​ចូលរួម​ពិព័រណ៌​វិទ្យាសាស្រ្ត​ វិស្វកម្ម​សិស្ស​សាលា​វត្ត​ស្វាយ​ស្អែក​នេះ​ ​អាច​​រៀន​​ចេះ​ផលិត​សាប៊ូ​​ទៀត​ផង

  • 2017-01-04 03:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​ប្រចាំ​នៅ​វិទ្យាល័យ​ហ៊ុន សែន ​វត្ត​ស្វាយ ​ខេត្ត​សៀមរាប នឹង​រៀបចំ​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម​ STEM Fair 2017 ជា​លើក​ទី​មួយ​នៅ​ខេត្ត​សៀមរាប​​ថ្ងៃ​ស្អែក​នេះ។

យុវជន ស ហុកលី ប្រធាន​ក្រុម​វិទ្យាសាស្ត្រ និង​វិស្វកម្មវ័យ​ក្មេង​ប្រចាំ​នៅ​វិទ្យាល័យ​ហ៊ុន សែន វត្ត​ស្វាយ​ដែល​ដឹក​នាំ​រៀបចំ​កម្មវិធី​ពិព័រណ៍​បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ពិព័រណ៍​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម​នេះ គោលដៅ​ចម្បង​គឺ​ចង់​ជំរុញ​ឲ្យ​យុវជន​ងាក​មក​ចាប់​អារម្មណ៍​ផ្នែក​វិទ្យាសាស្ត្រ​វិស្វកម្ម និង​​​​​បង្កើត​​ឱកាស​​ឲ្យ​ពួកគេ​អាច​ដាក់​​​បង្ហាញ​ស្នាដៃ​​បច្ចេកវិទ្យា​​នានា​។

យុវ​សិស្ស​ថ្នាក់​ទី ១២ នេះ​បន្ត​ថា ពិព័រណ៌​​ដែល​នឹង​រៀបចំ​ពេញ​មួយ​ព្រឹក​​បែងចែក​ជា ៥ កម្មវិធី​​ធំៗ​មាន​ដូចជា​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ​គំនូរ និង​គណិតវិទ្យា។

យុវ​សិស្ស​វ័យ​ក្មេង​​ពោរ​ពេញ​ដោយ​មហិច្ឆតា​​រូប​នេះ​​បន្ត​ទៀត​ថា ក្នុង​ពិព័រណ៍​អ្នក​ចូលរួម​ក្រៅ​ពី​អាច​ទស្សនា​ការ​បង្ហាញ​ស្នាដៃ​​ដូចជា​ការ​ធ្វើ​រ៉ូបូត ការ​ធ្វើ​ឡាន​ដោយ​ប្រើ​ចំហាយ​ទឹក ការ​ផលិត​សាប៊ូ ការ​ទស្សនា​សិល្បៈ​គំនូរ​​ផ្សេងៗ​ ក៏​អាច​ចូលរួម​​រៀន​អនុវត្ត​ជាមួយ​ក្រុម​ការងារ​ថែម​ទៀត​ផង។

បើ​តាម​យុវជន​រូប​នេះ​​មាន​ការ​រំពឹង​ទុក​​​​សម្រាប់​ការ​រៀបចំ​ពិព័រណ៌​​​នេះ​​​ ដែល​នឹង​​ជួយ​​ពញ្ញាក់​ស្មារតី​ដល់​យុវជនផ្តោត​អារម្មណ៍​មក​​​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ឲ្យ​បាន​ច្រើន ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន។

​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម​ (STEM Fair 2017 ) នឹង​ធ្វើ​ឡើង​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ស្អែក​នេះ​ចាប់​ពី​ម៉ោង ៧ ០០ ដល់ ១១ ០០ ដែល​​ទីតាំង​នៅ​វិទ្យាល័យ​ហ៊ុន សែន​វត្ត​ស្វាយ​ក្នុង​ទីរួម​ខេត្ត​សៀមរាប៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី