ខោអាវជជុះ គួរហាមឃាត់នាំចូលប្រទេសកម្ពុជាដែរឬទេ?
- 2016-12-07 07:24:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខោអាវជជុះ គួរហាមឃាត់នាំចូលប្រទេសកម្ពុជាដែរឬទេ?
ចន្លោះមិនឃើញ
បើនិយាយទាក់ទងទៅដល់ ការបំពុលបរិស្ថាន ខោអាវជជុះដែលកំពុងចែកចាយទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺជាបញ្ហាប្រឈមមួយ និងជាសំណួរដ៏សំខាន់ទៅដល់ក្រសួងពាក់ព័ន្ធនានា និងប្រជាជនទូទៅថា គួរហាមឃាត់នាំចូលដែរឬទេ?
ជួបជាមួយអាជីវករដែលប្រកបរបរលក់ដូរខោអាវជជុះ នៅផ្សារបឹងកេងកង លោកពូ សុខ វណ្ណា បានលើកឡើងថា បច្ចុប្បន្ននេះ តម្រូវការប្រើប្រាស់ខោអាវជជុះ នៅតែមានច្រើន ។ ភាគច្រើនអ្នកដែលប្រើប្រាស់ខោអាវជជុះជាកម្មករសំណង់ ជាង អ្នករត់ម៉ូតូឌុប និងប្រជាជនដែលមានកម្រិតចំណូលទាបជាច្រើនទៀត។
អ្នកលក់ដូរ ខោអាវជជុះរូបនេះបន្តទៀតថា បើនិយាយពីផលប៉ះពាល់វិញគឺដឹងតែប៉ះពាល់ហើយ ព្រោះខោអាវជជុះដែលនាំចូលមកមិនមែនសុទ្ធតែអាចប្រើប្រាស់បាននោះទេ។ ក្នុងមួយគីប អាចយកបានត្រឹម ៦០% ទៅ៧០% ហើយក្រៅពីនោះយកមិនកើតទេ។ ចុះសំណល់ទាំងនោះយកទៅណា? លោកបានឱ្យដឹងថា ភាគច្រើនគេទុកក្នុងឃ្លាំងចោល និងមួយចំនួនយកទៅកែច្នៃ ជាមួក ឬជារបស់ផ្សេងទៀត ហើយមួយចំនួនធំយកទៅបោះចោលកន្លែងចាក់សំរាម។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី អាជីវកររូបនេះបានលើកឡើងថា មិនអាចធ្វើការបិទការនាំចូលបានទេ ដោយសារអាចប៉ះពាល់ទាំងអ្នកលក់ដែលប្រកបរបរនេះ និងអ្នកប្រើប្រាស់។ ខោអាវជជុះមានតម្លៃថោក ហើយអាចប្រើប្រាស់បានដូច្នេះអ្នកដែលមិនមានលទ្ធភាព ក្នុងការប្រើប្រាស់ ប្រាកដជាជ្រើសរើសយកខោអាវជជុះ។ មួយវិញទៀតប្រជាជនដែលប្រកបរបរនេះ គឺជាចំណូលរបស់គាត់ដូច្នេះ មិនគួរហាមឃាត់ការនាំចូលខោអាវជជុះនោះទេ។
លោកពូ សុខ វណ្ណា ក៏ប្រាប់ផងដែរថា ឃ្លាំងធំៗដែលនាំចូលខោអាវជជុះ ភាគច្រើនមាននៅផ្សារអូឡាំពិក ផ្សារហេងលី និងត្រឡោកបែក ដែលជាជង្រុកខោអាវជជុះសម្រាប់ធ្វើការចែកចាយបន្ត។ ខោអាវជជុះទាំងនោះនាំចូលមកពី ហុងកុង ជប៉ុន និងកូរ៉េ។
ដោយឡែកយុវជន រស់ ដានិត និស្សិតកំពុងសិក្សាផ្នែក កសិកម្ម បានលើកឡើងថា ខ្លួនមិនគាំទ្រឱ្យមានការនាំចូលខោអាវជជុះចូលក្នុងប្រទេសកម្ពុជាទេ ដោយលោកគិតថា ខោអាវជជុះនេះបានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ដែលបានបន្សល់ជាគំនរសំរាម ដែលមិនងាយនឹងរលាយ។ ជាពិសេសខោអាវជជុះក៏មានសារធាតុគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ហើយបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា ក៏មានរោងចក្រផលិតខោអាវដោយខ្លួនឯងដែរ និងមានតម្លៃសមរម្យ ប្រជាជនអាចមានលទ្ធភាពក្នុងប្រើប្រាស់ ណាមួយចូលរួមគាំទ្រផលិតផលខ្មែរផង ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ច។
ជុំវិញបញ្ហានេះ លោក ឌី គីដែន ប្រធាននាយកដ្ឋានគ្រប់គ្រង សំណល់រឹង នៃក្រសួងបរិស្ថាន បានថ្លែងមកកាន់ Sabayថា ខោអាវជជុះនេះគឺពិតជាបង្កផលប៉ះពាល់ បរិស្ថានពិតមែន ប៉ុន្តែក៏មិនទាន់មានការសិក្សា ឱ្យជាក់លាក់នៅឡើយថាទំហំនៃផលប៉ះពាល់កម្រិតណា។ លោកបានបន្តទៀតថា ខោអាវជជុះមានសារធាតុគីមីដើម្បីរក្សាគុណភាព មានជាតិថ្នាំពុល នីឡុង ដែលអាចប៉ះពាល់សុខភាព និងបរិស្ថាន។
ប្រធាននាយកដ្ឋានគ្រប់គ្រង សំណល់រឹង នៃក្រសួងបរិស្ថានបន្តថា បើក្រឡេកមកមើលស្ថានភាព សេដ្ឋកិច្ចសង្គម និងផលប៉ះពាល់បរិស្ថាន ការនាំចូលខោអាវជជុះនៅតែមាន អាទិភាពពីព្រោះ តម្រូវការប្រើប្រាស់នៅតែចាំបាច់នៅឡើយសម្រាប់ប្រជាជន។ ដូច្នេះមិនអាចធ្វើការហាមឃាត់ការនាំចូលខោអាវជជុះនេះបានទេ។
ប៉ុន្តែដើម្បីកាត់បន្ថយការបំពុលបរិស្ថាន វិធានការដ៏សំខាន់គឺផ្ដើមចេញពីអាជីវករ គឺធ្វើយ៉ាងណាកុំឱ្យផ្គត់ផ្គង់លើសពីតម្រូវការរបស់អ្នកប្រើប្រាស់ ជៀសវាងបន្សល់ទុកកាកសំណល់ច្រើន។ មួយវិញទៀតត្រូវធ្វើចាត់វិធានការ ត្រួតពិនិត្យក្នុងការនាំចូល គឺពិនិត្យទៅលើគុណភាពទំនិញ អាចប្រើប្រាស់បានរយៈពេលប៉ុន្មានឆ្នាំ មិនមែនចេះតែយកចូលនោះទេ។