សុខ ពិសី និង លី អ៊ីវ៉ាធីណា កំពុងស្ថិតក្នុងរឿងរ៉ាវចម្រូងចម្រាស់
- 2016-09-19 23:16:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ពិសី និង លី អ៊ីវ៉ាធីណា កំពុងស្ថិតក្នុងរឿងរ៉ាវចម្រូងចម្រាស់
ចន្លោះមិនឃើញ
រឿងរ៉ាវចម្រូងចម្រាស់ពាក់ព័ន្ធនឹងតារាចម្រៀងពីររូបក្នុងផលិតកម្មផ្សេងគ្នា សុខ ពិសី និង លី អ៊ីវ៉ាធីណា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីការវិនិច្ឆ័យ របស់ លី អ៊ីវ៉ាធីណា ទៅលើសមត្ថភាពបេក្ខជនម្នាក់ ដែលបានឡើងប្រឡងត្រាប់សំឡេងតាម សុខ ពិសី ថាច្រៀងពីរោះជាងម្ចាស់ដើម ក្នុងកម្មវិធីពេញចិត្តអត់ របស់ស្ថានីយទូរទស្សន៍ MyTvកាលពីថ្ងៃសៅរ៍។
ក្នុងនោះ តារាចម្រៀងក្នុងផលិតកម្មសាន់ដេ សុខ ពិសី បានប្រាប់ថានាងហួសចិត្ត ពេលដែលបានមើលឃើញ និងស្ដាប់ឮការវិនិច្ឆ័យ របស់តារាចម្រៀង លី អ៊ីវ៉ាធីណា ចំពោះបេក្ខជនប្រឡងក្នុងកម្មវិធីពេញចិត្តអត់ ក្នុងន័យវាយប្រហារឲ្យនាង។
“និយាយរួមទៅខ្ញុំមិនដែលមានបញ្ហាអ្វីជាមួយបង លី អ៊ីវ៉ាធីណា ឡើយ ខ្ញុំគោរព និងចាត់ទុកគាត់ដូចជារៀមច្បងខ្ញុំ។ ប៉ុន្តែខ្ញុំមិនយល់ថាហេតុអ្វីបានជាគាត់និយាយដាក់ពិន្ទុឲ្យបេក្ខជន ក្នុងន័យបែបដៀមដាមមកខ្ញុំចឹង។ ហើយធម្មតាកម្មវិធីប្រឡងធំៗចឹង គេមិនដែលនិយាយវាយតម្លៃម្ចាស់បទដើមចឹងទេ។ ហើយខ្ញុំអត់បានខឹងអ្វីគាត់ទេ គ្រាន់តែហួសចិត្តពេលដែលបានឃើញវីដេអូក្នុងកម្មវិធីពេញចិត្តអត់ហ្នឹង"។
យ៉ាងណាមិញជួបតារាចម្រៀងក្នុងផលិតកម្មថោន លី អ៊ីវ៉ាធីណា បានឆ្លើយតបវិញថា នាងមិនបានមានបំណងចង់ស្តីថាបេក្ខជន ដើម្បីដៀមដាមទៅដល់កញ្ញា សុខ ពិសី ឡើយ។ អ្វីទាំងអស់ គឺនាងធ្វើតាមកម្មវិធីតម្រូវ ឲ្យនិយាយអ្វីដែលជាការពិត និងមើលឃើញជាក់ស្ដែងតែប៉ុណ្ណោះ។
"ខ្ញុំនិយាយអ្វីដែលជាការពិត យល់ឃើញយ៉ាងណានិយាយបែបហ្នឹង អត់ទោរទន់លម្អៀងទៅរកអ្នកណាឡើយ។ ហើយក៏មិនបានថាក្នុងន័យបន្ទោសបង្អាប់កញ្ញា សុខ ពិសី ទេ ខ្ញុំនិយាយតាមអ្វីដែលខ្ញុំបានឃើញ ពីរោះថាពីរោះ មិនពីរោះថាមិនពីរោះ។ ហើយខ្ញុំគ្មានរឿងអីត្រូវនិយាយឌឺដង ដាក់ ពិសី ឡើយ ព្រោះកន្លងមកខ្ញុំនឹងគាត់មិនដែលមានបញ្ហាជាមួយគ្នាទេ"។
បន្ថែមលើសពីនេះ លី អ៊ីវ៉ាធីណា ថាសម្រាប់ទឹកមុខដែលទស្សនិកជនឬ សុខ ពិសី បានឃើញថាមើលទៅដូចច្រណែនឈ្នានីសនោះ ជាទឹកមុខបែបម៉ឺងម៉ាត់ ក្នុងពេលដាក់ពិន្ទុឲ្យបេក្ខជន ក្នុងនាមជាគណៈកម្មការមួយរូប។
លី អ៊ីវ៉ាធីណា បន្ថែម៖ "មានទស្សនិកជនជាច្រើនថា ទឹកមុខខ្ញុំពេលដែលវិនិច្ឆ័យឲ្យបេក្ខជន មើលទៅដូចជាចង់វាយប្រហារទៅ កញ្ញា សុខ ពិសី និងដោយសារខ្ញុំប្រើសម្ដីថាបេក្ខជនហ្នឹងច្រៀងពីរោះជាងម្ចាស់ដើម។ ប៉ុន្តែការនិយាយស្តី និងទឹកមុខខ្ញុំពេលនោះ វិនិច្ឆ័យក្នុងនាមជាគណៈកម្មការមិនមានបំណងថាឲ្យ សុខ ពិសី ឡើយ"។
រីឯកញ្ញា រីណា ជំនួយការរៀបចំកម្មវិធីរបស់ តាប៊ុយ សុំមិនបកស្រាយអ្វីច្រើនពាក់ព័ន្ធនឹងរឿងរ៉ាវភាគីទាំងពីរឡើយ។ ៖ "ពាក់ព័ន្ធនឹងរឿងពួកគាត់ទាំងពីរយ៉ាងណា បងមិនហ៊ានសម្រេចទេ ព្រោះកម្មវិធីបងតម្រូវឲ្យកាត់សេចក្តីថាដូច ឬមិនដូចប៉ុណ្ណោះ ហើយបងក៏មិនមានសិទ្ធិ បង្គាប់គាត់គ្រប់ជំហានថាមិនឲ្យនិយាយបែបនេះ ឬ បែបនោះឡើយ"។
យ៉ាងណាក៏ដោយតារាចម្រៀងទាំងពីរសុទ្ធតែអះអាងថា ពួកគេមិនដែលមានបញ្ហាអ្វីជាមួយគ្នាពីមុនមកដែរ។ មួយវិញទៀត យប់នេះតារាចម្រៀងក្នុងផលិតកម្មថោន លី អ៊ីវ៉ាធីណា ប្រាប់ថា នាងនឹងបង្ហោះវីដេអូមួយពាក់ព័ន្ធនឹងរឿងរ៉ាវនេះបន្ថែមទៀត ដើម្បីឲ្យទស្សនិកជនបានយល់ច្បាស់ពី បញ្ហានេះ៕
អត្ថបទ៖ ថា ម៉ាលីដា