ថៃ​ប៉ង​ចង់​បាន​ប្រាសាទ​ដំរី​ទ្រោម​ច្រើន​ដង​ តែ​មិន​បាន​សម្រេច

  • 2016-11-08 07:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ​បាន​ប៉ុនប៉ង​គាស់រំលើង​ថ្មភ្នំ​រូបរាង​ដូច​ដំរី​លុតក្រាប​ឲ្យ​ស្ដេច​គង់​លើ​ខ្នង តែ​បារមី​ដំរី​ទ្រោម​ធ្វើ​ឲ្យ​ថៃ​មិន​អាច​យក​ទៅ​បាន ស្រប​ពេល​ដែល​កងទ័ព​ខ្មែរ​វាយ​បណ្ដេញ​ចេញ​កាល​ពី​អំឡុង​ឆ្នាំ ២០១១ កន្លងទៅ។ នេះ​ជា​ការ​លើកឡើង​របស់​អនុសេនីយ៍​ត្រី ថន ប៊ុនធឿន កង​អនុសេនាធំ​វិស្វកម្ម​កង​ពល​តូច​លេខ ៤២ ប្រចាំ​ប្រាសាទ​តាមាន់ ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ។

*ថ្មភ្នំរូបរាងដូចដំរីទ្រោម ដែល​ថៃ​ចង់​បាន​*

ក្រោយ​ពី​សមាហរណកម្ម​ឆ្នាំ ១៩៩៧ ហើយ​កងទ័ព​ខ្មែរ​ក្រហម​បាន​ចុះ​ពី​លើ​ប្រាសាទ​តាមាន់​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក នៅ​អំឡុង​ឆ្នាំ ១៩៩៩ ហើយ​គ្រានោះ​ថៃ​បាន​ឆ្លៀត​មក​លើ​ប្រាសាទ​នេះ​ហើយ​បាន​ប៉ុនប៉ង​ដាប់​យក​ថ្មភ្នំ រូបរាង​ដូច​ដំរី​ទ្រោម ប៉ុន្តែ​មិន​បាន​សម្រេច ហើយ​កងទ័ព​រាជរដ្ឋាភិបាល​បាន​វាយ​រុញច្រាន​ថៃ​នៅ​អំឡុង​ឆ្នាំ ២០១១។ លោក អនុសេនីយ៍ត្រី ថន ប៊ុនថឿន លើកឡើង​បន្ថែម។

*កងទ័ព​ប្រចាំ​នៅ​ប្រាសាទ​តាមាន់​

បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា-ថៃ រួច​មក សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព វង្ស សម្ដេច​ព្រះ​មហាសង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​គ្រូ​អគ្គបណ្ឌិត ប៊ុត សាវង្ស​ និង ឧបាសក​ ហែម សុខមាន បាន​សម្រេច​កសាង​វិហារ​រួមគ្នា​មួយ​សម្រាប់​ឧទ្ទិស​ដល់​បារមី​ដំរី​ទ្រោម បច្ចុប្បន្ន​ហៅ​ថា ប្រាសាទ​ដំរី​ទ្រោម។

អនុសេនីយ៍ត្រី ថន ប៊ុនថឿន មាន​ប្រសាសន៍​ប្រាប់​​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក" ថា ទាំង​ពុទ្ធបរិស័ទ ក៏ដូចជា​កងទ័ព​ឈរ​ជើង​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​នេះ តែងតែ​មាន​ជំនឿ​លើ​ប្រាសាទ​ដំរីទ្រោម ព្រោះ​ការ​បន់ស្រន់​រមែង​បាន​ជោគជ័យ។ "កង​ទ័ព​បន់ស្រន់​កុំ​ឲ្យ​ការ​ពើប​ប្រយុទ្ធ​រង​គ្រាប់​ថៃ គឺ​សម្រេច​ដូច​បំណង​ ហើយ​បញ្ចៀស​ការ​ស្លាប់​ផង និង​ឈ្នះ​អស់​មារ​សត្រូវ​ផង។ បារមី​ដំរី​ទ្រោម​ខ្លាំង​ទើប​គ្រប់​គ្នា​ជឿ ហើយ​ថៃ​ក៏​ចង់​បាន​ដំរី​ទ្រោម​នេះ​ដែរ"៕

*ច្រក​ចូល​ទៅ​កាន់​ប្រាសាទ​ដំរីទ្រោម ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២០០ម៉ែត្រ*

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី