ប្រាក់ សុផាន់ណា មានស្នាដៃបទ​និពន្ធ​ថ្មី ជាង៣០បទ​ទៀត​មិន​ទាន់​បញ្ចេញ

  • 2016-10-26 17:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជន​ពិកា​ ​ប្រាក់ សុផាន់ណា បាន​ប្រាប់sabay ថា លោក​មានបទ​ស្នាដៃនិពន្ធ​ថ្មី​​ជាង​៣០បទ​ គ្រោង​នឹង​បញ្ចេញ​នា​ពេល​ខាង​មុខ​នេះ។

 

 

Original Songsទាំង​នោះ​លោក​បាន​​​សរសេរ​ និង​ហាត់​ច្រៀង​រួច​​ខ្លះៗ​​ហើយ គ្រាន់​តែ​មិន​ទាន់​ចេញ​តែ​ប៉ុណ្ណោះ៖ "ខ្ញុំ​នឹង​បញ្ចេញ​ម្ដងមួយៗ បទ​ទាំង​អស់​ហ្នឹង​សរសេរ​អស់​​​ហើយ តែ​អត់​ទាន់​អាច​ចាំ​អស់​ទេ តែ​វា​ជា​Original Songs ទាំង​អស់ "ប្រាក់ សុផាន់ណា លើក​ឡើង។

 

ម្ចាស់​បទ “បរាជ័យ​ជា​មេរៀន” បាន​បន្ត​ឲ្យ​ដឹង​ថា បទ​ចម្រៀង​ដែល​លោក​គ្រោង​នឹងបញ្ចេញ​នោះ មិន​ចេញ​លើ​ផលិតកម្ម​ណា​មួយ​​ទេ គឺ​ចេញ​លើ​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ ត្បិត​អី​​លោក​មិន​ទាន់​មាន​ផលិតកម្ម​​ជ្រក​​នៅ​​ឡើយ។

 

 

ដើម​ហេតុ​ដែល​នាំ​ឲ្យ ​ប្រាក់ សុផាន់ណា អាច​ក្លាយ​ជា​តារា​ចម្រៀង​ និង​និពន្ធ​បទ​ភ្លេង​ក៏​ដូច​ជា​ទំនុក​ច្រៀង​​ដោយ​ខ្លួន​ឯង ហើយ​ទទួល​បាន​ការ​ចាប់​​អារម្មណ៍​​​ជា​បន្តបន្ទាប់​បែប​នេះ ត្រូវ​បាន​តារា​ចម្រៀង​រូបនេះ​​ប្រាប់​ថា ​ក៏​ព្រោះ​តែ​លោក​បាន​យក សិល្បៈ​មក​ធ្វើ​ជា​មិត្ត​ជាប់​នឹង​ខ្លួន​ជា​និច្ច បូក​ផ្សំ​ការ​ព្យាយាម ។

 

"ពេល​អផ្សុក ខ្ញុំ​យក​ហ្គីតា​មក​​​កេះ​លេង​ដដែលៗ វា​ជា​មិត្ត​របស់​ខ្ញុំ ហើយ​ពេល​ខ្លះ​ក៏​អាច​បង្កើត​​បទ​ចម្រៀង​ថ្មី​បាន តែ​អត់​ដឹង​ថា វា​ហ្នឹង​ទទួល​ការ​គាំទ្រ​កម្រិត​ណា​ឡើយ"។ សុផាន់ណា រៀបរាប់​ឲ្យ​ដឹង។

 

 

អ្នកនិពន្ធ​ខាងលើប្រាប់​ថា កន្លងមក​ធ្លាប់​​មាន​បទ​ចម្រៀង​​៤ទៅ៥បទ​មក​ហើយ ដែល​សុទ្ធសឹង​ជា​បទស្នាដៃនិពន្ធ​ថ្មី ហើយ​ទទួល​បាន​គាំទ្រ​ជា​បន្តបន្ទាប់។ បទ​ចម្រៀង​ទាំង​នោះ​មាន​ដូច​ជា ​បទ "បរាជ័យ​ជា​មេរៀន" បទ "យប់​ស្ងាត់​នឹក​សង្សារ" បទ "ពី​ជន​ពិការ​តស៊ូ​ម្នាក់" បទ "ទឹក​ចិត្ត​ជន​ពិការ" និង​បទ "បុប្ផា​ក្នុង​ចិត្ត" ​ជា​ដើម៕

 

អត្ថបទ៖ ខុត សីហា

រូបភាព៖ ផ្តល់​ឲ្យ​ដោយ សុផាន់ណា