Jessie J ប្រាប់​គន្លឹះ​នៃ​ការ​លាប​ក្រែម​បបូរ​មាត់​ឲ្យ​ជាប់​បាន​ពេញ​១​ថ្ងៃ

  • 2016-12-29 04:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​អង់គ្លេស Jessie J បាន​រៀបរាប់​ពី​វិធីសាស្ត្រ​ដែល​ធ្វើ​ឲ្យ​បបូរ​មាត់​មាន​ពណ៌​ក្រែម​ជាប់​បាន​យូរ​ពេញ​មួយ​ថ្ងៃ ដូច្នេះ​ហើយ មិត្ត​ៗ​នារី​ទាំងអស់​មិន​ចាំ​បាច់​ពឹង​លើ​ការ​ថែម​ក្រែម​ច្រើន​ដង​ ដែល​ធ្វើ​ឲ្យ​ឃើញ​ស្នាម​ក្រែម​មក​ទាំង​ដុល​ទៀត​ទេ។

​Jessie J បាន​ឲ្យ​យោបល់​ថា ប្រសិន​ជា​អ្នក​ចង់​ឲ្យ​ពណ៌​ក្រែម​នៅ​ជាប់​បាន​យូរ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា បរិវេណ​នៅ​ជុំវិញ​មាត់​របស់​អ្នក​មិន​ត្រូវ​ឲ្យ​សើម​ជាមួយ​នឹង​ម្សៅ​ទ្រនាប់​ឬ​ម្សៅ​ធម្មតា​ច្រើន​ពេក​ទេ។ តារា​វ័យ២៨​ឆ្នាំ​ ដែល​និយម​ផាត់​មុខ​ឡើង​ឆាក​ខ្លួន​ឯង​រូប​នេះ​ បាន​បន្ត​បង្ហើប​ពី​តិចនិក​នៃ​ការ​គូស​រង្វង់​បបូរ​មាត់​ឲ្យ​បាន​ស្រស់​ស្អាត​ផង​ដែរ។ នាង​បាន​ណែនាំ​ឲ្យ​ប្រើ​ខ្មៅដៃ​គូស​រង្វង់​បបូរមាត់​ដែល​មាន​ចុង​ស្រួច ព្រោះ​បើ​ប្រើ​ចុង​ទាល នឹង​ធ្វើ​ឲ្យ​ពណ៌​របស់​ក្រែម​ប្រតាក​មិន​ខាន​ឡើយ។ បន្ទាប់​មក​គូស​ជុំវិញ​បបូរ​មាត់​អ្នក​ស្រាល​ៗ មិន​បាច់​ដិត​ពេក​នោះ​ទេ​ នាំ​តែ​ឃើញ​គំនូស​ខ្លាំង​ពេល​វា​ស្ងួត​។

​​​​ការ​ជ្រើស​រើស​ផលិតផល​ក្រែម​ដែល​មាន​គុណភាព​ល្អ ក៏​ជា​រឿង​​មិន​គួរ​ខកខាន​ដែរ ព្រោះ​ថា​ក្រែម​ភាគ​ច្រើន​មិន​ជាប់​ពណ៌​បាន​យូរ​ដូច​ដែល​ពេល​ផ្សព្វផ្សាយ​នោះ​ទេ សូម្បី​តែ​តារា​មួយ​ចំនួន ក៏​ត្រូវ​ចំណាយ​ពេល​និង​ថវិកា ​រើស​យក​ផលិតផល​ម៉ាក​ល្អ​មក​ប្រើ។ Jessie J លើក​ឡើង​អំពី​របៀប​ដែល​អាច​ពន្យារ​ពេល​ប្រើ​ក្រែម​ទាំង​នោះ​ឲ្យ​បាន​រយៈពេល​យូរ​ថា៖ "ខ្ញុំ​តែងតែ​ប្រើ​ជក់​បបូរមាត់​សម្រាប់​លាប​ក្រែម តែ​ប្រសិន​ជា​ដើរ​ចេញ​ក្រៅ ខ្ញុំ​លាប​ក្រែម​ផ្ទាល់​តែ​ម្ដង រួច​យក​ជក់​មក​គ្រវាស​លើ​​បបូរមាត់​បន្ថែម​​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ជា​ទី​គាប់​ចិត្ត ហើយ​កុំ​ភ្លេច​ពេល​ផឹក​ភេសជ្ជៈ ប្រើ​បំពង់​បឺត​ជានិច្ច"។

តើ​ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ​ចំពោះ​តិចនិក​របស់ Jessie J ? ​​​

ប្រែ​សម្រួល៖ សីលា

អត្ថបទថ្មី