បាត់​ខ្លួន​​ជិត ៣​ឆ្នាំ MH370 រក​មិន​ឃើញ​ពន្លឺ​ ការ​រុក​រក​ត្រូវ​​ផ្អាក​​​​មួយ​រយៈ​

  • 2017-01-17 08:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្វែង​រក​​​​ជើង​ហោះ​ហើរ​ ម៉ាឡេស៊ី​ ​MH370 រយៈ​ពេល​ជិត​ ៣​ឆ្នាំ​​បាន​បញ្ចប់​​ដោយ​ភាព​បរាជ័យ​​​​​នា​ថ្ងៃ​អង្គារ​នេះ​។ នេះ​បើ​​តាម​សារព័ត៌មាន​ Associated Press ។

ក្រុម​​ស្រាវ​ជ្រាវ​រុក​រក​ បាន​បំពេញ​បេសកកម្ម​​ ស្វែង​រក​​​ក្នុង​សមុទ្រ​ជ្រៅ​​តាម​បណ្ដោយ​​​មហា​សមុទ្រ​ ឥណ្ឌា​ ដោយ​គ្មាន​រក​ឃើញ​​ ស្នាម​ដាន​​​ ឬ​បំណែក​អ្វី​បន្តិច​បន្តួច​របស់​យន្តហោះ​នោះ​ឡើយ​។

​​ទី​ភ្នាក់​ងារ​ របស់​​អូស្ត្រាលី ដែល​​​​​​​​​​បំពេញ​បេសកកម្ម​​​​ រុក​រក​​យន្ត​ហោះ​ Boeing 777 នោះ​ បាន​​​បញ្ជាក់​ថា ការ​រុក​រក​ត្រូវ​បាន​ពន្យារ​ពេល​​សិន បន្ទាប់​ពី​​ក្រុម​ការងារ​​​​ស្វែង​រក​ តាម​ផ្ទៃ​សមុទ្រ​ ១២០ ០០០​គ.ម​ការ៉េ​ ដោយ​ពុំ​មាន​ពន្លឺ​អ្វី​សោះ​ ពី​យន្តហោះ​នោះ​។

“​​​​ពួក​យើង​​បាន​ប្រើ​ប្រាស់​ ​ធន​ធាន​បច្ចេកវិទ្យា​​​ទំនើប​ចុង​ក្រោយ​ ក៏​ដូច​ជា​អ្នក​ជំនាញ​ជា​ច្រើន​​​ហើយ ប៉ុន្តែ​នៅ​តែ​មិន​អាច​រក​ឃើញ​ ទី​តាំង​​របស់​យន្តហោះ (MH370) ឃើញ​ឡើយ​។" នេះ​បើ​តាម​សេចក្ដី​ប្រកាស​រួម​គ្នា​​របស់​ទី​ភ្នាក់​ងារ​រុក​រក​​យន្តហោះ​អូស្ត្រាលី​ The Joint Agency Coordination Center ជា​មួយ​ ​​​មន្ត្រី​​​ដឹក​ជញ្ជូន​របស់​ ម៉ាឡេស៊ី​។

ក្រុម​អ្នក​ជំនាញ​​ក្នុង​​ផែន​ការ​​រុក​រក​​ជើង​ហោះ​ហើរ​បាត់​ខ្លួន​ បាន​ណែ​នាំ​ឲ្យ​ក្រុម​ការងារ​រុក​រក​​ទៅ​កាន់​តំបន់​ថ្មី​ផ្សេង​ទៀត ក្រោយ​ការ​វិភាគ​រួច យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​អូស្ត្រាលី​ដែល​ជ្រោមជ្រែង​ក្នុង​បេសកកម្ម​រុក​រក​ MH370 នោះ​បាន​បដិសេធ​។

រំលឹក​ផង​ដែរ​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មីនា ឆ្នាំ២០១៤ ហើយ​ឆក់​យក​ជីវិត​មនុស្ស ២៣៩​នាក់ ពេល​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​កូឡាឡុំាពួរ ទៅ​កាន់​​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ការ​រុក​រក​ជើង​ហោះហើរ MH370 គឺ​ជា​ប្រតិបត្តិការ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ចំណាយ​ប្រាក់​អស់​រាប់​រយ​លាន​ដុល្លារ និង​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​ចម្រុះ​ជាតិសាសន៍​ជា​ច្រើន​ប្រទេស។ ក្រុម​ការងារ​រុករក​របស់​ប្រទេស​អូស្ត្រាលី សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​យន្តហោះ​ដែល​បាត់​ខ្លួន​​យ៉ាង​អាថ៌កំបាំង​នេះ នៅ​ពេល​ឈាន​ដល់​តំបន់​រុករក​ចុង​ក្រោយ​នា​ខែ​ឧសភា​ឆ្នាំ​២០១៥ កន្លងទៅ ប៉ុន្តែ​នៅ​តែ​គ្មាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​ឡើយ៕

ប្រភព៖ MSN   ប្រែ​សម្រួល៖ មាន រតនា