ស្ត្រីម្ចាស់ផ្ទះបុរាណអាយុជិត១០០ឆ្នាំ ព្រាត់ប្រាសកូន និង ប្ដី ព្រោះខ្មែរក្រហម
- 2016-11-01 20:42:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីម្ចាស់ផ្ទះបុរាណអាយុជិត១០០ឆ្នាំ ព្រាត់ប្រាសកូន និង ប្ដី ព្រោះខ្មែរក្រហម
ចន្លោះមិនឃើញ
ម្ចាស់ផ្ទះបុរាណអាយុកាលជិត១០០ឆ្នាំ បានព្រាត់ប្រាសកូនៗ និង ស្វាមី ដោយសារខ្មែរក្រហម ថ្វីបើមិនដឹងស្លាប់ ឬរស់ ប៉ុន្តែ អ្នកស្រី ប៊ុន រឿង អាយុ ៧៦ឆ្នាំ បានចាត់ទុកថា "ស្លាប់"។ ជាង ៣០ ឆ្នាំមកហើយដែលកូន ៤ នាក់បានបាត់ខ្លួននៅសម័យខ្មែរក្រហម និង ស្វាមីបានចុះចេញពីផ្ទះ ធ្វើឲ្យអ្នកស្រីអស់ក្ដីសង្ឃឹមថា នឹងបានជួបគ្នាវិញ។
ហេតុផលនៃការព្រាត់ប្រាសកូន គឺផ្ដើមពីកូនទាំង ៤ បានទៅលេងម្ដាយមីងនៅឯភ្នំពេញ គឺមុនកន្លះខែនៃថ្ងៃទី ១៧ មេសា ១៩៧៥ មកដល់។ ការទៅលេងភ្នំពេញដើម្បីចូលរួមពិធីបុណ្យមួយរបស់ម្ដាយមីងពួកគេ នៃពិធីបុណ្យរាប់បាត១០០ អង្គ។ "ស្រុកទេសយើងសង្គ្រាមខ្លាំងទៅ ខ្ញុំមិនអាចទៅភ្នំពេញបានដាច់ផ្លូវកូនខ្ញុំ ម្ដាយខ្ញុំ កូនប្រុស ៣នាក់ ត្រូវជម្លៀសចេញពីភ្នំពេញបាត់ដំណឹងទល់ឥឡូវខ្ញុំសន្មតថា "ស្លាប់"។ នេះជាការរៀបរាប់របស់អ្នកស្រី ប៊ុន រឿង។
អ្នកស្រី ប៊ុន រឿង អាយុ
ម្ចាស់ផ្ទះបុរាណ ដែលស្ថិតនៅក្នុងគម្រោងអភិរក្សផ្ទះបុរាណ នៅភូមិវត្តគោ សង្កាត់វត្តគោ ក្រុងបាត់ដំបង បានសម្ដែងក្ដីអស់សង្ឃឹមថា "ខ្ញុំលែងមានក្ដីសង្ឃឹមថានឹងជួបហើយ បើសិនជាកូនខ្ញុំនៅរស់គឺនឹងត្រឡប់មករកខ្ញុំហើយ។ ព្រោះពេលបែកនឹងកូនទី ១ អាយុ ១២ ឆ្នាំ កូនទី២ អាយុ ១០ ឆ្នាំ កូនទី៣ អាយុ៨ឆ្នាំ និង កូនទី ៤ អាយុ៥ឆ្នាំ។ ដូច្នេះ បើពួកគេនៅរស់វាមករកស្រុកកំណើតហើយ"។
បន្ទាប់ពីរបបសាធារណរដ្ឋដួលរលំ ជំនួសដោយរបបកម្ពុជាប្រជាធិបតេយ្យ អ្នកស្រី ប៊ុនរឿង និងស្វាមី ត្រូវជម្លៀសទៅម្ដុំភ្នំសំពៅ។ "ខ្មែរក្រហមបណ្ដេញពួកយើងឲ្យចេញពីលើផ្ទះ ហើយខ្ញុំដើរទៅនៅម្ដុំភ្នំសំពៅ ហើយខ្ញុំបានសុំគេចូលជាក្រុម"។
អ្នកស្រី ប៊ុនរឿង ដែលរៀនចប់ត្រឹមថ្នាក់ឌីប្លូមចាស់ បានរំលឹកទៀតថា នៅពេលជិតបែកខ្មែរក្រហមបានឲ្យជួយលើកទំនប់អាងទឹកកំពីងពួយ។ "ខ្ញុំមិនដឹងថា មានមនុស្សស្លាប់ទេ ត្រឹមតែដឹងថា ធ្វើការធ្ងន់ តែក្រោយមកបានដឹងថា មានមនុស្សស្លាប់ច្រើននៅពេលធ្វើអាងទឹកនេះ"។
និយាយអំពីការព្រាត់ប្រាសស្វាមីវិញ គឺក្រោយថ្ងៃរំដោះភ្លាម ក្នុងរយៈពេល ១២ ម៉ោង អ្នកស្រី ប៊ុនរឿង បានវិលមកចាប់ផ្ទះចាស់វិញ ហើយនៅពេលនោះមានប្រជាជនមួយចំនួនបានមកសុំស្នាក់នៅ ក្នុងនោះមានស្ត្រីមេម៉ាយពីរនាក់ផងដែរ។ តែនៅមិនបានប៉ុន្មាន ស្វាមីបានទៅជាមួយស្រ្តីមេម៉ាយនោះបាត់ដំណឹងទៅ។ "ចិត្តនៃការខឹង អ្នកណាសួរខ្ញុំ ខ្ញុំថា ស្លាប់ហើយ"។
ការព្រាត់ប្រាស់នៃគ្រួសារនេះ អ្នកស្រី ប៊ុនរឿង បានទម្លាក់កំហុសទាំងស្រុង ទៅលើរបបកម្ពុជាប្រជាធិបតេយ្យ។ "បើមិនមែនខ្មែរក្រហមក៏ខ្ញុំមិនបែកបាក់គ្រួសារដែរ"។
ទោះបីយ៉ាងណាក៏ដោយ អ្នកស្រី ប៊ុនរឿង អតីតគ្រូបង្រៀន សព្វថ្ងៃមិនបានយកស្វាមីអ្វីនោះទេ ដោយរស់នៅតែម្នាក់ឯងក្នុងផ្ទះបុរាណអាយុកាលជិត ១០០ ឆ្នាំ។ "ខ្ញុំសប្បាយចិត្តណាស់បានមកនៅលើផ្ទះបុរាណ ដែលជាកេរមរតកដូនតា បីជំនាន់មកហើយ"។
ចង់ដឹងពីប្រវត្តិផ្ទះបុរាណ ចុចអាន ព័ត៌មាននៅត្រង់នេះ៖ ផ្ទះអាយុជិត១០០ឆ្នាំ
អត្ថបទ៖ ប៊ិន ប៊ុណ្ណា