៥ ជំហាន​ មុន​អតិថិជន​សម្រេច​ចិត្ត​ទិញ​ទំនិញ​​ អ្នក​ធ្វើ​អាជីវកម្ម​គួរតែ​ដឹង

  • 2016-11-29 07:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​អាជីវកម្ម​មួយ​ដើម្បី​ទទួល​បាន​ជោគជ័យ ទាមទារ​ឱ្យ​អ្នក​ធ្វើ​អាជីវកម្ម​ទាំងឡាយ​ធ្វើ​ការ​ស្វែង​យល់​ពី​ឥរិយា​បទ​របស់​អតិថិជន​ជា​មុន​សិន​។ បើ​យោង​ទៅ​តាម​សៀវភៅ Principle of Marketing មុន​អតិថិជន​សម្រេច​ចិត្ត​ក្នុង​ការ​ទិញ​ទំនិញ​ ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ឥត​ព្រំដែន​​របស់​ពួកគាត់ ជាទូទៅ​ត្រូវ​ឆ្លង​កាត់​ទាំង​៥​ជំហាន​នេះ​៖

ជំហានទី១៖ កំណត់​ពី​តម្រូវ​ការ​ឱ្យ​បាន​ច្បាស់លាស់

ដំណាក់​កាល​ទី​មួយ​នេះ គឺ​អតិថិជន​បាន​កំណត់​ពី​តម្រូវ​ការ​របស់​ខ្លួន​យ៉ាង​ច្បាស់លាស់ ថា​កំពុង​ត្រូវការ​អ្វី។ ដូចនេះ​គឺ​គាត់​បាន​សិក្សា​យ៉ាង​ហ្មត់ចត់​ ទៅ​លើ​តម្រូវ​ការ​តម្រូវ​ការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ គាត់​កំពុង​ត្រូវ​ការ​ទំនិញ​អ្វី​ដែល​ជា​អាទិភាព​ចាំបាច់​បំផុត​មិន​អាច​ខ្វះ​បាន​។ ឧទាហរណ៍ បច្ចុប្បន្ន​គាត់​មិន​ទាន់​មាន​ម៉ូតូ​ក្នុង​ការ​ធ្វើ​ដំណើរ​ដូចនេះ​ តម្រូវ​ការ​ដ៏​ចាំ​បាច់​បំផុត​សម្រាប់​គាត់​គឺ​ម៉ូតូ​។

ជំហានទី២៖ ​ប្រមូល​ព័ត៌មាន

បន្ទាប់​ពី​បាន​ធ្វើ​ការ​កំណត់​នូវ​តម្រូវ​ការ​យ៉ាង​ច្បាស់លាស់ ជំហាន​បន្ទាប់​គឺ​អតិថិជន នឹង​ធ្វើ​ការ​ចុះ​ស្រាវជ្រាវ​ស្វែង​រក​ព័ត៌មាន នៅ​តាម​ទីផ្សារ ថា​តើ​ផលិតផល​នោះ មាន​ប៉ុន្មាន​ប្រភេទ ហើយ​ផលិតផល​ណា​ដែល មាន​គុណភាព​ល្អ។ ដូចនេះ​អតិថិជន​ត្រូវ​ការ​ព័ត៌មាន​ទាំង​នេះ​ដើម្បី​ងាយស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​។

ជំហានទី៣៖ វិភាគ​លើ​ព័ត៌មាន​ដែល​ប្រមូល​បាន

នៅ​ក្នុង​ដំណាក់​កាល​នេះ​អតិថិជន នឹង​ប្រមូល​រាល់​ព័ត៌មាន​ដែល​ទទួល​បាន​យក​មក​ធ្វើ​ការ​វិភាគ​យ៉ាង​ល្អិត​ល្អន់ និង​ជ្រើសរើស​យក​ជម្រើស​តែ​មួយ​គត់​ ដែល​គាត់​គិត​ថា ជា​ជម្រើស​ដ៏​ល្អ ដែល​រាប់​បញ្ចូល​ទាំង​គុណភាព​នៃ​ទំនិញ ផ្លាក​សញ្ញា ការ​វេច​ខ្ចប់ និង​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​(រយៈពេល​ក្នុង​ការ​ប្រើប្រាស់)។

ជំហាន​ទី​៤៖ ការ​សម្រេច​ចិត្ត​ទិញ

នេះ​ជា​ដំណាក់កាល​ដែល​អតិថិជន ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ទិញ​ទំនិញ​នោះ​តែម្ដង បន្ទាប់​ពី​គាត់​បាន​សិក្សា​យ៉ាង​ច្បាស់លាស់​ទៅ​លើ​តម្រូវ​ការ ការ​ប្រមូល​ព័ត៌មាន​បាន​ត្រឹមត្រូវ ការ​វិភាគ​ព័ត៌មាន​យ៉ាង​ច្បាស់លាស់។

ជំហានទី៥៖ ការ​ផ្ដល់​ព័ត៌មាន​ត្រឡប់​ទៅ​វិញ​បន្ទាប់​ពី​ប្រើប្រាស់​រួច

នេះ​គឺ​ជា ​ដំណាក់​កាល​ចុងក្រោយ​ដែល​អ្នក​ធ្វើ​អាជីវកម្ម​គួរតែ​ដឹង ជា​ធម្មតា​​បន្ទាប់​ពី​គាត់​បាន​ប្រើប្រាស់​រួច​អតិថិជន​នឹង​ផ្ដល់​ព័ត៌មាន​ត្រឡប់​មក​វិញ មក​ដល់​ក្រុមហ៊ុន ​ប្រសិន​បើ​អតិថិជន​ពេញ​ចិត្ត​ចំពោះ​ផលិតផល​នោះ​គាត់​នឹង​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​។ ប៉ុន្តែ​ប្រសិន​អតិថិជន​មិន​ពេញចិត្ត​ចំពោះ​ផលិតផល​នោះ​ទេ គាត់​នឹង​ផ្ដល់​ជា​មតិយោបល់​មក​ដល់​ម្ចាស់​អាជីវកម្ម​នោះ​វិញ ហើយ​អ្នក​ធ្វើ​អាជីវកម្ម​ត្រូវ​តែ​ទទួល​យក​នូវ​មតិ​ទាំង​នោះ មក​ធ្វើ​ការ​អភិវឌ្ឍ ទំនិញ និង​សេវាកម្ម​នោះ​ឱ្យ​ល្អ​ប្រសើរ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ​

អត្ថបទថ្មី