន ទំនាក់ទំនងល្អជាមួយគ្រូនិងមិត្តភ័ក្ដិ អាចផ្លាស់ប្ដូរបទពិសោធន៍ចំណេះដឹងគ្នាបានល្អ។ សម្រាប់ចំណុចទី៥វិញ គឺបូរីវត្ថិចូលចិត្តយកការរិះគន់របស់គេទៅពិចារណាដើម្បីកែលម្អខ្លួនឲ្យប្រសើរ។ ចំណុចចុងក្រោយ កូនពៅក្នុងចំណោមបងប្អូន២នាក់ ចូលចិត្តចូលរួមការងារសង្គម ដោយសារបូរីវត្ថិ យល់ថា វាប្រៀបបាននឹងការអនុវត្តការសិក្សារបស់ខ្លួនពិតៗ។
ពេលរៀនថ្នាក់បរិញ្ញាបត្រ បូរីវត្ថិប្រាប់ថា ចាប់យកជំនាញវិស្វករខាងចំណីអាហារ។ បើមានឱកាស រូបគេនឹងបន្តការសិក្សានៅក្រៅប្រទេស ហើយយកចំណេះដឹងទាំងនេះមកចែកជូនសិស្សប្អូនទាំងអស់គ្នា៕
អត្ថបទ៖ លឹម សុនា