វឌ្ឍនាកា​ និង បែ មករា ​នឹង​​មក​កម្ពុជា​វិញ​​រសៀល​ថ្ងៃ​នេះ​

  • 2016-11-08 03:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទៅ​ហ្វឹកហាត់​ និង​ពិភាក្សា​ការងារ​មួយ​ចំនួន​នៅ​ក្លឹប​ Fujieda MYFC មួយ​រយៈ​ពេល​ខ្លី​មក​ អ្នក​ចាត់​ការ​ទូទៅ​ក្លឹប​បឹងកេត​អង្គរ​ បែ​ ​មករា​​ និង​កីឡាករ​ ចាន់ វឌ្ឍនាកា​ ត្រូវ​វិល​ត្រឡប់​មក​ស្រុក​កំណើត​​ថ្ងៃ​នេះ​​វេលា​ម៉ោង​៣:៤៥​នាទី​។

​លោក​ បែ មករា បាន​ឲ្យ​ដឹង​ពី​ដំណើរ​ទស្សន​កិច្ច​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ជា​មួយ​ក្លឹប​ Fujiedaថា ការងារ​ដែល​លោក​បាន​ពិភាក្សា​ជា​មួយ​ក្លឹប​នៅ​ជប៉ុន​នេះ​មាន​​ដូច​ជា​ ការ​បង្កើត​សាលា​បាល់ទាត់​ថ្នាល​រួម​គ្នា​ ​ការ​ដោះ​ដូរ​កីឡាករ​ទៅ​វិញ​ទៅ​​​មក​ និង​​គ្រោង​​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ទាំង​ពីរ។

​លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ការ​ហ្វឹកហាត់​​របស់​ ចាន់ វឌ្ឍនាកា​នៅ​ទី​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​​គ្រូ​បង្វឹក​ក្លឹប​ Fujieda ហើយ​ក្លឹប​ជប៉ុន​នេះ​ក៏​ចង់​បាន​​កីឡាករ​កម្ពុជា​រូប​នេះ​​ក្នុង​លក្ខណៈ​ខ្ចី​ជើង​ដើម្បី​ជួយ​ក្លឹប​នៅ​រដូវ​កាល​២០១៧។

ចំណែក​ព័ត៌មាន​ដែល​លើក​ឡើង​​ថា​ ក្លឹប​ Fujieda ចង់​ជួយ​ជ្រោមជ្រែង​ ចាន់ វឌ្ឍនាកា​ឲ្យ​បាន​លេង​នៅ​លីគ​ជប៉ុន​នោះ​ ត្រូវ​បាន​អ្នក​ចាត់​ការ​ទូទៅ​របស់​បឹងកេត​អង្គរ​បញ្ជាក់​ថា​ តាម​ពិត​ប្រធាន​ក្លឹប​ Fujieda ​ពេល​ញុំា​អាហារ​ជុំ​គ្នា​​​​បាន​និយាយ​​លេង​​ជា​មួយ​ ចាន់​ វឌ្ឍនាកា​​ថា​ មក​លេង​នៅ​ទី​នេះ​ទៅ​ ហើយ​បើ​លេង​បាន​ល្អ​ លោក​នឹង​ជួយ​ឲ្យ​​បាន​លេង​នៅ​លីគ​ជប៉ុន។ នេះ​គ្រាន់​តែ​ជា​ការ​និយាយ​លេង​​តែ​ប៉ុណ្ណោះ។

សម្រាប់​ដំណើរ​ការ​ទៅ​​ហ្វឹកហាត់​នៅ​ជប៉ុន​របស់ ចាន់ វឌ្ឍនាកា​ ប្រៀប​ដូច​ជា​ទៅ​ធ្វើ​តេស្ត​ដូច្នោះ​ដែរ​ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​​អ្នក​គាំទ្រ​នៅ​កម្ពុជា​ ហើយ​បណ្តាញ​សារព័ត៌មាន​ផ្សេង​ៗ​នៅ​អាស៊ី​ក៏​បាន​ចុះ​ផ្សាយ​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី