BKS សហការជាមួយ ផលិតករ "កំណត់ហេតុនាងនាថ"ផលិតរឿងថ្មីមួយ
- 2016-12-30 04:53:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BKS សហការជាមួយ ផលិតករ "កំណត់ហេតុនាងនាថ"ផលិតរឿងថ្មីមួយ
ចន្លោះមិនឃើញ
ព្រឹកមិញនេះផលិតកម្ម BKS បានក្រុងពាលីរឿងខ្នាតធំមួយមានចំណងជើងថា "អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ" ភាពយន្តមួយនេះ លោក ចាន់ណា រ៉ូណាន់ ដែលជាផលិតកររបស់ផលិតកម្មឥន្ទ្រានិមិត្ត បានចូលរួមសម្ដែង និង ជួយលើកិច្ចការមួយចំនួនផងដែរ។
លោក ឈុន សុវណ្ណភក្ដី ចាងហ្វាង ផលិតកម្ម BKS បានឲ្យដឹងថា វត្តមានរបស់លោក ចាន់ណា រ៉ូណាន់ មិនត្រឹមតែតួសម្ដែងទេ លោកក៏បានពឹងឲ្យផលិតកររឿង"កំណត់ហេតុនាងនាថ" ជួយមើលលើការដឹកនាំសម្ដែង ក៏ដូចជា កិច្ចការផ្សេងទៀត ដើម្បីឲ្យខ្សែភាពយន្តមួយនេះទទួលបានភាពជោគជ័យផងដែរ។
ភក្ដី បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យលោកសម្រេចជ្រើសរើស លោក ចាន់ណា រ៉ូណាន់ មកជាដៃគូទាំងការសម្ដែងក៏ដូចជា ជួយមើលការផលិតនេះ ក៏ព្រោះតែលោកសម្លឹងឃើញថា តារារូបនេះមានសមត្ថភាពទាំងការសម្ដែង ក៏ដូចជាការដឹកនាំ ហើយម្យ៉ាងសាច់រឿងរបស់លោកត្រូវការតួ មុខកំប្លែង ត្រូវនឹងលោក រ៉ូណាន់ តែម្ដង។
លោក ចាន់ណា រ៉ូណាន់ បានលើកឡើងថា នេះជាលើកដំបូងហើយលោកបានសម្ដែងឲ្យផលិតកម្មផ្សេងបន្ទាប់ពីទទួលបានភាពជោគជ័យរឿង"កំណត់ហេតុនាងនាថ"។ ជាមួយកិច្ចសហការនេះ ខ្លួនរីករាយក្នុងការជួយលើការផលិតភាពយន្តមួយនេះឲ្យទទួលបានភាពជោគជ័យ។ កិច្ចសហការខាងលើ លោក ចាន់ណា រ៉ូណាន់ បញ្ជាក់ថា មិនមែនចូលហ៊ុនគ្នាក្នុងផលិតឡើយ គឺខ្លួនស៊ីថ្លៃសម្ដែងដូចតារាផ្សេងៗទៀតគ្រាន់តែជួយមើលលើការផលិតបន្ថែមប៉ុណ្ណោះ។
រឿង "អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ" គឺជាភាពយន្តបែបកំប្លែង មានតារាសម្ដែងល្បីជាច្រើន មានដូចជា នាយគ្រឿន នាយចឺម នាយពាង នាងខ្ញុង លោក ចាន់ណា រ៉ូណាន់ លោក ឈុន សុវណ្ណភក្ដី ពៅ លីដា និង តារាសម្ដែងជាច្រើនរូបទៀត។
ភាពយន្តដែលជាវណ្ណកម្មទី៣ របស់ ផលិតកម្ម BKSមួយនេះ គ្រោងចេញថតនៅដើមឆ្នាំ២០១៧ ខាងមុខនេះរយៈពេល៤ខែ ដោយគ្រោងចំណាយនៃការផលិតចាប់ពីជាង៦ម៉ឺនដុល្លារឡើង។ លោក ឈុន សុវណ្ណភក្ដី មិនបានរំពឹងថា រឿង "អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ" អាចរកចំណូលបានច្រើនរហូតដល់ទៅជាង២៤ម៉ឺនដុល្លារ ដូចរឿង"កំណត់ហេតុនាងនាថ"ឡើយ ប៉ុន្តែលោកបានប្ដេជ្ញាចិត្តថា និងព្យាយាមផលិតភាពយន្តខាងលើឲ្យបានល្អបំផុត៕