លោក គួច ម៉េងលី ប្រាប់ពីគន្លឹះសំខាន់ឆាប់ចាប់យកអាហារូបករណ៍ទៅរៀនក្រៅប្រទេស
- 2014-11-10 21:31:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គួច ម៉េងលី ប្រាប់ពីគន្លឹះសំខាន់ឆាប់ចាប់យកអាហារូបករណ៍ទៅរៀនក្រៅប្រទេស
ចន្លោះមិនឃើញ
ក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងអាហារូបករណ៍ រៀបចំឡើងដោយក្រុមហ៊ុន ANUSSA Event Planner Co., Ltd ឯកឧត្ដម គួច ម៉េងលី ស្ថាបនិកនៃវិទ្យាស្ថានអន្តរទ្វីប អាមេរិកកាំង បានបង្ហើបប្រាប់ពីគន្លឹះសំខាន់មួយចំនួន ទាក់ទងនឹងគន្លឹះក្នុងការយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សម្រាប់និស្សិតកម្ពុជា។
លោក គួច ម៉េងលី មានប្រសាសន៍ថា ពិន្ទុ GPA ខ្ពស់ចេញពីសាលាក្នុងស្រុកជាកត្តាសំខាន់មួយក្នុងការដាក់ពាក្យសុំអាហារូបករណ៍ ប៉ុន្តែប្រទេសម្ចាស់អាហារូបករណ៍ផ្ទាល់ ក៏ដូចជានៅតាមស្ថានទូតនីមួយៗ គេមិនចង់បានត្រឹមតែពិន្ទុខ្ពស់តែមួយមុខនោះទេ។ មានលក្ខខណ្ឌជាច្រើនផ្សេងទៀត ដែលសំខាន់ជាងនេះ ដូចជា បុគ្គលិកលក្ខណៈល្អរបស់បេក្ខជន មានប្រជាប្រិយភាព រួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ ជាយុវជនឈានមុខ និងធ្លាប់សកម្មនៅតាមក្លឹបសិក្សាផ្សេងៗ ក៏ដូចជាធ្លាប់បានចូលរួមនៅក្នុងសកម្មភាពចុះជួយសង្គមជាដើម។
នៅមានគន្លឹះសំខាន់ផ្សេងទៀត ដែលសិស្ស និស្សិត គួរតែចាប់អារម្មណ៍ផងដែរនោះ គឺទាក់ទងជាមួយខ្លឹមសារ នៃការសរសេរអធិប្បាយ រៀបរាប់ពីខ្លួនឯង និងគោលបំណងដែលយើងចង់បានអាហារូបករណ៍ទៅសិក្សាប្រទេសរបស់គេនោះ។ ត្រូវសរសេរខ្លឹមសារយ៉ាងណា ឲ្យគេយល់ថា ក្រោយពីបញ្ចប់ការសិក្សា យើងនឹងនាំយកចំណេះដឹងទាំងអស់នោះ មកចែករំលែក អភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនវិញ។ ឯកឧត្ដម គួច ម៉េងលី បន្ថែមយ៉ាងដូច្នេះ។
បន្ថែមពីនេះ លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ANUSSA បានលើកឡើងថា នៅថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៤ ខាងមុខ ក្រុមហ៊ុនលោក នឹងអញ្ជើញវាគ្មិន និង ម្ចាស់ស្ថាប័នផ្តល់អាហារូបករណ៍មកពីស្ថានទូតផ្សេងៗដូចជា ស្ថានទូតបារាំង អង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និង សហភាពអឺរ៉ុបជាដើម ដើម្បីចូលរួមធ្វើបទបង្ហាញពីការដាក់ពាក្យ និងបទពិសោធន៍ទទួលអាហារូបករណ៍ទៅសិក្សានៅបរទេស នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។
កាលពីឆ្នាំ ២០១៣ កន្លងទៅ មានសិស្ស និស្សិតខ្មែរ ជាង ៩០០០ នាក់ ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅបរទេស និង ស្នើសុំតាមស្ថានទូតនានាចំនួន ១០០០ នាក់ ផ្សេងទៀត។ ដោយឡែក ក្រុមហ៊ុន ANUSSA បានរៀបចំសន្និសីទអាហារូបករណ៍ថ្នាក់ជាតិស្ដីពីអាហារូបករណ៍ទៅសិក្សាក្រៅស្រុកនេះចំនួន ២ ដងមកហើយ កាលពីឆ្នាំ ២០១២ និង ឆ្នាំ ២០១៣៕
អត្ថបទ៖ យិន សំបូរ