កាត់សក់ គួររំលងមួយថ្ងៃនេះ ព្រោះអាចនាំឲ្យរលាយបាត់លាភសំណាង
- 2016-11-21 04:14:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាត់សក់ គួររំលងមួយថ្ងៃនេះ ព្រោះអាចនាំឲ្យរលាយបាត់លាភសំណាង
ចន្លោះមិនឃើញ
ការជ្រើសរើសថ្ងៃកាត់សក់ តាមជំនឿពីបុរាណ មានសារៈសំខាន់ណាស់ ព្រោះថ្ងៃនីមួយៗក្នុងមួយសប្ដាហ៍ សុទ្ធតែត្រូវបានចាស់ៗលោកសម្គាល់ទុក ថាតើថ្ងៃណាជាថ្ងៃដែលគួរកាត់សក់ និងថ្ងៃណាមិនគួរកាត់ ដើម្បីជាការលើករាសី ឬអាចនិយាយថា កាត់សក់ចំថ្ងៃល្អអាចនាំឲ្យមានលាភសំណាងផងដែរ។ តាមជំនឿ ការកាត់សក់មិនគួរធ្វើឡើងនៅថ្ងៃពុធឡើយ ព្រោះអាចនាំឲ្យរលាយបាត់លាភសំណាងដែលបម្រុងនឹងហូរចូល។
លោក តា សេក ដែលជាតាអាចារ្យស្នាក់នៅក្នុងវត្តមាត់ក្រសះ ស្ថិតនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានរៀបរាប់ពីការកាត់សក់ចំថ្ងៃនីមួយៗ ដែលមាននៅក្នុងគម្ពីឲ្យដឹងថា ចំពោះការកាត់សក់កាត់សក់ចំថ្ងៃអាទិត្យនឹងមានអាយុយឺនយូរ សុខភាពរឹងប៉ឹង មាំមួន ប្រាសចាកពីរោគាព្យាធិ បើកាត់សក់ចំថ្ងៃច័ន្ទ នឹងមានតែលាភសំណាង ចំណែកកាត់សក់ចំថ្ងៃអង្គារ នឹងមានតេជះ ឫទ្ធិអំណាច មានគេខ្លបខ្លាច។
លោក តា សេក បានរៀបរាប់បន្តថា សម្រាប់ការកាត់សក់ចំថ្ងៃពុធ មិនល្អទេ លាភសំណាងផ្សេងៗដែលបម្រុងនឹងហូរចូល នឹងរលាយបាត់ ហើយជំនួសមកវិញដោយសេចក្ដីទុក្ខមកដាក់ខ្លួន ចំពោះការកាត់សក់ចំថ្ងៃព្រហស្បត្តិ៍ នឹងមានទេវតា ព្រមទាំងវត្ថុស័ក្ដិសិទ្ធ តាមជួយថែរក្សា។
ដោយឡែក ការកាត់សក់ចំថ្ងៃសុក្រ នឹងមានមន្តស្នេហ៍ ដែលជាទីស្រឡាញ់នៃមនុស្សទាំងពួង តែបើកាត់សក់ចំថ្ងៃសៅរ៍ ប្រពៃបំផុត គិតអ្វីៗ ឬធ្វើកិច្ចការងារអ្វី នឹងបានសម្រេចតាមបំណងប្រថ្នា មានសិរីមង្គល សំណាងល្អ។
ចុះមនុស្សភាគច្រើន មានជំនឿលើការរើសថ្ងៃកាត់សក់ទេ?
ជាជាងកាត់សក់ ដែលមានប្រជាប្រិយភាពនៅក្នុងភូមិពាមតាអែក ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្តាល លោក សុង ហេង អាយុ៤៣ឆ្នាំ ដែលបានប្រកបរបរជាជាងកាត់សក់ជាង ១២ឆ្នាំមកហើយបាននិយាយថា កន្លងមកតាមដែលខ្ញុំកត់សម្គាល់ គឺមានភ្ញៀវមួយចំនួនមានការរើសថ្ងៃកាត់សក់ដែរ មិនតែប៉ុណ្ណោះមានភ្ញៀវខ្លះគាត់រើសទាំងម៉ោងទៀតផង បើខ្វះឫលើសម៉ោងគឺពួកគាត់មិនកាត់ទេ។
កំពុងឈរកាត់សក់អោយភ្ញៀវយ៉ាងផ្ចិតផ្ចង់ លោក សុង ហេង បានរៀបរាប់បន្តថា កាលដែលភ្ញៀវមួយចំនួនគាត់គិតបែបនេះ គឺវាអាស្រ័យទៅលើការយល់ឃើញរបស់ពួកគាត់ម្នាក់ៗ ដោយពួកគាត់គិតថា ធ្វើបែបនេះ ដើម្បីជាការលើករាសីក្នុងការរកស៊ី និងជោគជ័យក្នុងការងារជាដើម៕
កំពុងអង្គុយចាំរង់ចាំកាត់សក់ លោក អឹម ពុយ មានអាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិពាមតាអែក ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្តាល បាននិយាយថា៖ "កន្លងមកខ្ញុំ ធ្លាប់លឺចាស់ៗគាត់និយាយដែរពីរឿងកាត់សក់ចំថ្ងៃណាល្អមិនល្អ តែសម្រាប់ខ្ញុំធម្មតា គឺតមតែថ្ងៃសីលមួយទេ"៕