ទួល នេនទុំ សឹក នៅ​ស្រុក​បាភ្នំ រក្សា​ទ្រង់​ទ្រាយ​ដើម ព្រោះ​គ្មាន​អ្នក​ហ៊ាន​ប៉ះពាល់

  • 2016-12-02 08:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«...ថ្លា​ថ្លែង​សម្ដែង​ដើម​ឈ្មោះ​ទុំ នៅ​ស្រុក​បាភ្នំ ដែន​ដី​ស្រែ កើត​កប​ទំនៀម​មាន​ឪ​ម៉ែ ប៉ុន្តែ​ហេតុ​ត្បិត​ឥត​សម្ដែង។ កើត​ឡើង​លុះ​ធំ​ល្មម​ប្រមាណ ឆ្នាំ​ច្រើន​សោត​បាន​ម្ដាយ​តុប​តែង យក​ទៅ​អោយ​រៀន​ចោល​គ្រឿង​ល្បែង ស្វះ​ស្វែង​នៅ វត្ត​វិហារ​ធំ…។» នេះ​ជា​កំណាព្យ​ក្នុង​រឿង​ទុំ​ទាវ ដែល​បង្ហាញ​ពី​ទី​អារាម​របស់​នេនទុំ​ធ្លាប់​គង់ គឺ​វត្ត​ព្រះវិហារ​ធំ ស្រុក​បាភ្នំ ខេត្ត​ព្រៃ​វែង។ ចំណែក​ទួល​ដែល​នេន​ទុំ​សឹក​ក្នុង​បរិវេណ​វត្ត នៅ​រក្សា​ទ្រង់​ទ្រាយ​ដើម​ដល់​សព្វ​ថ្ងៃ ព្រោះ​គ្មាន​អ្នក​ហ៊ាន​ប៉ះ​ពាល់​ឡើយ។

ទួល​ដែល​សន្មត​ថា​កន្លែង​នេន​ទុំ​សឹក ស្ថិត​ក្នុង​វត្ត​ព្រះ​វិហារ​ធំ មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង ជ្រុង​ខាងកើត​ភ្នំ​ឈើកាច់​ ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​សព្វ​ថ្ងៃ។ បច្ចុប្បន្ន ទួល​នេះ​នៅ​មាន​សណ្ឋាន​ខ្ពស់​ដូច​ដើម ឯ​ព្រៃឈើ​ដុះ​ស៊ុបទ្រុប​ជុំជិត ដោយ​គ្មាន​អ្នក​ហ៊ាន​ទៅ​អារ​កាត់​ឡើយ ព្រោះ​ខ្លាច​បារមី​ផ្លូវ​ងងឹត ហើយ​ក៏​ធ្លាប់​កើត​មាន​ចំពោះ​អ្នក​បំពាន​ដែរ។

លោក អ៊ុយ រ៉ាស៊ឺង ប្រធាន​ការិយាល័យ​វប្បធម៌ និង​ការិយាល័យ​ស្រុក​បាភ្នំ បាន​ប្រាប់​ថា ទួល​នេះ​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ចុះ​បញ្ជី​ដើម្បី​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​រួច​ហើយ។ លោក​បាន​លើក​ឡើង​ថា ដើម​ឈើ​ទាំង​អស់​នៅ​លើ​ទួល​នេះ ត្រូវ​រក្សា​ទុក ហើយ​ក៏​មិន​អាច​ប៉ះ​ពាល់​បាន​ដែរ ព្រោះ​មាន​បារមី​ផ្លូវ​ក្នុង។

លោក អ៊ុយ រ៉ាស៊ឺង បាន​បន្ត​ទៀត​ថា កាល​ពី​មុន ធ្លាប់​មាន​អ្នក​រស់​នៅ​ជិត​របង​វត្ត បាន​រើស​ឈើ​លើ​ទួល​នេះ​ទៅ​ធ្វើ​អុស​ដុត បែរ​ជា​ឈឺ​មើល​មិន​ជា។ ពេល​ព្រឹក​ឡើង គេ​បាន​យក​ឈើ​ទាំង​នោះ ទៅ​ដាក់​កន្លែង​ដើម​វិញ ទើប​ជា​ពី​ជំងឺ។ ក្រោយ​មក ក៏​លែង​មាន​អ្នក​ហ៊ាន​ទៅ​ប៉ះ​ពាល់​ទួល​ទុំ​សឹក ព្រោះ​គិត​ថា​មាន​បារមី​ផ្លូវ​ងងឹត​នៅ​ចាំ​ថែរក្សា​ការពារ។ ​

ដោយសារ​មាន​ទួល​ច្បាស់​លាស់ និង​ដើម្បី​រក្សា​ដាន​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​បាភ្នំ គណៈ​អភិបាល​ស្រុក​បាន​រួម​គំនិត​គ្នា សាងសង់​រូប​សំណាក​ទុំ​មួយ​យ៉ាង​ធំ​នៅ​ផ្សារ​បាភ្នំ។ លោក ម៉ម កាយ អភិបាល​រង​ស្រុក​បាភ្នំ បាន​បញ្ជាក់​ថា រូប​សំណាក​នេន​ទុំ ត្រូវ​បាន​សាង​សង់​យ៉ាង​ផ្ចិតផ្ចង់​បំផុត ក្នុង​ឆ្នាំ​២០១៥ ដោយ​ចំណាយ​អស់​ប្រាក់​ប្រមាណ ១​ម៉ឺន​ដុល្លារ៕

ទស្សនា​វីដេអូ៖

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម
អត្ថបទថ្មី