ត្រាច់ចរមកភ្នំពេញសុំព្រះវិហារស្នាក់នៅ តែឥឡូវក្លាយជាប្រធានក្រុមហ៊ុនទាំងវ័យក្មេង
- 2016-11-21 03:35:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាច់ចរមកភ្នំពេញសុំព្រះវិហារស្នាក់នៅ តែឥឡូវក្លាយជាប្រធានក្រុមហ៊ុនទាំងវ័យក្មេង
ចន្លោះមិនឃើញ
លោក ទេពកេន វណ្ណកន គឺជាសហគ្រិនវ័យក្មេងមួយរូប ដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនក្នុងជីវិត រាប់ទាំងគ្មានលុយបង់ថ្លៃសាលា និងស្នាក់អាស្រ័យនៅព្រះវិហារគ្រិស្ត រហូតក្លាយជាCEO នៃក្រុមហ៊ុនព័ត៌មានវិទ្យា CAMWP DEV។ តើលោកមានប្រវត្តិតស៊ូយ៉ាងណាខ្លះ មុនឈានដល់ការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ?
មានស្រុកកំណើតនៅខេត្តកំពង់ធំ លោក វណ្ណកន បានអោយដឹងថាដោយសារគ្រួសាររបស់លោកមានជីវភាពខ្វះខាតយ៉ាងខ្លាំង។ ឪពុកម្ដាយរបស់លោក បានផ្លាស់ទីលំនៅទៅកាន់ខេត្តសៀមរាប ដោយឪពុកលោកជាមន្ត្រីរាជការ ចំណែកម្ដាយគឺជាអាជីវករលក់ដូរ។ ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យភ្លាម លោកបានឡើងមកទីក្រុងភ្នំពេញជាមួយមិត្តភក្តិ៤ ទៅ ៥ នាក់ទៀតដើម្បីស្វែងរកមហាវិទ្យាល័យសិក្សាបន្ត។ លោកបានប្រាប់ថា កាលពីដំបូងលោកចង់រៀនផ្នែកសំណង់ស៊ីវិល ព្រោះមានបងប្អូន និងមិត្តភក្តិអោយយោបល់ថាមុខវិជ្ជានេះងាយស្រួលរកការងារធ្វើ ព្រមទាំងទទួលបានប្រាក់ខែខ្ពស់។
បន្ទាប់មក លោកក៏បានប្រឡងជាប់ក្នុងបញ្ជីចូលរៀនបង់ថ្លៃសិក្សាពេញ ប៉ុន្តែដោយសារជីវភាពគ្រួសារមិនសូវធូរធារ លោកក៏ស្វែងរកអាហារូបករណ៍សិក្សាជំនួសវិញ។ ចុងក្រោយ លោកបានជាប់អាហារូបករណ៍សិក្សានៅសកលវិទ្យាល័យកម្ពុជាផ្នែកព័ត៌មានវិទ្យា។ រីឯកន្លែងស្នាក់នៅវិញ លោករឹតតែគ្មានលុយជួលបន្ទប់នោះទេ។ លោកបានទៅសុំបន្ទប់តូចមួយរបស់វិហារគ្រិស្តមួយកន្លែង ដើម្បីស្នាក់នៅតាមការណែនាំរបស់មិត្តភក្តិលោក។
ងាកមកការសិក្សាវិញ លោកបានរៀបរាប់ថា លោកមានអារម្មណ៍ខកបំណងជាខ្លាំងដែលមិនបានរៀនមុខជំនាញដែលខ្លួនស្រលាញ់ ប៉ុន្តែក្រោយមកដោយសារមិត្តភក្តិរបស់លោកបាននាំលោកអោយស្គាល់ពី Internet និង Website ពេលនោះហើយដែលលោកចាប់ផ្ដើមចូលចិត្ត និងតស៊ូរៀនសូត្រដោយមិនបោះបង់ចោល។ លោកបានបញ្ជាក់ថាដោយសារលោកជាអតីតសិស្សពូកែគណិតវិទ្យាប្រចាំខេត្តមួយរូបស្រាប់ ដូចនេះលោកឆាប់ចាប់បានសម្រាប់ការរៀនជំនាញមួយនេះ។
មួយឆ្នាំក្រោយមកលោកបានសិក្សាបន្ថែមលើមហាវិទ្យាល័យមួយទៀតផ្នែក Network នៅឯមជ្ឈមណ្ឌលសហគ្រិនកម្ពុជាឥណ្ឌា ហើយបានឆ្លៀតពេលទំនេរបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ដើម្បីបានថវិកាខ្លះទប់ទល់ការចំណាយប្រចាំខែ។
ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០១២ លោក ទេពកេន វណ្ណកន បានចូលបម្រើការងារអោយក្រុមហ៊ុនធំៗ ក្នុងនាមជាWeb Developer ជាបន្តបន្ទាប់រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៦ ទើបលោកសម្រេចចិត្តបើកក្រុមហ៊ុនផ្នែកវេបសាយ និង ព័ត៌មានវិទ្យាមួយដោយខ្លួនឯង។ មូលហេតុគឺលោកចង់ធ្វើអ្វីមួយអោយបានសម្រេចដើម្បីជាស្នាដៃសម្រាប់ជីវិតរបស់ខ្លួន ម៉្យាងដោយសារលោកមានជំនាញការងារនេះច្បាស់លាស់ រួមផ្សំនឹងមានគេស្គាល់ច្រើនផងដែរ។ លើសពីនេះទៅទៀត លោកចង់បង្កើតការងារអោយសិស្សនិស្សិតក្រីក្រមួយចំនួនទៀតផង។
សព្វថ្ងៃ បុរសមានវ័យ ២៧ឆ្នាំរូបនេះបានលើកឡើងថា ថ្វីបើក្រុមហ៊ុនរបស់លោកទើបបើកដំណើរការបានរយៈពេលជាង៤ខែក៏ពិតមែន ប៉ុន្តែលោកបានទទួលគម្រោងពីអតិថិជនច្រើនឥតដាច់។លោកបានបន្តថា ការងារនេះក៏មិនមែនងាយស្រួលប៉ុន្មាននោះទេ ព្រោះពេលខ្លះត្រូវអត់ងងុយ និង ខំស្វែងរកដំណោះស្រាយក្នុងការធ្វើ Website ម៉្យាងលោកត្រូវគិតគូរសព្វគ្រប់សម្រាប់បុគ្គលិក និងសេវាកម្មយ៉ាងល្អសម្រាប់បម្រើអោយអតិថិជនរបស់ខ្លួន។
លោក ទេពកេន វណ្ណកន បានផ្ដល់ជាគំនិតថា អ្នកដែលចង់សម្រេចគោលដៅរបស់ខ្លួន ត្រូវហ៊ានតស៊ូពុះពាររាល់ឧបសគ្គ។ លោកបានបន្តថា មានគោលដៅ តែគ្មានសកម្មភាព មិនអាចជោគជ័យបានឡើយ។ លុះត្រាមានគោលដៅហើយ អនុវត្តឲ្យបានល្អ ហ៊ានប្រឈមភាពបរាជ័យ ទើបធ្វើឲ្យ គោលដៅនោះចេញជាលទ្ធផលផ្លែផ្កាបាន៕