សំបុត្រ​យន្តហោះ​ទៅ​កាណាដា មិន​ត្រលប់​វិញ កើន​អ្នក​រក​ទិញ ១០០០​ភាគរយ ក្រោយ ដូណាល់ ត្រាំ ឈ្នះ​ឆ្នោត

  • 2016-11-10 07:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ដែល បេក្ខភាព​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ឆ្នោត កាល​ពី​ម្សិលមិញ​មក ពលរដ្ឋ​អាមេរិក​ជា​ច្រើន នាំ​គ្នា​ដុត​ដៃ​ដុត​ជើង ស្វែង​រក​ផ្លូវ​ចេញ​ពី​ប្រទេស។

បើ​យោង​តាម​គេហទំព័រ ទីភ្នាក់ងារ​ទេសចរណ៍​អនឡាញ Cheapflights.com បាន​ឲ្យ​ដឹង​ថា ការ​ស្វែងរក​សំបុត្រ​យន្តហោះ ទៅ​កាណាដា មិន​ត្រលប់​វិញ បាន​កើន​ឡើង​ដល់​កម្រិត​មួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

គិត​ត្រឹម​ម៉ោង ៦ល្ងាច ថ្ងៃ​អង្គារ ទី​០៨ (ថ្ងៃ​បោះឆ្នោត​នៅ​អាមេរិក) ការ​សាកសួរ​រក​ជើង​ហោះហើរ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាណាដា បាន​កើន​ឡើង ១៣៣​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង រយៈ​ពេល ៤​ម៉ោង​មុន ក្នុង​ថ្ងៃ​នោះ។

ជា​មួយ​គ្នា​នេះ នៅ​ចន្លោះ​ពី​ម៉ោង ៦ល្ងាច និង កណ្ដាល​អធ្រាត្រ ខណៈ​លទ្ធផល​កាន់​តែ​ច្បាស់​ថា លោក ដូណាល់ ត្រាំ នឹង​ទទួល​បាន​ជ័យជំនះ ចំនួន​អ្នក​សួរ​រក​បាន​កើន​ឡើង រហូត​ដល់​ទៅ ៩០០​ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​ធម្មតា។

មិន​តែ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ទទួល​ជ័យជម្នះ ការ​ស្វែង​រក​ជើង​ហោះហើរ ទៅ​កាណាដា ដោយ​មិន​ត្រលប់​មក​វិញ បាន​កើន​ឡើង ដល់ ១ ០០០​ភាគរយ នៅ​ចន្លោះ​កណ្ដាល​អធ្រាត្រ និង ម៉ោង ៨​ព្រឹក (ថ្ងៃ​បន្ទាប់ នៅ​អាមេរិក) បើ​ប្រៀប​ធៀប​ទៅ​នឹង កំណត់ត្រា​នៃ​កម្រិត​ស្វែង​រក ក្នុង​អំឡុង​ពេល​ដូច​គ្នា រយៈ​ពេល​៤​សប្តាហ៍ កន្លង​មក​នេះ។

លើស​ពី​នេះ​ទៅ​ទៀត ការ​ស្វែង​រក​ជើង​ហោះហើរ ឆ្ពោះ​ទៅ​កាន់ ប្រទេស​ជប៉ុន ចក្រភពអង់គ្លេស នូវែលហ្សេឡង់ អាហ្វ្រិកខាងត្បូង និង អាល្លឺម៉ង់ ក៏​បាន​កើន​ឡើង​យ៉ាង​ហោច​ណាស់ ៥០០ ភាគរយ ផង​ដែរ កាល​ពី​ថ្ងៃ​អង្គារ៕

ចុចអាន៖ ពលរដ្ឋ​អាមេរិក ប្រុង​ចេញ​ទៅ​កាណាដា ខណៈ ដូណាល់ ត្រាំ នាំ​មុខ លើ​លទ្ធផល​បោះឆ្នោត

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី