មូលហេតុពិត ដែលក្រឡានខេត្តក្រចេះ ឈ្ងុយឆ្ងាញ់ពិសេសខុសគេ
- 2016-12-13 00:19:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុពិត ដែលក្រឡានខេត្តក្រចេះ ឈ្ងុយឆ្ងាញ់ពិសេសខុសគេ
ចន្លោះមិនឃើញ
ធ្វើដំណើរចេញពីក្រុងក្រចេះ ឆ្ពោះទៅរមណីយដ្ឋានកាំពី នឹងឃើញមានភូមិមួយឈ្មោះថា ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ហើយនៅតាមដងផ្លូវឃើញមានដាក់តាំងលក់ក្រឡានយ៉ាងច្រើនកន្លែង និងល្បីតៗគ្នាថា មានរស់ជាតិឈ្ងុយឆ្ងាញ់ពិសេសខុសពីខេត្តដទៃៗ ព្រោះអ្នកដុតមានរូបមន្តផ្សំគ្រឿងពិសេសត្រឹមត្រូវ និងមានអនាម័យខ្ពស់។
អ្នកស្រី វ៉ា រ៉ានូ ដែលប្រកបរបរលក់ក្រឡានលើដងផ្លូវ រយៈពេល៣ឆ្នាំ បានប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ថា៖ "ក្រឡាននៅទីនេះលក់គិតជាគីឡូក្រាម ហើយក្នុង១គីឡូតម្លៃ៧ពាន់រៀល និងតម្លៃ១ម៉ឺនរៀល ចំពោះក្រឡានពិសេសឈ្មោះថា ក្រឡានខ្ទិះ។ ក្នុង១ថ្ងៃ ខ្ញុំលក់បានពី ៣០ទៅ៥០គីឡូ ហើយបើចំថ្ងៃបុណ្យទាន នឹងកាន់តែលក់ដាច់ច្រើន។ ភ្ញៀវជាច្រើន ពេញចិត្តក្រឡានតំបន់នេះ ដោយសារមានរស់ជាតិឈ្ងុយឆ្ងាញ់ និងមានអនាម័យខ្ពស់”។
ចំពោះរស់ជាតិក្រឡានដែលធ្វើឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់ខុសគេ អ្នកស្រីម៉ាច ជាអ្នកដុតក្រឡានលក់បោះដុំឲ្យម៉ូយ រយៈពេល៦ឆ្នាំ បានប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក” ថាគឺដោយសារ ការផ្សំគ្រឿងមានក្បួនខ្នាត និងរង្វាស់ត្រឹមត្រូវ រក្សារស់ជាតិដើម តាំងពីជំនាន់ម្តាយរបស់អ្នកស្រីតៗគ្នាមកម្ល៉េះ ហើយដុតអង្ករពិតៗ មិនមែនដាំបាយដំណើររួចដុតឡុំៗនោះទេ។ រីឯផ្នែកអនាម័យ គឺគ្រួសារអ្នកស្រី តែងទុកជារឿងសំខាន់ និងត្រូវស្អាតជានិច្ច ដើម្បីឲ្យភ្ញៀវទុកចិត្ត។
អ្នកស្រី បានបន្ថែមថា៖ "គ្រួសារខ្ញុំ និងអ្នកភូមិនៅទីនេះ តែងងើបដុតក្រឡានតាំងពីម៉ោង១១យប់ និងត្រូវអត់ងងុយរហូតដល់ជិតភ្លឺ ព្រោះរយៈពេលដុតក្រឡានគឺ ១ម៉ោងទើបឆ្អិន បន្ទាប់មកត្រូវទុកឲ្យត្រជាក់ ទើបបកសម្បកឫស្សីផ្នែកខាងក្រៅដែលខ្លោចចេញ រួចទើបលក់ចេញ។ ចំពោះផលចំណេញ ១យប់ខ្ញុំចំណេញបានប្រហែល ២០ម៉ឺន ប៉ុន្តែក៏អាស្រ័យលើឫស្សីដែលទិញចូលពីខេត្តព្រៃវែង ឬស្វាយរៀង វាខូចច្រើនឬអត់ផងដែរ”៕