ប្រុសៗជក់បារី ស្រីៗស្រលាញ់អត់?
- 2016-09-20 16:39:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗជក់បារី ស្រីៗស្រលាញ់អត់?
ចន្លោះមិនឃើញ
នៅក្នុងចម្រៀងមួយបទដែលមានចំណងជើងថា "ប្រុសដែលខ្ញុំស្រលាញ់” មានពាក្យមួយឃ្លាដែលអ្នកចម្រៀងបានច្រៀងថា "...ប្រុសដែលខ្ញុំលួចបេតី កំពុងញ៉ាំបារី ធ្វើជាហីមិនដឹងខ្លួន..."។ តើយុវវ័យសម័យថ្មីមានទស្សនៈបែបណាដែរ ពិសេសនារីៗតើស្រលាញ់បុរសដែលចេះពិសាបារីរឺអត់?
កញ្ញា ផុន សុខហ័ង អាយុ២០ឆ្នាំ ជានិស្សិត ឆ្នាំទី២ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអោយដឹងថា កញ្ញាមិនសូវចូលចិត្តបុរសចេះជក់បារីនោះទេ។ កញ្ញាគិតថាវាគ្មានចំណុចត្រង់ណាដែលថាសង្ហា រឺធ្វើអោយទាក់ទាញចិត្តសម្រាប់កញ្ញានោះឡើយ។ លើសពីនេះទៀត កញ្ញាបានប្រាប់ថាខ្លួនមិនស្រលាញ់បុរសចេះជក់បារីនោះទេ។ កញ្ញាយល់ថាការពិសាបារីគឺនាំអោយមានផលប៉ះពាល់ច្រើន ចំពោះសុខភាពខ្លួន និង អ្នកដទៃដែលស្រូបយកផ្សែងបារីទាំងនោះ។ ម៉្យាងដោយសារលោកឪពុករបស់កញ្ញាក៏ពិសាបារីដែរ ម្ល៉ោះហើយទើបកញ្ញាបានមើលឃើញពីគុណវិបត្តិនៃការជក់បារីដោយផ្ទាល់។ មិនតែប៉ុណ្ណោះ រាល់ថ្ងៃកញ្ញាក៏ខំបញ្ចុះបញ្ចូលឪពុករបស់កញ្ញាអោយបោះបង់ផងដែរ។
ស្រដៀងគ្នានេះដែរ កញ្ញា សៀ សៀកល័ង មកពីសកលវិទ្យាល័យន័រតុនឆ្នាំទី២ បានប្រាប់ក្រុមការងារសប្បាយថា កញ្ញាមិនយល់ស្របនោះឡើយដែលថា បុរសចេះជក់បារីមើលទៅឡូយ រឺ សង្ហា។ កញ្ញាជឿថាការជក់បារីគឺវាមិនល្អនោះឡើយព្រោះខូចសុខភាព ខ្ជះខ្ជាយលុយកាក់ និង អាចបណ្ដាលអោយមានអគ្គីភ័យទៀតផងប្រសិនបើមិនប្រយ័ត្ន បោះកន្ទុយបារីចោលផ្ដេសផ្ដាស។ មួយវិញទៀត វាក៏អាចប៉ះពាល់ដល់សិទ្ធរបស់អ្នកដទៃផងដែរ ប្រសិនបើគាត់ជក់នៅតាមទីសាធារណៈ។ យុវតីអាយុ១៩ឆ្នាំ រូបនេះ បាននិយាយថាបើមានសង្សារចេះជក់បារី ហើយហាមមិនស្ដាប់គឺកញ្ញាសុំបែកតែម្ដង។
ងាកមកយុវជនវ័យ២៣ឆ្នាំដែលជាមេការសំណង់មកពីខេត្តព្រៃវែង ឈ្មោះ ងិន ភួង វិញម្ដងបានលើកឡើងថា ខ្លួនលោកផ្ទាល់ជាបុរសក៏មិនគិតថា ការជក់បារីអាចលើកសម្រស់អោយមនុស្សប្រុសមានភាពសង្ហាអីនោះដែរ។ លោកបានរៀបរាប់ថា៖ "តាមពិតទៅ កាលពីក្មេង ខ្ញុំក៏ធ្លាប់ជក់បារីដែរ ដោយសារពេលនោះស្រវឹងហើយចង់សាកតាមមិត្តភក្តិ ប៉ុន្តែឥលូវគឺឈប់ហើយ ព្រោះវាធ្វើអោយធំក្លិនមាត់ ពិបាកនិយាយជាមួយគេ ហើយម៉្យាងធ្វើអោយក្អក ពិបាកក្នុងការអង្គុយជិតគេ៕
បើតាមការស្រាវជ្រាវមួយ ដែលចុះផ្សាយលើសារព័ត៌មាន Dailymail បានឲ្យដឹងថា បារីមានផ្ទុកសារធាតុគីមីជាង ៤០០០ប្រភេទ ដែលក្នុងនោះប្រហែល ៧០ប្រភេទអាចបណ្ដាលឲ្យកើតជំងឺមហារីក និងមានសារធាតុពុលរាប់រយប្រភេទផ្សេងទៀត។ ការជក់បារីអាចបណ្ដាលឲ្យស្ទះផ្លូវដង្ហើម រលាកទងសួត កើតរោគមហារីក និងការចុះខ្សោយផ្លូវភេទជាដើម។ ក្រៅពីនេះ ការជក់បារីអាចធ្វើឲ្យអ្នកគេងមិនលក់ បាយមិនបាន ឆាប់ហេវហត់អស់កម្លាំង និងកាត់បន្ថយអាយុផងដែរ។
ចំពោះស្ត្រីមានផ្ទៃពោះវិញ ការជក់បារីអាចបណ្ដាលឲ្យទារកកើតមិនគ្រប់ខែ ឬស្លាប់ និងបង្កគ្រោះថ្នាក់ចំពោះម្ដាយ។ ជាតិនីកូទីននៅក្នុងថ្នាំជក់ អាចបណ្ដាលឲ្យត្បៀតសរសៃឈាមក្នុងទងសុក ដែលធ្វើឲ្យបរិមាណអុកស៊ីហ្សែនផ្គត់ផ្គង់ទៅគភ៌មានការថយចុះ ជាហេតុបង្កហានិភ័យយ៉ាងខ្លាំងក្នុងពេលទារកប្រសូត។ បារីគ្មានប្រយោជន៍ចំពោះសុខភាពនោះទេ គឺមានតែផលប៉ះពាល់ម្យ៉ាងប៉ុណ្ណោះ៕ ប្រិយមិត្តយល់យ៉ាងណាដែរ?
អត្ថបទ៖ ចន្ថា