Sabay Osja គ្រោងផលិតហ្គេមប្រើបច្ចេកវិទ្យា AR
- 2016-10-06 16:12:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sabay Osja គ្រោងផលិតហ្គេមប្រើបច្ចេកវិទ្យា AR
ចន្លោះមិនឃើញ
Sabay Osja ក្រុមហ៊ុនផលិតហ្គេមលេចធ្លោក្នុងស្រុក មានគម្រោងបង្កើតហ្គេមប្រភេទ Augmented Reality (AR) ស្រដៀងគ្នានឹង Pokemon Go ដែលកក្រើកពិភពលោកកាលពីពេលកន្លងទៅ។
លោក អៀ អ៊ុយ ស្ថាបនិក Sabay Osja
លោក អៀ អ៊ុយ ស្ថាបនិក Sabay Osja បញ្ជាក់ថា ខាងលោកគ្រោងផលិតហ្គេមប្រភេទ AR ដែលជាបច្ចេកវិទ្យាហ្គេមទំនើបមួយ ធ្វើឲ្យរូបភាពឌីជីថលនិងពិភពពិតច្របាច់បញ្ចូលគ្នាទៅជាពិភពតែមួយ។
App បំពាក់បច្ចេកវិទ្យា AR ត្រូវបង្កើតឡើងក្នុងកម្មវិធី 3D ពិសេសមួយដែលអាចឲ្យអ្នកអភិវឌ្ឍកម្មវិធីកំណត់និងចង Animation ឬព័ត៌មានឌីជីថលផ្សេងៗជាមួយនឹង AR Marker ដើម្បីថែមព័ត៌មានផ្សេងពីលើពិភពពិតខាងក្រៅ។ ដូច្នេះ ឧទាហរណ៍ថា នៅពេលអ្នកប្រើប្រាស់យកទូរសព្ទបំពាក់កម្មវិធី AR ទៅថតអគារផ្សេងនៅពិភពខាងក្រៅ នោះផ្ទាំងព័ត៌មានឌីជីថលដែលបានកំណត់ នឹងបង្ហាញយ៉ាងត្រឹមត្រូវពីលើអាគារនីមួយៗតាមរយៈទូរសព្ទ។
យ៉ាងណាអ្នកបង្កើតហ្គេម Asva the Monkey ដែលធ្លាប់ល្បីដល់ក្រៅប្រទេសរូបនេះ ពុំទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់នៃការចាប់ផ្ដើមផលិតនោះទេ ដោយបច្ចុប្បន្នក្រុមលោកកំពុងសិក្សាស៊ីឲ្យជម្រៅលើបច្ចេកវិទ្យា AR មុនឈានដល់ការផលិត។
Sabay Osja ធ្លាប់សាងស្នាដៃផលិតហ្គេមនិងកម្មវិធីទូរសព្ទជាង ១៣ ហ្គេម។ ក្នុងនោះ ហ្គេមល្បីៗមានដូចជា Asva The Monkey, យក្សអរ, Ninja, Impossible និងកម្មវិធីរឿងនិទានកុមារ Ey Sey Storytime ជាដើម៕
អត្ថបទ៖ ប៉ែត ផាន់និត