ស្វាញីចិត្តធម៌មួយក្បាលចូលចិត្តបំបៅដោះឲ្យកូនឆ្មា និង ឆ្កែ
- 2016-10-21 22:13:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាញីចិត្តធម៌មួយក្បាលចូលចិត្តបំបៅដោះឲ្យកូនឆ្មា និង ឆ្កែ
ចន្លោះមិនឃើញ
ស្វាញីមួយក្បាលឈ្មោះ ឆាយា អាយុជាង ១០ ឆ្នាំ រមែងផ្ដល់ក្ដីស្រលាញ់ដល់សត្វដទៃតូចៗ ជាពិសេសកូនឆ្មា និង កូនឆ្កែ តាមរយៈការបៅដោះដោះ ហាក់ដូចជាម្ដាយនិងកូន។ ក្រៅពីផ្ដល់ទឹកដោះដល់កូនឆ្មា និង ឆ្កែ ឆាយាតែងតែថ្នាក់ថ្នមអង្អែលក្បាលឆ្មា និង ឆ្កែ ហើយពេលខ្លះបីឡើងលើដើមឈើក៏មានដែរ។ នេះបើតាមព្រះតេជគុណ សុផល ព្រះចៅអធិការវត្តបាក់ត្រាខាងលើមានសង្ឃដីកាប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក" កាលពីថ្ងៃទី ១៩ តុលា ម្សិលមិញនេះ។
ព្រះតេជគុណ ទេព សុផល
ព្រះតេជគុណ សង្ឃរតោទេព សុផល ព្រះចៅអធិការវត្តភ្នំបាក់ត្រាព្រះរាជសិលាបក្សីចាំក្រុង ហៅវត្តភ្នំបាក់ត្រាលើ នៅភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានសង្ឃដីកាឲ្យដឹងទៀតថា ស្វាញីចិត្តធម៌តែងតែចិញ្ចឹមកូនឆ្មា និង ឆ្កែនេះ មានអាយុជាង ១០ឆ្នាំហើយ ហើយមានឈ្មោះថា ឆាយា។ ស្វានេះគឺមានពុទ្ធបរិស័ទយកមកប្រលែងនៅលើភ្នំក្នុងបរិវេណវត្តនេះ។
ព្រះចៅអធិការវត្តបានសង្ឃដីកាបន្តទៀតថា ស្វាញីនេះ រស់នៅយ៉ាងចុះសម្រុងជាមួយសត្វឆ្មា និង ឆ្កែក៏ដូចជាសត្វដទៃ។ វាចេះយកចិត្តដាក់ថែទាំគ្នាទៅវិញទៅមក ប៉ុន្តែ ស្វានេះកាចប្រសិនបើនរណាម្នាក់លេងជ្រលយកដំបងបម្រុងវាយវា គឺវានឹងខាំភ្លាម។
សូមទស្សនាវីដេអូនៃសកម្មភាពស្វាខាងក្រោមនេះ៖
អត្ថបទ៖ ប៊ិន ប៊ុណ្ណា