ព្រះ​អង្គ​ខ្មៅ​ សល់​ពី​​សម័យ​ស្ដេច​កន ​ធ្វើ​ពី​សំរឹទ្ធ​ព្រះនេត្រ​ដាំ​ពេជ្រ ​​​ល្បី​​មាន​បារមី​ខ្លាំងក្លា

  • 2016-12-23 01:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គ​ខ្មៅ​ ជា​ព្រះ​ពុទ្ធរូប​​តែ​មួយ​អង្គ​គត់​ ​​ដែល​​នៅ​សល់​តាំង​ពី​សម័យ​​ហ្លួង​ព្រះ​ស្ដេច​កន​ ​​នៅ​ចន្លោះ​សតវត្ស​ទី​១៥-១៦។ ព្រះ​អង្គ​ខ្មៅ​​ ​​បច្ចុប្បន្ន​ស្ថិត​នៅ​វត្ត​ព្រៃ​អង្គរ​ក្នុង​ ភូមិ​បន្ទាយ​ព្រៃ​នគរ​ ឃុំ​ដូនតី​ ស្រុក​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំ ​​គឺ​ធ្វើ​ឡើង​ពី​មាស​ខ្មៅ​​ លាយ​ជាមួយ​សំរឹទ្ធិ និង​ព្រះនេត្រ​ដាំ​ពេជ្រ ​​ហើយ​ល្បី​ថា​មាន​បារមី​សក្ដិសិទ្ធិ​ណាស់ ​​ខណៈ​​អ្នក​ធំៗ​មន្ត្រី​រាជការ ​និង​អ្នក​នៅ​​ក្រៅ​ប្រទេស​ ក៏​តែង​​ទៅ​បន់​ស្រន់​បាន​សម្រេច​ដូច​បំណង។

ព្រះអង្គខ្មៅ ​តែ​មួយ​អង្គ​គត់ ដែល​សល់​ពី​សម័យ​ស្តេច​កន

ព្រះ​តេជគុណ ​មុំ​ កុសល គ្រូ​សូត្រ​​នៅ​​វត្ត​​ព្រៃ​អង្គរ​ ​មាន​សង្ឃ​ដីកា​​ប្រាប់​ដល់​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ថា​ ​ព្រះ​អង្គ​ខ្មៅ​មួយ​អង្គ​នេះ​ គឺ​​ជា​ព្រះ​ពុទ្ធ​រូប​តែ​មួយ​គត់​ ដែល​សល់​​ពី​សម័យ​ហ្លួង​ព្រះ​ស្ដេច​កន។ តាម​ពិត​សម័យ​ស្ដេច​កន​ ព្រះ​អង្គ​បាន​​​សាង​រូប​សំណាក​ព្រះ​ពុទ្ធ​រូប​ជា​ច្រើន​អង្គ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ខ្មៅ​លាយ​សំរឹទ្ធិ​ ប៉ុន្តែ​រហូត​ដល់​សព្វ​ថ្ងៃ​បាត់​​បង់​ស្ទើរ​​ទាំង​អស់​ហើយ​ នៅ​សល់​តែ​​ព្រះ​អង្គ​ខ្មៅ​មួយ​អង្គ​នេះ​ប៉ុណ្ណោះ។

«សម័យ​ស្ដេច​កន ​ព្រះ​អង្គ​ខ្មៅ​មាន​បារមី​ឫទ្ធិ​ខ្លាំង​ក្លា​ណាស់ នៅ​ពេល​ដែល​មេទ័ព​ចេញ​​​ច្បាំង​ជាមួយ​សៀម​តែង​បន់​ស្រន់​ និង​ទទួល​បាន​ជ័យ​ជម្នះ។ ​បច្ចុប្បន្ន​​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​ខេត្ត​ផ្សេងៗ ឬ​អ្នក​​ក្រៅ​ប្រទេស​ក៏​តែង​មក​បន់​ស្រន់​សុំ​សេចក្ដី​សុខ ​និង​បួង​សួង​សុំ​ឲ្យ​ក្ដី​ប្រាថ្នា​​ជា​ដើម ហើយ​ពេល​ខ្លះ​មាន​អ្នក​មក​បន់​ដល់​ម៉ោង​១២​យប់ក៏​មាន​ ព្រោះ​តែ​ពួកគេ​នៅឆ្ងាយ។ ភាគ​ច្រើន​ពួកគេ​តែង​ទទួល​បាន​​សម្រេច​ ហើយ​ក៏​មក​ថ្វាយ​​ព្រះ​ពុទ្ធ​រូប​នៅ​វត្ត​នេះ»។ ព្រះ​តេជគុណ កុសល​ ​មាន​សង្ឃ​ដីកា​បន្ថែម។

សូម​ទស្សនាវីដេអូ៖

គ្រូ​សូត្រ​​នៅ​វត្ត​​ព្រៃ​អង្គរ បាន​បន្ថែម​ថា ​​ព្រះ​អង្គ​ខ្មៅ​ ធ្លាប់​មាន​ចោរ​លួច​ច្រើន​ដង​មក​ហើយ​ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ។ ចោរ​ទាំង​នោះ​មិន​អាច​យក​​ព្រះ​អង្គ​ចេញ​ពី​​​តំបន់​បន្ទាយ​ព្រៃនគរ​ស្ដេច​កន​​បាន​ឡើយ។ ព្រះ​អង្គ​ខ្មៅ​មាន​រូបរាង​តូច​ទេ ប៉ុន្តែ​​មនុស្ស​៣​នាក់​មិន​អាច​លើក​រួច។ ព្រះ​តេជគុណ កុសល​ បន្ត​​ថា ​​សព្វ​ថ្ងៃ​ព្រះ​វិហារ​បើក​តែ​មាន​ពុទ្ធបរិស័ទ​​ទៅ​បន់​ស្រន់​ប៉ុណ្ណោះ ​ហើយ​តែង​បិទ​ទ្វារ​ជា​ប្រចាំ។ ពេល​យប់​​គឺ​ចាក់​សោ​ដាក់​គន្លឹះ​ក្នុង​ និង​មាន​សង្ឃ​៤​ទៅ​៥​អង្គ សឹង​នៅ​​ក្នុង​ព្រះ​វិហារ ដើម្បី​ការពារ​ព្រះ​អង្គ​ខ្មៅ​ ក្រែង​មាន​ចោរ​លួច៕​

រូប​សំណាកស្តេច​កន ​ជិះ​សេះ​បាញ់​ធ្នូ
ព្រះវិហារ​តំកល់​ព្រះអង្គខ្មៅ

អត្ថបទ៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម