បុណ្យ​អុំ​ទូក​បី​ថ្ងៃ អ្នក​ជួល​ពោង​ហែល​ទឹក​នៅ​បឹង​ត្នោត​ទេ រក​ចំណូល​បាន​រាប់​ម៉ឺន

  • 2016-11-17 02:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​រាប់​ពាន់​នាក់​បាន​សម្រុក​ទៅ​លេង​នៅ​បឹង​ត្នោត​ទេ ក្នុង​អំឡុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​រយៈ​ពេល​បី​ថ្ងៃ​នេះ ធ្វើ​អោយ​អ្នក​មាន​អាជីព​ជួល​ពោង​ហែល​ទឹក​មាន​ឧកាស​រក​ចំណូល​បាន​ក្រាស់​ក្រែល។ បឹង​ដែល​សំបូរ​ទឹក​ជន់​តែ​នៅ​រដូវ​វស្សា​នេះ មាន​ទីតាំង​នៅ​ភូមិ​ត្នោតទេ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

អ្នក​ស្រី យឿន អ្នក​ប្រកប​របរ​ជួល​ពោង​សម្រាប់​ជិះ​កម្សាន្ត​បាន​ប្រាប់ Sabayថា​គាត់​មាន​ពោង(ពោះវៀនឡាន)ជិត២០ សម្រាប់​ដាក់​ជួល​អោយ​ភ្ញៀវ​ជិះ​ហែល​ទឹក​លេង។ពោង១ តម្លៃ១០០០៛ ទៅ១៥០០៛ តាម​តូច​ឬ​ធំ ហើយ​ក្នុង ១ថ្ងៃ​គាត់​អាច​រក​ចំណូល​បាន​ពី ៨ម៉ឺនទៅ ១៥ម៉ឺន​រៀល។

ចំណែកអ្នកស្រី ទិត សាត មាន​ទី​លំនៅ​ក្នុង​ភូមិ​ជាមួយ​អ្នក​ស្រី យឿន ដែរ​នោះ បាន​ប្រាប់​ថា​គាត់​បាន​រក​ស៊ី​មុខ​របរ​នេះ ៣ឆ្នាំហើយ។ដោយ​ពោង​ចំនួន ១៥ ដាក់​ដំណើរ​ការ​មុន​បុណ្យ​អ។ទូក ១ថ្ងៃ ហើយ​ទទួល​បាន​ចំណូល​ជា​មធ្យម​មិន​តិច​ជាង ១០ម៉ឺន​រៀល​ទេ​ក្នុង ១ថ្ងៃ។ “ប៉ុន្តែ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ក៏​មាន​ភ្ញៀវ​មក​ហែល​ទឹក​លេង​ច្រើន​គួរសម​ដែរ ភាគ​ច្រើន​ជា​សិស្ស​សាលា​មក​ពី​ឆ្ងាយៗ”។ អ្នក​ស្រី សាត និយាយ។

បឹង​ត្នោត​ទេ​នេះ មនុស្ស​ជា​ច្រើន​ចូលចិត្ត​មក​ហែល​ទឹក​កម្សាន្ត​និង​ឈរ​ស្តាប់​ទឹកហូរ​ដ៏​រងំ​កាត់​ស្ពាន​ប្រវែង​ជាង ១០០ម៉ែត្រ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ទី​លំហែ​ដ៏​ពេញ​និយម​នៅ​រដូវវស្សា​នេះ​ក្លាយ​ជា​កន្លែង​រៀប​ចំ​ពិធី​បុណ្យ​អុំទូក ​និង​បណ្ដែត​ប្រទីប​ដ៏​គួរ​អោយ​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​ក្នុង​ខេត្ត​ទាំង​មូល៕

អត្ថបទ៖ ជិន វេន

រូបភាព៖ ទូរសព្ទដៃ

អត្ថបទពេញនិយម