២០១៧៖ ឆ្នាំថ្មី ស្នាមញញឹមថ្មី ត្រៀមផលិតអ្វីដែលថ្មី សម្រាប់ជោគជ័យថ្មី
- 2016-12-31 00:51:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០១៧៖ ឆ្នាំថ្មី ស្នាមញញឹមថ្មី ត្រៀមផលិតអ្វីដែលថ្មី សម្រាប់ជោគជ័យថ្មី
ចន្លោះមិនឃើញ
ឆ្នាំថ្មី មានអ្នកខ្លះសប្បាយចិត្ត អ្នកខ្លះមិនសប្បាយចិត្ត ប៉ុន្តែចង់មិនចង់អាយុចាស់ ១ឆ្នាំទៀតដូចគ្នា។ បើនិយាយពីអាយុសារព័ត៌មាន Sabay បង្កើតបានជិត ៧ឆ្នាំហើយ តាំងពីដើមឆ្នាំ ២០១០។ មនុស្សមួយក្រុម នៅពីក្រោយវេបសាយផលិតព័ត៌មានជាប្រចាំ ក៏កើនអាយុដូចគ្នា ប៉ុន្តែតួនាទីរបស់អ្នកទាំងនោះ ប្រៀបដូចចុងភៅអីចឹង គឺរាល់ម្ហូបត្រូវតែមានអនាម័យ ឆ្ងាញ់ ញ៉ាំមិនទ្រលាន់ ហើយទទួលខុសត្រូវខ្ពស់បំផុតលើអ្វីដែលខ្លួនបានផលិត ឬសរសេរ។
ក្រៅពីជាម៉ាស៊ីនផលិតព័ត៌មានបែបឌីជីថល អ្វីដែលSabay ប្រកាន់ខ្ជាប់បំផុតគឺ "គំនិតបង្កើតថ្មី"។ ស្ថាប័នសារព័ត៌មានបង្កើតថ្មីច្រើន ឯអ្នកសារព័ត៌មានអាជីពឆ្លងកាត់កម្រិតបរិញ្ញាបត្រ សាកលវិទ្យាល័យផលិតមិនទាន់តម្រូវការ។ Sabay ក៏ជាទីកន្លែងសម្រាប់បណ្ដុះបណ្ដាល យុវជនជំនាន់ក្រោយ ដែលចូលរួមជាកម្លាំងស្នូល ជាមួយ Website ព័ត៌មានមួយនេះ ឲ្យទៅជា "អ្នកព័ត៌មានអាជីព"។
ការផ្ដល់ឱកាសបញ្ចេញទេពកោសល្យដែលពួកគេមាន ទៅដល់មនុស្សរាប់សែននាក់តាមដាន Sabay រាល់ថ្ងៃ ជាកត្តាជំរុញឲ្យភាពច្នៃប្រឌិតកើតឡើងមិនចេះរីងស្ងួត។ សម្រាប់ឆ្នាំថ្មីនេះ ក្រុមការងារយើងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបង្កើតអ្វីដែលថ្មី ដើម្បីជោគជ័យថ្មី។
មិនភ្លេចទេសម្រាប់មិត្តអ្នកអាន និងតាមដាន Sabay ទាំងអស់។ រាល់មតិរិះគន់ ផ្ដល់ជាយោបល់ គំនិត និងសំណូមពរកន្លងមក ពិតជារួមចំណែកយ៉ាងសំខាន់ធ្វើឲ្យ Sabay កាន់តែប្រសើរ។
ក្នុងនាមជានិពន្ធនាយក និងតំណាងឲ្យក្រុមការងារ Website Sabay ទាំងមូល សូមប្រសិទ្ធិពរជ័យ ជូនពរឆ្នាំថ្មី ឆ្នាំសាកល ២០១៧ ដល់សិស្ស/និស្សិត បុគ្គលិក មន្ត្រីរាជការ អាជីវករ គ្រប់ជាន់ថ្នាក់ ទទួលបានសេចក្ដីសុខ ចម្រើន សុភមង្គលគ្រប់ក្រុមគ្រួសារ លទ្ធផលទាំងការសិក្សា ការងារ ស្នេហា កុំបីហ្មង ចំណូលហូរចូលកាន់តែធូរធារ។
ជាពិសេស សូមបំពេញកាតព្វកិច្ចគោរពច្បាប់ចរាចរណ៍ គ្រប់ទិសទី គ្រប់កាលៈទេសៈ ដើម្បី សុខសុវត្ថិភាពលើដងផ្លូវ ទាំងជិត ទាំងឆ្ងាយ៕