ផ្ទះបុរាណអាយុកាលជិត១០០ឆ្នាំក្នុងខេត្តបាត់ដំបង ទាញការអារម្មណ៍ជនជាតិបារាំង
- 2016-10-27 15:44:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទះបុរាណអាយុកាលជិត១០០ឆ្នាំក្នុងខេត្តបាត់ដំបង ទាញការអារម្មណ៍ជនជាតិបារាំង
ចន្លោះមិនឃើញ
ផ្ទះបុរាណអាយុកាលជិត ១០០ ឆ្នាំ នៅក្នុងខេត្តបាត់ដំបង ដែលមានម្ចាស់ផ្ទះឈ្មោះ ប៊ុន រឿង អាយុ ៧៦ ឆ្នាំ បានឲ្យដឹងថា ផ្ទះបុរាណមួយនេះ មានភ្ញៀវទេសចរណ៍ចូលច្រើនទាំងភ្ញៀវជាតិ និង អន្តរជាតិ ក្នុងនោះភ្ញៀវដែលមកច្រើនជាងគេ គឺជនជាតិបារាំង។
ហេតុអ្វីបានជាជនជាតិបារាំងមកទស្សនាផ្ទះបុរាណច្រើនជាងគេ? ឆ្លើយតបនឹងសំណួរលោកយាយ ប៊ុន រឿង បានរៀបរាប់ថា ប្រទេសកម្ពុជាធ្លាប់ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ដូច្នេះហើយជនជាតិបារាំងចង់មើលផ្ទះបុរាណអាយុកាលជិត ១០០ ឆ្នាំ នេះថា តើរហូតមកទល់នឹងពេលនេះ នៅមានរបស់សេសសល់របស់ពួកគេដែរឬទេ?
“ពេលភ្ញៀវបារាំងមកខ្ញុំទទួលដោយខ្លួនឯង តែបើអង់គ្លេសខ្ញុំអត់ចេះមួយម៉ាត់ទេ ប៉ុន្តែភ្ញៀវបរទេសមកឲ្យឡើងទៅលើផ្ទះ គឺមានបិតផ្សាយជាប្រវត្តិផ្ទះជាភាសាអង់គ្លេស។ ប៉ុន្តែមកដល់ឆ្នាំ ២០១៥ ខ្ញុំចាប់ផ្ដើមឈឺជង្គង់ពិបាកឡើងចុះ ខ្ញុំហៅប្អូនស្រី និង ក្មួយស្រី ក្មួយប្រុសមកជួយណែនាំភ្ញៀវ"។ លោកយាយ ប៊ុន រឿង ។
ចង់ដឹងព័ត៌មានលម្អិត សូមចុចទស្សនាវីដេអូខាងក្រោមនេះ៖
ផ្ទះបុរាណរបស់លោកយាយ ប៊ុនរឿង គឺស្តិតនៅក្នុងគម្រោងមួយដែររបស់ក្រសួងទេសចរណ៍ ដែលបានដាក់តំបន់នេះទៅជាសហគមន៍អភិរក្សទេសចរណ៍ផ្ទះបុរាណ ដែលមានទីតាំងស្ថិតនៅភូមិវត្តគោ សង្កាត់វត្តគោ ក្រុងបាត់ដំបង ដែលបានចាប់ផ្ដើមគម្រោងតាំងពីឆ្នាំ ២០០៦មក។
ប្រវត្តិផ្ទះបុរាណ
ផ្ទះនេះកសាងឡើងនៅក្នុងឆ្នាំ ១៩២០ ក្នុងរជ្ជកាល ព្រះបាទ ស៊ីសុវត្ថិ សាងសង់ដោយ លោក ឧកញ៉ា នូ ពិនិត្យ ភីង និង ភរិយា លោកស្រី យិន។ លោកឧកញ៉ាជាមេទ័ពតែលុះដល់វ័យចំណាយបន្តិចគាត់បានប្ដូរមកធ្វើជាស្មាក្ដីវិញ។ លោកទាំងពីរមាន កូន ៧នាក់ ប្រុស ១ ស្រី ៦នាក់។ ក្រោយពីលោកទទួលអនិច្ចកម្មទៅផ្ទះនេះ ត្រូវបានគ្រប់គ្រងដោយកូនស្រីទី ៦ គឺអ្នកស្រី នូភុន ព្រមទាំងស្វាមីឈ្មោះ ប៊ុន ឈូយ លោកទាំងពីរជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ។ ដូច្នេះផ្ទះបុរាណនេះមានអ្នកគ្រប់គ្រងថែរក្សាបីជំនានន់មកហើយ។
ផ្ទះនេះមានបណ្ដោយ ២៩ ម៉ែត្រ និង ទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី ៥៤៥០ម៉ែត្រការ៉េ។ សង់តាមលំនាំម៉ូត ប៉ិត មានន័យថា មានហោណាំង (រានហាល) នៅ ខាងមុខ។ ផ្ទះនេះមានជណ្ដើរពីរ ខាងមុខធ្វើពីថ្ម រីឯខាងក្រោយធ្វើពីឈើ។ ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងគ្មានពិតានទេ នឹងមានក្បូរក្បាច់យ៉ាងប្រណីតនៅលើព្រំផ្ទះ។ ឈើផ្នែកខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាលធ្វើពីឈើកកោះ។ ចំណែកជញ្ជាំងវិញធ្វើអំពីឫស្សីត្បាញបូកជាមួយបាយអ។ សសរ ទាំង ៣៦ សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតមកដល់បច្ចុប្បន្ននេះ។
ផ្ទះបុរាណនេះចែកជាបីផ្នែក៖
ទី១. រានហាលខាងមុខ និងចំហៀង ទី២. នៅ ចំកណ្ដាលផ្ទះមានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ នៅខាងឆ្វេងដៃផ្នែកខាងក្រោយនៃបន្ទប់ទទួលភ្ញៀវមានទ្វារមួយនាំទៅកាន់បន្ទប់គេងពីរ។ ទី៣. ទល់មុខបន្ទប់គេងទាំងពីរមានទ្វារមួយទៀតនាំទៅកាន់រានហាលចំហៀង និង ជណ្ដើរដែលធ្វើពីឈើ។ ចេញពីទ្វារនោះនៅខាងឆ្វេងដៃប្រហែលជា ៥ម៉ែត្រ មានផ្ទះបាយមួយទៀត។
នៅជំនាន់ខ្មែរក្រហមផ្ទះនេះត្រូវបានយកទៅធ្វើជាកន្លែងបោកស្រូវ ដាក់សម្ភារៈធ្ងន់ និង ធ្វើជាផ្ទះបាយរួម ដែលធ្វើឲ្យខូចខាតនៅផ្នែកខាងក្រោយនៃផ្ទះបាយ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា