វិធី​សាស្ត្រ​ធ្វើ​​ឯក​​ឲ្យ​មាន​​សំឡេង​ពីរោះ​

  • 2016-11-07 21:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​គឺ​ជា​ឧបករណ៍​មួយ​សម្រាប់​​​ដាក់​ភ្ជាប់​លើ​ក្បាល​របស់​ខ្លែង​ឯក​​ ហើយ​ពេល​​ដែល​​​ខ្លែង​កំពុង​ហើរ​ វា​នឹង​​​​បញ្ចេញ​សំឡេង​​យ៉ាង​ពីរោះ​រណ្ដំ​​នៅ​លើ​អាកាស​​ដោយ​សារ​​ការ​បោក​ប៉ះ​នឹង​កម្លាំង​ខ្យល់​។ ឯក​គឺ​ជា​បេះ​ដូង​នៃ​ខ្លែង​ឯក​ទាំង​មូល​ ហើយ​ក៏​ជា​ឧបករណ៍​ដែល​​​ពិបាក​ធ្វើ​ជាង​គេ​ ក្នុង​ចំណោម​តួ​នា​នា​នៃ​ខ្លែង​ឯក​ខ្មែរ​។​ ​ខាង​ក្រោម​នេះ​ជា​បច្ចេកទេស​​មួយ​ចំនួន​ ដែល​បាន​លើក​ឡើង​​ដោយ​លោក​​ រឿង​ សារ៉េត​ អនុ​ប្រធាន​ នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌​​ ក្នុង​ការ​​​​​ធ្វើ​អោយ​ឯក​​មាន​សំឡេង​ពីរោះ។

 

 

១-​ តម្រូវ​​តាម​ទំហំ​ខ្លែង​ ជា​ធម្មតា​ បើ​ខ្លែង​ឯក​​មាន​ស្លាប​​​២​​ម៉ែត្រ​ គឺ​​ត្រូវ​ធ្វើ​ឧបករណ៍​ឯក​នេះ​ មាន​ប្រវែង​​ប្រមាណ​២​ម៉ែត្រ​​លើស​បន្តិច​​បន្តួច។​

 

២​- អត់​ធ្មត់​ និង​ ស្ងៀម​ស្ងាត់​

ជា​ការ​ពិត​ណាស់​​ ដើម្បី​បិត​​​ដង​ឯក​ និង​អណ្ដាត​ឯក​​​ឲ្យ​​ស្ដើង​ល្អ​​បាន ​គេ​ត្រូវ​មាន​ភាព​អំណត់​ព្យាយាម​ ​សមាធិ​ផង​ដែរ​ ​​ដើម្បី​អាច​​សម្រេច​កិច្ច​ការ​ងារ​នេះ​បាន​ ព្រោះ​ថា​បើ​បិត​លំអៀង​តែ​បន្តិច​ គឺ​ច្បាស់​ជា​ធ្វើ​​ឲ្យ​​ឯក​ប្ដូរ​សំឡេង​មិន​ខាន​។​​​​​​​​

 

 

៣​- ជ្រើស​រើស​ឫស្សី​សម្រាប់​ដង​ឯក​​​

ចំពោះ​ឫស្សី​ ដែល​ ត្រូវ​យក​មក​ធ្វើ​​ជា​ដង​ឯក​​ គឺ​វា​​ជា​ប្រភេទ​ឫស្សី​ស្រុក ឫស្សី​ពីង​ពុង​ ឬ​ តំបន់​ខ្លះ​គេ​យក​ដើម​ត្រាំង​មក​ធ្វើ​​ក៏​បាន​។​ ​អ្វី​ដែល​ល្អ​ជាង​គេ​គឺ​ឫស្សី​ស្រុក​មាន​ដើម​ត្រង់​ល្អ​ ​មាន​សាច់​ក្រាស់​និង​ចាស់​ល្អ​ ព្រោះ​វា​មាន​លក្ខណៈ​រលាស់​ល្អ​​​ជាង​ឈើ​ដទៃ​។​ ពេល​កាប់​បាន​ហើយ​ គេ​ត្រូវ​យក​វា​មក​ដាំ​ទឹក​ រួច​ហាល​ថ្ងៃ​ប្រមាណ​មួយ​ខែ​ ទៅ​​មួយ​ខែ​កន្លះ​​ដើម្បី​កុំ​អោយ​​ខ្មូត​ស៊ី​។

 

៤​- ជ្រើស​រើស​ផ្ដៅ​សម្រាប់ ​អណ្ដាត​ឯក​​

ផ្ដៅ​ដែល​យក​មក​ប្រើ​សម្រាប់​អណ្ដាត​ឯក​ គឺ​ត្រូវ​​តែ​​មាន​ដើម​ត្រង់​ ​មាន​សាច់​ម៉ត់​ល្អ​ និង​ ខ្លឹម​ទៀត​ផង​​។​

 

៥​- អណ្ដាត​ឯក​

ប្រសិន​បើ​ខ្លែង​តូច​ គេ​អាច​ធ្វើ​អណ្ដាត​ឯក​ពី​ស្លឹក​ត្នោត​ ហើយ​បើ​ខ្លែង​ធំ​វិញ​ គឺ​គេ​​ធ្វើ​ពី​ផ្ដៅ​។ ចំណែក​ខ្លែង​ធំ​ៗ​បំផុត​​ គេ​ក៏​អាច​យក​ឫស្សី​មក​ធ្វើ​ផង​​ដែរ​។ ​​អណ្ដាត​ឯក​នេះ​គឺ​​មាន​លក្ខណៈ​ស្ដើង​ បំផុត​ ហើយ​​ចំណុច​ពក​នៅ​ចុង​សង​ខាង​នៃ​អណ្ដាត​នេះ​ គេ​ហៅ​ថា​ "បូ" សម្រាប់​​ដាក់​ថែម​ថយ​ ​ក្រមួន​​ពេល​ថ្លឹង​អណ្ដាត​ឯក​។​​​

​​​​​​​

 

៦​- ជ្រើស​រើស​ខ្សែ​ឯក (សាយ)​ ខ្សែ​ឯក​គឺ​ជា​ខ្សែ​ដែល​ចង​ភ្ជាប់​អណ្ដាត​ឯក​​​ទៅ​នឹង​ដង​ឯក​សម្រាប់​​ឲ្យ​វា​​មាន​ចលនា​វិល​ទៅ​មក​ពេល​ខ្យល់​បក់​ហើយ​ខ្សែ​មួយ​នេះ​គេ​អោយ​ឈ្មោះ​ថា​ "សាយ​"។​​ ខ្សែ​​ឯក​ដែល​យក​មក​ចង​ អាច​ជា​ខ្សែ​នីឡុង​ក៏​បាន​ ឬ​ ខ្សែ​សូត្រ​ដែល​ត្របាញ់​​ពី​សរសៃ​នៃ​ស្លឹក​ម្នាស់​ក៏​បាន​។​

 

៧- សាក​ល្បង​គ្រវី បន្ទាប់​ពី​ធ្វើ​ឯក​រួច​រាល់​ហើយ​ ជា​ចាំ​បាច់​គេ​ត្រូវ​ធ្វើ​ការ​គ្រវី​សាក​ល្បង​ ដើម្បី​​ឲ្យ​ដឹង​ពី​សំឡេង​របស់​ឯក​ដែល​ទើប​ធ្វើ​រួច​។​​ ​ប្រសិន​បើ​សំឡេង​មិន​ទាន់​ល្អ​ គេ​ត្រូវ​ថែម​ថយ​ដោយ​​បិត​​ក្រមួន​ ទៅ​លើ​បូ​ គឺ​ធ្វើ​យ៉ាង​ណា​រហូត​ទាល់​តែ​ឯក​មាន​សំឡេង​ពីរោះ​។​

 

លោក​បន្ថែម​ថា​ ខ្លែង​ឯក​ខ្មែរ​ដែល​ល្អ​បំផុត​គឺ​អាច​មាន​សំឡេង​ដល់​ទៅ​៦ ឬ​​ ៧​បែប​ឯណោះ​​នៅ​ពេល​បង្ហោះ​ឡើង​លើ​អាកាស​​​។ ប៉ុន្តែ​សម្រាប់​ការ​​​​​គ្រវី​នៅ​ផ្ទាល់​ដី​វិញ​គឺ​​វា​មាន​ត្រឹម​តែ​​៣ ឬ​ ៤​ សំឡេង​ប៉ុណ្ណោះ៕

 

  អត្ថបទ៖​ ចន្ថា​​​​​
អត្ថបទពេញនិយម