អ្នក​ចូលរួម​ Ford Adventure ចែក​រំលែក ៦ ចំណុច​ពី​គន្លឹះ​បោះជំរំ​លើក​ដំបូង

  • 2016-12-13 10:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ហ៊ុន RMA ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ថរយន្ត​ Ford មក​កាន់​ប្រទេស​កម្ពុជា​បាន​រៀប​ចំ​ដំណើរ​កម្សាន្ត​អតិថិជន​ Ford ទៅ​កាន់​ប្រទេស​ថៃ ដោយ​នៅ​ក្នុង​នោះ​មាន​កម្មវិធី​បោះជំរំ​ផងដែរ។ អតិថិជន​ម្នាក់​ក្នុង​ចំណោម​អ្នក​ចូលរួម​កម្មវិធី Ford Adventure 2016 ជាង​៤០០​នាក់ បាន​ចែក​រំលែក​បទពិសោធន៍​អំពី​ការ​បោះជំរំ​​ប្រកប​ដោយ​សុវត្ថិភាព​ និង ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​កាន់តែ​រីករាយ។

លោក ឈឹម វឌ្ឍនា អាយុ​ ២៥ ឆ្នាំ ដែល​បាន​ចូលរួម​ដំណើរ​កម្សាន្ត​អតិថិជន​ Ford (Ford Adventure 2016) បាន​ប្រាប់​ Sabay ថា ដ្បិតតែ​ទើប​បាន​ចូលរួម​កម្មវិធី​នេះ​លើក​ដំបូង ប៉ុន្ដែ លោក​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ដំណើរ​កម្សាន្ត​មួយ​នេះ ជាពិសេស​ការ​បោះជំរំ​ប្រកប​ដោយ​សុវត្ថិភាព។ តាម​រយៈ​បទ​ពិសោធន៍​បោះជំរំ​លើក​នេះ លោក​មាន​ ៦​ចំណុច​ដើម្បី​ចែក​រំលែក គឺ៖

ទី១. ការ​ជ្រើសរើស​ទីតាំង៖ យើង​មាន​តង់​ហើយ​ ប៉ុន្ដែ មិនមែន​ចេះ​តែ​បោះ​តង់​គ្រប់​ទី​កន្លែង​នោះ​ទេ។ យើង​ត្រូវ​រក​ទីតាំង​ដី​រាប​ស្មើ មិន​មាន​សំណើម និង មិនមែន​ជា​កន្លែង​ហូរ​ជាដើម។ ដូច្នេះ​​ធ្វើ​ការ​គេង​របស់​យើង​អាច​លង់លក់​ស្រួល​នៅ​ក្នុង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​មួយ​នេះ។

ទី២. ភ្លើង៖ យើង​ត្រូវ​តែ​ត្រៀម​ឲ្យ​រួច​រាល់​នៅ​ឧបករណ៍​មួយ​ចំនួន​ដូចជា ដែក​កេស និង ពិល​ជាដើម។ ដែក​កេស​មាន​ប្រយោជន៍​យើង​អាច​ប្រើ​បាន​ជា​ការ​បង្កាត់​ភ្នក់ភ្លើង​អាំង​សាច់​ផង ឬ ​បញ្ចុះ​សីតុណ្ហភាព​ត្រជាក់​​ផង មួយ​ទៀត​ជួយ​បំភ្លឺ​ជុំវិញ​តង់​យើង​បណ្ដេញ​សត្វ​មួយ​ចំនួន​ផង។ ឯ​ពិល គឺ​យើង​អាច​ប្រើប្រាស់​បាន​នៅ​ពេល​យើង​ចង់​បំភ្លឺ​ផ្លូវ​ជាដើម ឬ អាច​បំភ្លឺ​តង់​ឲ្យ​ភ្លឺ​ក៏​បាន​តាម​តម្រូវ​ការ​ផ្សេង​ៗ​គ្នា។

ទី៣. សម្ភារៈ​ការពារ​រងា៖ ជាទូទៅ​ការ​បោះ​ជំរំ​ច្រើន​ធ្វើ​នៅ​ក្នុង​ព្រៃ ឬ ក្បែរ​ភ្នំ និង​វាល​លំហ ក្នុង​រដូវ​ត្រជាក់ ដូច្នេះ អាកាសធាតុ​ចង់​មិន​ចង់​គឺ​ត្រជាក់ ហើយ​ពេល​ខ្លះ​មាន​សំណើម​ក៏​មាន។ ម៉្លោះហើយ​យើង​ត្រូវ​មាន​អាវ​រងា ឬ ភួយ​ត្រៀម​ទុក​ដណ្ដប់​ជាដើម។

ទី៤.ក្រូចសើច៖ ក្រូច​សើច​ត្រូវ​មាន​ជាប់​ខ្លួន ព្រោះ​ក្រូចសើច​អាច​ការពារ​សត្វពស់​មិន​ឲ្យ​មក​ក្បែរ​តង់​របស់​យើង​ព្រោះ​តែ​ក្លិន​នៃ​ក្រូចសើច​នេះ។ វា​ពិត​ជា​សំខាន់ យើង​ត្រូវ​ជិត​ខ្លះ និង​ ដាក់​ទាំង​មូល​ខ្លះ​នៅ​ជុំវិញ ឬ​ក្នុង​តង់​របស់​យើង​កំពុង​ដេក​ជាដើម។

ទី៥. ព្រី​ភ្លើង៖ ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ យើង​មាន​ឧបករណ៍​អេឡិចត្រូនិក​ ជាច្រើន​ដូចជា ទូរសព្ទ Power bank ឡេបថប ម៉្លោះ​ហើយ​ យើង​ត្រូវ​មាន​ព្រី​ភ្លើង ទុក​សម្រាប់​ដោត​សាក​ថ្ម នូវ​វត្ថុ​ទាំង​នោះ។ ម្យ៉ាង​វិញ​ទៀត​យើង​ដើរ​ផ្លូវ​ឆ្ងាយ និង ជា​ក្រុម​ធំ អីចឹង​ មិនមែន​មាន​ព្រីភ្លើង​ឲ្យ​គ្រប់​គ្នា​ទេ ព្រោះ​គេ​ក៏​ប្រើ យើង​ក៏​ប្រើ​ ដូច្នេះ បើ​យើង​មាន​ខ្លួន​ឯង អាច​ជួយ​សម្រួល​បាន​ច្រើន​សម្រាប់​ទុក​ដោត​ភ្លើង នៅ​ពេល​កន្លែង​ណា​មាន​ភ្លើង​យើង​អាច​ត រួច​យក​មក​ដោត​ភ្លើង​សាក​នូវ​ឧបករណ៍​របស់​យើង​បាន។

ទី៦. ស្បែកជើង៖ ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដែល​ត្រូវ​ឆ្លងកាត់​តំបន់​ព្រៃ​ភ្នំ​ជាច្រើន​ ដូច្នេះ គួរ​មាន​ស្បែក​ជើង​សម្រាប់​ឡើង​ភ្នំ ដូចជា ស្បែក​ជើង​ប៉ាតា និង​ស្បែក​ជើង​ផ្ទាត់​ សម្រាប់​ដើរ​នៅ​ផ្លូវ​វាល​ទំនាប​ជាដើម។ ធ្វើ​ដូច​នេះ​ធ្វើ​ការ​ធ្វើ​ដំណើរ​បាន​លឿន​ផង និង មិន​សូវ​ឈឺ​ជើង​ផង។ បើ​យើង​គេង​បោះតង់​នៅ​ពេល​ត្រូវ​ការ​ចេញ​ទៅ​បត់ដៃ បត់​ជើង យើង​អាច​ប្រើ​ស្បែក​ជើង​ផ្ទាត់​បាន មិន​ចាំ​បាច់​ប្រើ​ស្បែក​ជើង​ប៉ា​តា​រហូត​នោះ​ទេ។

លោក វឌ្ឍនា បាន​និយាយ​ទៀត​ថា តាម​ពិត​ទៅ​នៅ​មាន​ចំណុច​ជាច្រើន​ទៀត ប៉ុន្តែ អ្វី​ដែល​បាន​លើកឡើង​ខាង​លើ​នេះ​ គ្រាន់តែ​ជា​បទ​ពិសោធន៍​មួយ ទទួល​បាន​ពី​ការ​ចូលរួម​ដំណើរ​កម្សាន្ត​អតិថិជន Ford (Ford Adventure 2016) កាល​ពី​ថ្ងៃ​ទី ៨-១១ ខែ​ធ្នូ ដែល​បាន​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​ទៅ​បោះជំរំ នៅ​ខេត្ត​ឧត្តរមានជ័យ​១យប់ និង បោះជំរំ ២យប់ នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ។

ក្រៅពី​បទ​ពិសោធន៍​នៃ​ការ​បោះជំរំ ដ៏​ល្អ​ឥត​ខ្ចោះ​ លោក ឈីង បាន​និយាយ​ថា ដំណើរ​កម្សាន្ត Ford Adventure 2016 កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​ដឹង​ច្រើន​អំពី​តំបន់​កម្សាន្ត ក៏ដូចជា បង្កើត​ទំនាក់ទំនង​ល្អ​រវាង​ក្រុមហ៊ុន និង អតិថិជន​​ Ford ជាច្រើន​ទៀត​ ដែល​បាន​ចូលរួម​កម្មវិធី​នេះ៕

សូមទស្សនា​វីដេអូ​ខាង​ក្រោម​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា