គ្រូជំនួយថា U19 កម្ពុជាពេញដោយកម្លាំងចិត្ត១០០%ប៉ះថៃល្ងាចនេះ
- 2016-09-16 16:54:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជំនួយថា U19 កម្ពុជាពេញដោយកម្លាំងចិត្ត១០០%ប៉ះថៃល្ងាចនេះ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19)ត្រូវប៉ះជើងខ្លាំងថៃវេលាម៉ោង៤រសៀលថ្ងៃនេះក្នុងការប្រកួតលើកទី៣ដូចគ្នានៅក្នុងពូល B នៃពានរង្វាន់ AFF U19 Youth Championship 2016 នៅប្រទេសវៀតណាមដែលផ្សាយផ្ទាល់ដោយ BTV។
លោក ស៊ុំ វណ្ណា គ្រូជំនួយជម្រើសជាតិ U19 កម្ពុជា បានប្រាប់ពីវៀតណាមថា បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមឡាវដោយលទ្ធផល ៣-០ កាលពីពីរថ្ងៃមុនមក ក្រុម U19 កម្ពុជាកំពុងមានកម្លាំងចិត្តពេញ១០០%សម្រាប់ការប្រកួតលើកទី៣ដែលជួបនឹងក្រុមខ្លាំង U19 ថៃ។
លោកបន្តទៀតថា ក្រៅពីមានកម្លាំងចិត្តតាមរយៈជ័យជម្នះកន្លងមក ក្រុមកម្ពុជាក៏រឹតតែមានកម្លាំងចិត្តថែមទៀតដោយអ្នកគាំទ្រកម្ពុជានៅប្រទេសវៀតណាមនឹងទៅគាំទ្រក្រុមកម្ពុជាដល់ទីលានកាន់តែច្រើនជាងលើកមុន។ នេះជាកម្លាំងចិត្តដ៏ល្អសម្រាប់ក្រុមទាំងមូល។ គ្រូជំនួយរូបនេះបានប្តេជ្ញាចិត្តថា ក្រុមទាំងមូលនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតល្ងាចនេះដើម្បីជាតិ និងប្រជាជនកម្ពុជាទាំងមូល។
ពាក់ព័ន្ធនឹងកីឡាករវិញ លោក ស៊ុំ វណ្ណា ប្រាប់ថា គ្មានកីឡាករណាម្នាក់របួសគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែកីឡាករខ្លះនៅមានឈឺសាច់ដុំតិចតូច ដោយសារពួកគេធ្វើការខ្លាំងពេលប្រកួតជាមួយឡាវ។ សម្រាប់សមាសភាពនៅលើទីលានវិញ ល្ងាចនេះក៏មិនមានការផ្លាស់ប្តូរច្រើនឡើយ។
ពីរប្រកួតកន្លងមក កម្ពុជារកបាន៣ពិន្ទុតាមរយៈការចាញ់អូស្ត្រាលី ០-២ និងឈ្នះឡាវ ៣-០ ខណៈថៃមាន៦ពិន្ទុពីការប្រកួតឈ្នះទាំងពីរប្រកួតក្នុងនោះឈ្នះឡាវ ២-១ និងឈ្នះឥណ្ឌូណេស៊ី៣-២។ ទាំងកម្ពុជា និងថៃត្រូវការឈ្នះដូចគ្នាដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ ជាន ចាន់រ៉ា