ពិតជាគិតមិនដល់ ឈិន ម៉ានិច្ច ពិបាករហូតចង់សម្លាប់ខ្លួន មុនឈ្នះពាន Cambodian Idol 2មិញនេះ!
- 2016-12-25 17:04:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាគិតមិនដល់ ឈិន ម៉ានិច្ច ពិបាករហូតចង់សម្លាប់ខ្លួន មុនឈ្នះពាន Cambodian Idol 2មិញនេះ!
ចន្លោះមិនឃើញ
សំឡេងហ៊ោកញ្ជ្រៀវពេញ Studio Cambodian Idol អបអរសាទរទៅដល់ ឈិន ម៉ានិច្ច ដែលជាម្ចាស់ពាន Cambodian Idol រដូវកាលទី២ ដោយឈ្នះលើបេក្ខជន៣រូបទៀតអម្បាញ់មិញនេះ។
ជាមួយជយលាភីនេះ បេក្ខនារីមកពីខេត្កំពង់ស្ពឺ ទទួលបានទឹកប្រាក់ចំនួន ១៥០លានរៀលពីកម្មវិធី ១០០០ដុល្លារពីអគ្គនាយកក្រុមហ៊ុនហង្សមាស ២០០០ដុល្លារពីម្ចាស់ឧបត្ថម្ភកម្មវិធី និងក្លាយជាតារាចម្រៀងចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាសទៀតផង។
ត្រឡប់មកជីវប្រវត្តិម្ចាស់ពាន ឈិន ម៉ានិច្ច ចង់ដឹងរឿងរ៉ាវកម្សត់បែបណា Sabay បានធ្វើការសាកសួរលម្អិតពីជីវប្រវត្តិនាង ដើម្បីមកជម្រាបជូនដល់ទស្សនិកជនខាងក្រោម៖
ឆ្លងកាត់រឿងរ៉ាវក៏ដូចជាប្រវត្តិជូរចត់ជាច្រើនទម្រាំ ឈានមកដល់ថ្ងៃនេះ ឈិន ម៉ានិច្ច ប្រាប់ថានាងជួបប្រទះអស់ តួនាទីជាអ្នករ៉ាប់រងក្នុងគ្រួសារតាំងពី អាយុ១០ឆ្នាំ។ រហូតមានពេលមួយ ទ្រាំទ្រនឹងសភាពក្មេងខ្ចី តូចចិត្តកើតមកក្រពេក មកត្រូវរកលុយចិញ្ចឹមគ្រួសារមិនបាន កុមារីរូបនេះបានគិតចង់បញ្ចប់ជីវិតថែមទៀតផង។ ទោះបីជាយ៉ាងណា នាងថានៅតែមិនដាច់ ព្រោះប្អូនប្រុសពីរនាក់នៅតូចៗ បើនាងស្លាប់ទៅ បានអ្នកណាមើលប្អូននាង។
"ខ្ញុំនិយាយមែនបង កាលហ្នឹងចិត្តសឿងណាស់ ចង់តែស្លាប់ តែពេលឃើញប្អូនៗនៅតូច មានអារម្មណ៍ថាអាណិត បើខ្ញុំស្លាប់ទៅតើបានអ្នកណាមើលប្អូនខ្ញុំ។ ណាមួយគិតឃើញថា គេផ្សេងពិការ គេនៅតែចង់រស់ ចុះខ្ញុំហេតុអីមិនខំប្រឹងប្រែងតទៅទៀត" ម៉ានិច្ច ថ្លែង។
ស្រុកកំណើតនិងប្រវត្តិការសិក្សា
ឈិន ម៉ានិច្ច ជាឈ្មោះនៅក្នុងបញ្ជីជាតិមានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺ ឆ្នាំនេះនាងមានអាយុ២២ឆ្នាំ នាងមានបងប្អូន៣នាក់ ស្រី១ នាងជាកូនបង។ ឪពុកម្ដាយប្រកបរបរធ្វើស្រែ ដែលគ្រួសារនេះនាងប្រាប់ថាស្ថិតក្នុងភាពលំបាកជាទីបំផុត។ ថ្នាក់ទី១ ដល់ទី៦ នាងរៀននៅសាលាបឋមសិក្សាអង្គទន្លាប់ រីឯអនុ និង វិទ្យាល័យ នៅទន្លេកន្ទិល។
មានគ្រួសារស្ថិតក្នុងជីវភាពក្រលំបាក រកព្រឹកខ្វះល្ងាច កាលនាងមានអាយុ ១០ឆ្នាំ ឪពុកម្តាយនាងបានបង្ខំចិត្តចេញទៅរកស៊ីនៅប្រទេសក្បែរខាងគ្រាន់បានកម្រៃខ្លះចិញ្ចឹមគ្រួសារ។ ថវិកាដែលឪពុកម្ដាយផ្ញើមកមិនបានបំពេញគ្រប់តម្រូវការក្នុងផ្ទះឡើយ។ បញ្ហាកាន់តែកើតមាន ស្ថិតក្នុងកាលៈទេសៈមួយ ដែលត្រូវបែកពីឪពុកម្ដាយ ថាតើ ឈិន ម៉ានិច្ច ត្រូវរស់នៅ បែបណា?
ក្មេងស្រីវ័យ១១ឆ្នាំជាមួយប្អូនប្រុស២នាក់ ត្រូវរស់នៅយាយតា ដែលមានវ័យចំណាស់ មិនអាចរកស៊ីសូម្បីតែចិញ្ចឹមខ្លួនឯងបាននោះ ប៉ុន្តែ ម៉ានិច្ច ប្រាប់ថាលោកតានិងយាយមានចិត្តធម៌និងចិត្តល្អ មិនដែលស្តីបន្ទោសដល់ចៅឡើយ។ ទោះបីជាយ៉ាងណា ក្នុងនាមជាក្មេងស្រីវ័យក្មេងម្នាក់ នាងត្រូវមានតួនាទីមើលការខុសត្រូវប្អូន២នាក់ រួមទាំងបន្ទុកក្នុងគ្រួសារទាំងមូល បន្ទាប់ពីថវិកាខ្លះៗដែលឪពុកម្តាយផ្ញើមកឲ្យ។ ទំនេរពីការសិក្សា ម៉ានិច្ច តែងឆ្លៀតទៅជួយដកស្ទូង ដែល១០០កណ្តាប់នាងទទួលបានថវិកា ២៥០០រៀលខ្មែរតែប៉ុណ្ណោះ។
រយៈពេល៤ឆ្នាំដែលឪពុកម្តាយបានចាកចេញពីផ្ទះ ទៅរកស៊ីនៅក្រៅ ទើបត្រឡប់មកវិញ ប៉ុន្តែមិនបានជួយយឹតយោងជីវភាពគ្រួសារឲ្យបានប្រសើរឡើយ។ នាងប្រាប់ថា អ្នកមានគុណបានសុំទោស និងតូចចិត្តដែលមិនអាចចាប់ដៃគ្នារកស៊ីឲ្យបានប្រសើរដូចគ្រួសារគេដទៃ។
បញ្ចប់បាក់ឌុបទាំងមិនបានប្រឡង សម្រេចចូលធ្វើការរោងចក្រ
ដោយសារជីវភាពខ្វះខាត ឈិន ម៉ានិច្ច ប្រាប់ថានាងត្រូវបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី១២ ទៅធ្វើការនៅរោងចក្រនិងដើរច្រៀងតាមវង់ភ្លេងតន្ត្រីមួយក្នុងខេត្ត។ ជារឿងមួយដែលពិបាក ក្មេងស្រីម្នាក់សុខចិត្តបោះបង់ការសិក្សា មកស្រវាការងារតាមរោងចក្រ ដើម្បីចិញ្ចឹមក្រពះមនុស្សក្នុងគ្រួសារទាំងមូល នាងប្រាប់ថាពិតជាពិបាក និងហត់នឿយខ្លាំង តែមិនអាចនិយាយបាន។ នាងត្រូវធ្វើការថែមម៉ោងជារៀងរាល់ថ្ងៃដើម្បីបានកម្រៃបន្ថែមទុកផ្គត់ផ្គង់ជីវភាព។
ម៉ានិច្ច ថ្លែង៖"ខ្ញុំសឹងតែគិតថាខ្លួនឯងធ្វើមិនបាន តែខ្ញុំនៅតែជម្នះ ភាគច្រើនក្មេងៗស្រករខ្ញុំពេលនោះប្រហែលមិនអាចធ្វើបានដូចខ្ញុំទេ មើលទៅ។ ណាមួយរ៉ាប់រងគ្រួសារ ណាមួយធ្វើការហត់ ពីព្រឹកដល់យប់ទៀត។ ការងារបើធ្វើធម្មតាបានតែ ៨៥ដុល្លារ តែវាតិចតួចណាស់បងសម្រាប់ផ្គត់ផ្គង់គ្រួសារទើបចេះតែបន្ថែមម៉ោងរហូតដល់យប់ជ្រៅជារៀងរាល់ថ្ងៃ ដែលអាចឲ្យនាងទទួលបានទឹកប្រាក់បន្ថែមទៀត"។
ធ្វើការរោងចក្របាន៣ឆ្នាំ មានវង់ភ្លេងនៅខាងមន្ទីរវប្បធម៌រៀបចំប្រឡងចម្រៀង ម៉ានិច្ច ត្រូវបានមិត្តភក្តិណែនាំ ព្រមទាំងជួយជាសំលៀកបំពាក់ ក៏ដូចជាទិញពាក្យដើម្បីដាក់ចូលប្រឡង។ ជាលទ្ធផលនាងបានជាប់លេខ ១ ទទួលបានលុយ៥ម៉ឺន ទូរទស្សន៍មួយគ្រឿង។ ចាប់ពីពេលនោះមកនាងត្រូវធ្វើការរោងចក្រផងឆ្លៀតច្រៀងឲ្យខាងមន្ទីរវប្បធម៌ផង នាងថាហត់ណាស់ តែដោយសារនៅវ័យក្មេង កំពុងពេញកម្លាំងទើបចេះតែខំប្រឹង ហើយមិនដែលចុះចាញ់ឡើយ ធ្វើម៉េចបើវាសនា ចារមកថានាងត្រូវតែខំបែបនេះ។
រហូតមានថ្ងៃមួយនាងធ្លាក់ខ្លួនឈឺជំងឺដុះគីសនៅក្បែរសុដន់ មិនអាចទៅធ្វើការបាន លុយកាក់ដែលខំរកទាំងប៉ុន្មានត្រូវយកមកព្យាបាលជំងឺ មិនត្រឹមតែប៉ុណ្ណោះ ឪពុកម្តាយនាងសម្រេចចិត្តលក់ស្រែដើម្បីមើលជំងឺថែមទៀត។
សម្រេចចិត្តមកច្រៀងនៅទីក្រុង ដើម្បីបានកម្រៃបន្ថែម
ក្រោយពីជាសះស្បើយបានមួយកម្រិត អំឡុងខែ ឧសភា ឆ្នាំ២០១៦ មានមិត្តភក្តិម្នាក់ណែនាំ ម៉ានិច្ច មកច្រៀងនៅភ្នំពេញ ដោយហេតុផលបានលុយច្រើន មួយយប់ ២០ដុល្លារ និងមិនសូវហត់ដូចនៅខេត្ត។ គិតច្បាស់កូនស្រីច្បងរូបនេះ បានសម្រេចមកច្រៀងនៅភ្នំពេញតាមការណែនាំ ពីមិត្តភក្តិ និងបានមកចូលច្រៀងនៅភោជនីយដ្ឋានមួយកន្លែង។
“ដំបូងមិនចង់ហ៊ានមកទេ តែខ្ញុំដាក់ចិត្តគិតថា ខ្លួនឯងត្រូវតែក្លាហាន ហ៊ានប្រថុយ ដើម្បីបានលុយ។ មកដល់ច្រៀងនៅហាងមួយកន្លែង ថៅកែហាងចិត្តល្អ ជួយទំនុកបម្រុងច្រើនណាស់បង សូម្បីតែដាក់ពាក្យប្រឡងក៏បានថៅកែ ជាអ្នកជួយជំរុញដែរ"។
ដាច់ចិត្តដាក់ពាក្យប្រឡង Cambodian Idol ទាំងបង្ខំ
ដំបូងនាងមានការរារែក មិនចង់ដាក់ពាក្យប្រឡងឡើយព្រោះ ធ្លាប់មានប្រវត្តិ ធ្លាក់រួចម្តងទើបលែងមានបំណងទៀត។ប៉ុន្តែដោយសារមានការជំរុញទឹកចិត្តពីម្ចាស់ហាងដែលនាងច្រៀងពេលយប់ឡើង ទើប ម៉ានិច្ច ដាច់ចិត្តដាក់ពាក្យប្រឡងតែម្តង ដែលនាងបានជ្រើសរើសយកបទចម្រៀងស្នាដៃនិពន្ធថ្មី "នៅទីនេះមានមនុស្សខូចចិត្ត" ម្ចាស់បទដើម អេដា មកប្រឡងក្នុងវគ្គ Judge Audition។
ក្នុងនោះម្ចាស់ពានមកពីខេត្តកំពង់ស្ពឺ អះអាងថាក្តីសង្ឃឹមមិនដែលនឹកស្មានថាបានដល់វគ្គ Live Show ឡើយ។ ប៉ុន្តែជាក់ស្តែងនាងបានទាំងជាប់ដល់វគ្គបន្តបន្ទាប់ រហូតទទួលបានជយលាភី ម្ចាស់ពាន Cambodian Idol រដូវកាលទី២ តែម្តង។ អារម្មណ៍ប្រាកដជាមិនអាចរៀបរាប់បាន រំភើបលាយឡំនឹងទឹកភ្នែក ហើយនាងនឹងសង្ឃឹមថា ក្រោយពីទទួលបានពាន ជីវភាពនាងនឹងប្រែប្រួល មិនតែប៉ុណ្ណោះនឹងជួយឲ្យបងប្អូនកាន់តែស្គាល់ និងគាំទ្រនាងខ្លាំងជាងមុន។
ចុងក្រោយ នាងសូមថ្លែងអំណរគុណដល់ទស្សនិកជនទាំងអស់ ដែលបានជួយបោះឆ្នោតគាំទ្ររូបនាងតាំងពីដើមរហូតមកដល់ពេលនេះ នាងប្រាប់ថាមានតែម្រាមដៃ១០ លើកសំពះអរគុណដល់ប្រិយមិត្ត និងសូមជូនពរឲ្យសំណាងល្អកើតមានដល់ ពុកម៉ែបងប្អូនទាំងអស់គ្នា៕