ដឹង​អត់ ហេតុអ្វី​បាន​ជា​គេ​តាំង​​រូប​សំណាក​​ស្ដេច​កន​ ​​នៅ​ខេត្ត​ត្បូងឃ្មុំ?

  • 2016-12-26 06:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សំណាក​ហ្លួង​ព្រះ​ស្ដេច​កន ជិះ​សេះ​បាញ់​ធ្នូ ​​បាន​​តាំង​នៅ​វត្ត​ព្រៃ​អង្គរ​ក្នុង​​ ​ភូមិ​នគរ​ក្នុង​ ឃុំ​ដូនតី​ ស្រុក​ពញាក្រែក ចម្ងាយ​១៦,៥​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ត្បូងឃ្មុំ។ ​តើ​ប្រិយ​មិត្ត​ឆ្ងល់​ទេ​​ថា ហេតុ​អ្វី​បាន​ជា​គេ​​កសាង​រូបសំណាក​​ស្ដេច​កន នៅ​​តំបន់​មួយ​នេះ?

រូប​សំណាក​ស្តេច​កន ជិះ​សេះ​បាញ់ធ្នូ

បើ​តាម​ឯកសារ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​​ថា ​​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​​ហ្លួង​ព្រះ​ស្ដេច​កន​​​នេះ​ គឺជា​អតីត​រាជធានី​​អាណាចក្រ​ខ្មែរ​មុន​សម័យ​អង្គរ។ ​ក្រោយ​មក​នៅ​សតវត្ស​ទី​១៦​ ក្នុង​រជ្ជកាល​​​​ស្តេច​កន (ព្រះ​បាទ​ស្រី​ជេដ្ឋា)​ ​ក៏​បាន​យក​តំបន់​នេះ​​ធ្វើ​ជា​​​រាជ​ធានី​ម្តង​ទៀត​ ដោយ​​មាន​ឈ្មោះ​ថា ​ក្រុង​ស្រឡប់​ពិជ័យ​បន្ទាយ​ព្រៃ​នគរ ឬ​ហៅ​ថា​ «បន្ទាយ​ព្រៃ​នគរ» ​មាន​ទំហំ​២,៥​គីឡូម៉ែត្រ​ការ៉េ។ រីឯ​ការ​សាង​សង់​រូប​​សំណាក​ស្ដេច​កន​នេះ​ គឺ​ដើម្បី​ឧទ្ទិស​ដល់​ស្នាព្រះហស្ត​របស់​ព្រះ​អង្គ។

ខ្លោង​ទ្វារ​ចូល​វត្ត​​ព្រៃ​អង្គរ​ក្នុង

ចំណែក​​ឯ​ ព្រះ​តេជគុណ​ ​មុំ​ កុសល​ ​គ្រូ​សូត្រ​នៅ​វត្ត​ព្រៃ​អង្គរ​ក៏​បាន​​លើក​ឡើង​ស្រដៀង​គ្នា​​ដែរ។ ព្រះ​តេជគុណ មាន​សង្ឃ​ដីកា​ថា៖ "រូប​សំណាក​ស្តេច​កន​ ​​ត្រូវ​បាន​គេ​កសាង​ឡើង​​ថ្មី​នេះ​ទេ នៅ​ចុង​ឆ្នាំ​២០០៦ ឬ​ដើម​ឆ្នាំ​២០០៧។ ខាង​មគ្គទេសក៍​ទេសចរណ៍ បាន​ស្រាវជ្រាវ​ឃើញ​​ថា កន្លែង​នេះ​ជាប់​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​ស្តេច​កន ​អញ្ចឹង​គេ​សាង​សង់​រូប​នេះ​ឡើង​ ដើម្បី​​ឧទ្ទិស​ដល់​ព្រះ​ស្តេច​កន​ ក៏​ដូច​ជា​កសាង​ឡើង​ ដើម្បី​ជា​ភស្តុតាង​ឲ្យ​កុលបុត្រ​កូន​ខ្មែរ​​ស្គាល់​ថា រូប​ព្រះ​ស្តេច​កន​​យ៉ាង​ម៉េច​ ហើយ​គាត់​ខ្លាំង​ពូកែ​ប៉ុណ្ណា។ ដូច្នេះ​ហើយ​ បាន​ជា​​គេ​ក៏​សាង​រូប​ហ្នឹង​ នៅ​កន្លែង​នេះ”។

ព្រះបាទ​ស្រី​ជេដ្ឋា (ព្រះ​ស្ដេច​កន) គឺ​ជា​ស្ដេច​ខ្មែរ​មួយ​អង្គ​សោយ​រាជ្យ​នៅ​រាជធានី​ស្រឡប់​​ពិជ័យ​ព្រៃនគរ ចាប់​តាំង​ពី​គ្រិស្តសករាជ ១៥១២ - ១៥២៥។ ព្រះ​អង្គ​ ជា​អង្គ​ក្សត្រ​ដែល​មាន​បុណ្យ​បារមី មាន​ទឹក​ចិត្ត​ក្លាហាន មាន​ថ្វី​ដៃ​គ្មាន​គូ​ប្រៀប និង​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​មោះមុត។ ក្នុង​ព្រះរាជ​កិច្ច​ដឹក​នាំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច មាន​ការ​អភិវឌ្ឍ​ក្រៃលែង ហើយ​បាន​បោះ​រូបិយវត្ថុ​ប្រាក់​ស្នឹង និង​មាន​មាស​សន្លឹក​ចាយ​លើក​ដំបូង​បង្អស់ ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា៕

អត្ថបទ៖ វិន ជីវ័ន្ត​

អត្ថបទថ្មី