មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បង្កើត​គេហទំព័រ​បង្កើន​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

  • 2016-11-22 07:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជំរុញ​​ការ​ផ្សព្វផ្សាយ​​​ពី​សក្ដានុពលទេសចរណ៍​នៃ​ខេត្ត​កំពត អាជ្ញាធរ​ខេត្ត​​​កំពត​គ្រោង​បង្កើត​គេហទំព័រ​ផ្លូវការ ដើម្បី​បង្ហាញ​ពី​តំបន់​ទេសចរណ៍​នានា​នៃ​ខេត្ត​ជាប់​សមុទ្រ​មួយ​​នេះ​។

លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា ខេត្ត​កំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​កន្លែង​ទាំង​ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និង​កែច្នៃ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​មិន​ទាន់​ស្គាល់​​ច្រើន​ក្រៅ​ពី​តំបន់​កម្សាន្ត​មួយ​ចំនួន ដែល​ភ្ញៀវ​ដឹង​តាមៗ​គ្នា។

លោក​ថា មន្ទីរ​កំពុង​ជំរុញ​ក្នុង​ការ​បង្កើត​គេហទំព័រ​ ដើម្បី​ផ្សព្វផ្សាយ​ពី​ធនធាន​ទេសចរណ៍​ខេត្ត​កំពតដើម្បី​​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​បន្ថែម​ទៀត។

ភ្នំ​បូកគោ
សំណង់អាណានិគមបារាំងនៅក្រុងកំពត

គម្រោង​បង្កើត​គេហទំព័រ​ទេសចរណ៍​ខេត្ត​កំពត មាន​ការ​ជួយ​គាំទ្រ​ពី​ក្រសួង​ទេសចរណ៍​​​ដោយ​ផ្តោត​លើ​ខេត្ត​គោលដៅ​ជាប់​សមុទ្រ​ចំនួន ៣ មាន​​ខេត្ត​កំពត កែប និង​កោះកុង។

លោក​​ប្រធាន​មន្ទីរ​បន្ត​ថា ខេត្ត​កំពត​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ ហើយ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​កាន់​តែ​ច្រើន​ នឹង​ជួយ​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​​ឆ្នេរ​សមុទ្រ​មួយ​នេះនិង​​បង្កើត​ប្រភព​ចំណូល​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

ខេត្ត​កំពត​មាន​តំបន់​ទេសចរណ៍​ចំនួន ១៤ កន្លែង និង​សហគមន៍​ទេសចរណ៍​ចំនួន ៤ កន្លែង​ សម្រាប់​បម្រើ​ភ្ញៀវ​ទេសចរមក​កម្សាន្ត។

តាម​ទិន្នន័យ​ពី​មន្ទីរទេសចរណ៍​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៥ ចំនួន​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​ខេត្ត​កំពត​មាន​ជិត ១ លាន​នាក់​។ កន្លែង​កម្សាន្ត​ដែល​ទាក់ទាញ​​បំផុត​មាន​រមណីយដ្ឋាន​បូកគោ ទឹកឈូ ជា​ដើម។

ក្តាមកំពត
ទំនប់ម្លិចខេត្តកំពត

ចុចអាន៖

*នាវា​ទេសចរណ៍​ធំ​បំផុត ផលិត​ក្នុង​ខេត្ត​កំពត

*ទៅ​លេង​កំពត​ កែប កាត់​តាម​កំពង់ត្រាច កុំ​ភ្លេច​សាក​ទៀប​ធម្មជាតិ​អ្នក​ភូមិ​ព្រែក​ផ្តៅ

អត្ថបទ៖ ប៊ុណ្ណារ៉ា