ទស្សនាព្រៃកោងកាងជិត ២ពាន់ហិតា នៅពាមក្រសោប
- 2016-10-11 16:22:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាព្រៃកោងកាងជិត ២ពាន់ហិតា នៅពាមក្រសោប
ចន្លោះមិនឃើញ
ស្ថិតក្នុងភូមិ ពាមក្រសោប ឃុំពាមក្រសោប ស្រុក មណ្ឌលសីមា ខេត្តកោះកុង សហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប គឺជាកន្លែងទេសចរណ៍ព្រៃកោងកាងដ៏ធំមួយរបស់ខេត្ត កោះកុង ។
កោងកាងជាប្រភេទរុក្ខជាតិសមុទ្រមួយប្រភេទ ដែលដុះនៅតាមបណ្ដោយឆ្នេរមានភក់ល្បប់ មានទឹកប្រៃជោរនាច ហើយធន់នឹងកំហាប់អំបិលខ្ពស់។ ព្រៃកោងកាងមិនត្រឹមតែមានប្រយោជន៍សម្រាប់មនុស្សទេ សូម្បីតែសត្វក៏ត្រូវពឹងផ្អែកលើវាដែរ។ ដូចជាជម្រកត្រី ខ្ចង ក្ដាមគ្រប់ប្រភេទរស់នៅ និងជាជម្រកពងកូនយ៉ាងសំខាន់។ ក្រៅពីនេះដើមកោងកាងជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្រ មិនឲ្យបោកបក់បំផ្លាញដំណាំ និងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្នេរសមុទ្រ ផងដែរ។
លោក សៀក សាបុន ប្រធានសហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប បានឲ្យដឹងថា សហគមន៍របស់លោកមានផ្ទៃដីជាង៣០០០ហិតា ដោយនៅក្នុងនេះព្រៃកោងកាងគ្របដណ្ដប់ ១៣២៦ ហិតា ដោយបានបើកឲ្យដំណើរការក្នុងអំឡុងឆ្នាំ២០០១។
កាលពីអំឡុងទសវត្សឆ្នាំ ១៩៩០ ព្រៃដើមកោងកាង រងការកាប់យកទៅធ្វើធ្យូង និងវាតយកដីយ៉ាងធ្ងន់ធ្ងរស្ទើរតែផុតពូជ។ ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋភាគច្រើនជាពិសេសប្រជានេសាទ បានយល់ដឹងពីសារប្រយោជន៍របស់វា និងបានយកចិត្តទុកដាក់ការពារយ៉ាងហ្មត់ចត់ និងមានផែនការដាំដុះឡើងវិញជាបន្តបន្ទាប់។ ក្រោយការបង្កើតសហគមន៍ទេសចរណ៍ឡើង ប្រជាពលរដ្ឋដែលធ្លាប់កាប់ព្រៃកោងកាងដុតយកធ្យូងបានងាកយកទូករបស់ខ្លួនមកដឹកភ្ញៀវវិញ។
ប្រធានសហគមន៍ខាងលើបានបន្តឲ្យដឹងថា ជាមធ្យម សហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប មានអ្នកទេសចរណ៍ជាតិនិងអន្តរជាតិ ចន្លោះពី១៥០០នាក់ ទៅ២០០០នាក់ក្នុងមួយខែ ។
ភ្ញៀវដែលមកទស្សនានៅទីនេះត្រូវទិញសំបុត្រ សម្រាប់ភ្ញៀវជាតិ៣ពាន់រៀល ចំពោះភ្ញៀវអន្តរជាតិ៥ពាន់រៀល។ ក្រៅពីដើរទស្សនានៅតំបន់មួយចំនួន នៅទីនេះក៏មានទូកជួលជិះ ទស្សនាទេសភាពព្រៃ សម្រាប់ឆ្នេរ សត្វ និង ភូមិនេសាទ ផងដែរ។ តម្លៃទូកមានថ្លៃចាប់ពី២ម៉ឺនរៀល រហូត ដល់៧ម៉ឺនរៀល អាស្រ័យទៅតាមទីកន្លែងជិតឬឆ្ងាយ។
បច្ចុប្បន្ន តំបន់ព្រៃកោងកាងនៅខេត្តកោះកុងមានប្រមាណមួយម៉ឺនហិកតារ ក្នុងនោះមាន ពាមក្រសោប, កោះកាពិ, កោះស្រឡៅ,បឹងកាឆាង,ខេងខូង, ជ្រោយប្រស់,តាតៃ, និង ទូលគគីរ ជាដើម។ បានដាំព្រៃកោងកាង នៅកន្លែងដែលខូចខាត ឬបាត់បង់នោះឡើងវិញ បានប្រមាណជិត ២ រយហិកតារក្នុងរយៈពេលប្រមាណ ១០ ឆ្នាំ កន្លងមកនេះ៕
អត្ថបទ៖ ខុត សីហា