លក្ខណៈពិសេស ៦ យ៉ាង ខេត្តកំពតស្អាតលេចធ្លោទាក់ចិត្តអ្នកទេសចរ
- 2016-09-24 18:10:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈពិសេស ៦ យ៉ាង ខេត្តកំពតស្អាតលេចធ្លោទាក់ចិត្តអ្នកទេសចរ
ចន្លោះមិនឃើញ
កំពត គឺជាខេត្តឆ្នេរសមុទ្រធំជាងគេទី 3ក្នុងប្រទេសកម្ពុជា និងល្បីល្បាញដោយសារម្រេចកំពត ដែលជាម្រេចមានគុណភាពល្អចំណាត់ថ្នាក់ពិភពលោក។ ខេត្តនេះ មានរមណីយដ្ឋានធម្មជាតិ និងសំណង់អគារប្រវត្តិសាស្ត្រសម័យអាណានិគមជាច្រើន សម្រាប់ភ្ញៀវទស្សនា និងស្វែងយល់។
ឧទ្យានជាតិភ្នំបូកគោ
មានលក្ខណៈពិសេសដាច់ដែលកម្ររកគូប្រដូចបានសម្រាប់ការកម្សាន្តទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត។
សំណង់អគារអាណានិគមបារាំង
ខេត្តកំពតត្រូវបានបង្កើតឡើងរាប់សតវត្សរ៍មកហើយ ប៉ុន្តែទីតាំង និងហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង ត្រូវបានបង្កើតឡើងឲ្យមានលក្ខណៈស្រស់ស្អាតទាន់សម័យ នៅអំឡុងពេលអាណានិគមបារាំង នាចុងសតវត្សរ៍ ១៩និងដើមសតវត្សរ៍ទី ២០។ អគារជាច្រើនអមសងខាងផ្លូវ និងទន្លេ ត្រូវបានសាងសង់ឡើងក្នុងអំឡុងពេលនោះ។ នៅភាគខាងត្បូងនៃទីក្រុង មានអគារដែលមានរចនាបថបារាំងមួយចំនួន ដែលក្នុងនោះមានទាំងអគាររដ្ឋាភិបាល និងពន្ធនាគារផងដែរ។
ម្រេចកំពត
កំពត មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារមានគុណភាព និងមានប្រវត្តិសាស្ត្រយូរអង្វែងជាងមួយសតវត្សរ៍ និងមានឈ្មោះបោះសំឡេងជាម្រេចមានគុណភាពខ្ពស់ក្នុងពិភពលោក។ ផ្លែឈើប្រចាំខេត្តកំពត
ប្រសិនបើធ្វើដំណើរពីភ្នំពេញទៅកំពត ភ្ញៀវទេសចរនឹងបានឃើញរូបសំណាកធុរេនយក្សដ៏ធំ បង្ហាញពីអត្តសញ្ញាណមួយនៃខេត្តកំពត ដែលមានធុរេនដ៏ឈ្ងុយឆ្ងាញ់ល្បីល្បាញនៅក្នុងតំបន់។ ក្រៅពីធុរេន ខេត្តកំពត ក៏មានផលិតនូវផ្លែឈើតាមរដូវមួយចំនួនទៀតដូចជាដូង ស្វាយ សាវម៉ាវ និងមង្ឃុតជាដើម។ ដោយឡែកផ្លែធុរេន និងដូង គឺជាកសិផលដ៏សំខាន់ជាងគេក្នុងខេត្តកំពត ដែលផ្គត់ផ្គង់សឹងតែទូទាំងរាជធានីភ្នំពេញ។
រូងភ្នំថ្មកំបោរ
រូងភ្នំមួយចំនួននៅជិតទីក្រុងកំពត គឺជារូងភ្នំថ្មកំបោរ ដែលមានអាយុកាលតាំងពីមុនសម័យអង្គរមកម្ល៉េះ។ ជាមួយគ្នានេះ ប្រាសាទឥដ្ឋដែលមានទម្រង់ផ្សេងៗពីគ្នា ក៏ត្រូវបានសាងសង់នៅក្នុងល្អាងភ្នំទាំងនេះដែរ។ រូងភ្នំដែលមានប្រជាប្រិយភាពជាងគេ គឺរូងភ្នំឆ្នុក រូងភ្នំស្លាតាអូន រូងភ្នំសរសៀរ និងរូងភ្នំកំពង់ត្រាច។
ឆ្នេរសមុទ្រ និង កោះ
ឆ្នេរសមុទ្រខេត្តកំពត គឺជាឆ្នេរសមុទ្រដែលសម្បូរទៅដោយដើមកោងកាង និងដើមដូងដុះព្រោងព្រាតនៅក្បែរឆ្នេរ ដែលជាសម្រស់ទាក់ទាញអន្ទងចិត្តភ្ញៀវទេសចរឲ្យលម្ហែកម្សាន្តនៅទីនេះ។ សមុទ្រកំពត ក៏ជាទីដៅដ៏ល្អពិសេសសម្រាប់ការកម្សាន្ត និងការជ្រមុជទឹកមើលផ្កាសមុទ្រផងដែរ។ ដោយឡែក កោះនានានៅក្នុងខេត្តកំពត មានខ្សាច់សស្អាត និងមានលក្ខណៈជាតិគ្មានការកែឆ្នៃ៕