យុវវ័យបង្ហាញចំណាប់អារម្មណ៍លើសិល្បៈបុរាណខ្មែរ
- 2016-09-22 22:01:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យបង្ហាញចំណាប់អារម្មណ៍លើសិល្បៈបុរាណខ្មែរ
ចន្លោះមិនឃើញ
យុវវ័យបច្ចុប្បន្នបើទោះជាស្ថិតនៅក្នុងសម័យកាលបច្ចេកវិទ្យាទំនើប ប៉ុន្តែពួកគេបានបញ្ចេញមតិទស្សនៈផ្ទាល់ខ្លួនថាស្រលាញ់និងចូលចិត្ត សិល្បៈវប្បធម៌ខ្មែរ។ ជាតួយ៉ាង ទៅស្ដាប់យុវជនពីរនាក់ បើទោះជារៀនជំនាញផ្សេងៗ ក្រៅពីសិល្បៈ ប៉ុន្តែពួកគេប្រាប់ថាស្រលាញ់ និងចង់ចេះពីសិល្បៈបុរាណខ្មែរ។
យុវជន តាំង ហយ និស្សិតរៀនផ្នែកជីវវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា រូបគេស្រលាញ់សិល្បៈបុរាណផ្នែក ចម្រៀងអាយ៉ៃ និងចាប៉ី ជាពិសេសរូបគេតែងតែមើលវីដេអូការណែនាំអំពីសិល្បៈទាំងនោះលើបណ្ដាញអ៊ីនធឺណិត ។ យុវជនរូបនេះបានប្រាប់ថា៖ "ខ្ញុំឃើញទៅ សិល្បៈគ្រប់ទម្រង់បុរាណរបស់ខ្មែរគឺមានការពិបាកហាត់រៀន ចឹងការហាត់រៀន មួយៗ ការសម្ដែងមួយៗ គឺត្រូវការទាមទាររយៈពេល ក៏ដូចជាការតស៊ូក្នុងការហាត់រៀននិងសម្ដែង ចឹងវាក្បាច់ទម្រង់ពិសេសៗ ធ្វើឲ្យយើងចាប់អារម្មណ៍ "។
ងាកទៅស្ដាប់យុវតី វទ្ធូ កន្និដ្ឋា រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចវិញ បានឲ្យដឹងថា កញ្ញាមានចិត្តស្រលាញ់សិល្បៈខាងផ្នែករបាំ ដូចជារបាំបាចផ្កា របាំព្រះរាជទ្រព្យ ជាដើម។ កញ្ញា កន្និដ្ឋា បាននិយាយថា៖ "ចំពោះខ្ញុំ អារម្មណ៍ខ្ញុំ គឺសិល្បៈបុរាណស្រលាញ់ និយាយទៅគឺអ្វីដែលទាក់ទងនិងវប្បធម៌គឺស្រលាញ់ទាំងអស់"។
ដោយឡែកនៅពេលសួរថា បើមានឱកាសតើកញ្ញានឹងហាត់រៀនអ្វី? យុវតីរៀនផ្នែកច្បាប់ខាងលើបានតបថា៖ "បើមានឱកាសរៀន គឺរៀនខាងរបាំតែម្ដង បើមានពេលគឺហ្នឹងរៀនទាំងអស់តែម្ដង "។
ការលើកឡើងខាងលើ គឺស្ថិតក្នុង សន្និសីទសារព័ត៌មាន ស្ដីអំពីបុណ្យបេតិកភណ្ឌ ដែលបានធ្វើឡើងនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ។ គួររំលឹកផងដែរថា បុណ្យបេតិកភណ្ឌ នឹងធ្វើឡើងនាថ្ងៃ ទី១៤ ១៥ ១៦ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ នៅសាលសន្និសីទចតុមុខ។
កម្មវិធីនោះផងដែរនឹងធ្វើឡើងក្នុងគោលបំណង អបអរខួបទី១៣ឆ្នាំនៃរបាំព្រះរាជទ្រព្យ និងខួបទី១១នៃល្ខោនស្រមោលស្បែកធំ ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ព្រមទាំងផ្សព្វផ្សាយនូវកេរមរតកវប្បធម៌ជាតិខ្មែរ ឲ្យកាន់តែមានល្បីល្បាញ៕
អត្ថបទ៖ មាន រតនា