ស្រីម្នាក់ចោទ តារាចម្រៀងOriginal Song សុគន្ធ ធារ៉ាត់ ជំពាក់លុយមិនព្រមសង
- 2017-01-18 03:51:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីម្នាក់ចោទ តារាចម្រៀងOriginal Song សុគន្ធ ធារ៉ាត់ ជំពាក់លុយមិនព្រមសង
ចន្លោះមិនឃើញ
ស្ត្រីស្អាតម្នាក់ឈ្មោះស៊ុន សុវណ្ណធារី ដែលជាអតីតតារាសម្ដែង បានចោទទៅតារាចម្រៀងOriginal លោក សុគន្ធ ធារ៉ាត់ ថា បានជំពាក់ប្រាក់ខ្លួន១០០ដុល្លារ មិនព្រមសងវិញឡើយ ទោះបីជា នាងព្យាយាមយ៉ាងណាក្ដី។
កញ្ញា ស៊ុន សុវណ្ណធារី បានប្រាប់ថា លោក សុគន្ធ ធារ៉ាត់ បានខ្ចីប្រាក់ខ្លួនជាង៥ខែមកហើយកាលដែលនៅរាប់អានគ្នា ហើយបន្ទាប់ពីមានភាពរកាំរកូសជាមួយគ្នាមក កញ្ញាបានឆាត ក៏ដូចជាទូរស័ព្ទទៅទារប្រាក់នោះ ជាច្រើនលើក ប៉ុន្តែតារាចម្រៀងរូបនេះ បានBlock Facebook ខ្លួន និង លេខទូរស័ព្ទខ្លួនចោលថែមទៀត។
តារាស្រីក្នុងរឿង" វេរាស្នេហ៍ឆ្លងភព"រូបនេះបានបន្តទៀតថា ប្រាក់ដែល លោក សុគន្ធ ធារ៉ាត់ ខ្ចីនេះមិនមែន១០០ ដុល្លារទេ គឺខ្ចី១៣០ ដុល្លារ ប៉ុន្តែនាងប្រាប់ថាយកវិញតែ១០០ ដុល្លារប៉ុណ្ណោះ ដោយការខ្ចីនោះនាងមានទាំងវិក្កយបត្រថែមទៀត។
ដោយសារតែព្យាយាមទារមកវិញ មិនអាចទាក់ទងទៅលោក សុគន្ធ ធារ៉ាត់ បានព្រោះទាំង Facebook និង លេខទូរសព្ទ ត្រូវបានតារាចម្រៀងខាងលើBlock ខ្លួនបានព្យាយាមទាក់ទងទៅ សង្សារថ្មី របស់តារាចម្រៀងនេះ ដើម្បីផ្ដាំឲ្យ យកប្រាក់មកសង ប៉ុន្តែសង្សារថ្មីនោះ បានជេរខ្លួនយ៉ាងចាស់ដៃថែមទៀតផង។ដោយទ្រាំលែងបាន កញ្ញា ស៊ុន សុវណ្ណធារី បានបង្ហោះលើFacebook ទាមទារឲ្យ តារាចម្រៀងរូបនេះចេញមុខមកសងប្រាក់ខ្លួនជាបន្ទាន់ បើមិនដូចនេះទេ នាងនៅតែបង្ហោះរូបនោះ បន្តទៀត។
ជុំវិញការលើកឡើងខាងលើ លោក សុគន្ធ ធារ៉ាត់ បានបដិសេធលើកការចោទប្រកាន់នេះទាំងស្រុង។ តារាចម្រៀងដែលជិះរថយន្តPorsche Factory Sport 2009 តម្លៃជិត៧ម៉ឺនដុល្លាររូបនេះ ឲ្យដឹងថា កញ្ញា ស៊ុន សុវណ្ណធារី គឺជាអតីតសង្សាររបស់ខ្លួន ដោយរាប់អានគ្នាបានប្រហែល១ខែក៏បែកគ្នាវិញ។ ម្ចាស់បទ “Sexy អីយ៉ាងនេះ?"បានបន្តទៀតថា ខ្លួនមិនធ្លាប់ខ្ចីប្រាក់នោះទាល់តែសោះ ប៉ុន្តែបើដើរលេងញ៉ាំអី ប៉ាវគ្នាទៅវិញទៅមក ពិតជាមានមែនហើយលោកក៏មិនបានកត់ទុកថា បានចាយវាយជាមួយគ្នាអស់ប៉ុន្មានឡើយ។
លោក បានទទួលស្គាល់ថា ខ្លួនពិតជាបានBlock លេខទូរស័ព្ទនិង Facebook កញ្ញា ស៊ុន សុវណ្ណធារី ពិតប្រាកដ មែន ដោយសារតែតាមរំខានខ្លួនខ្លាំងពេក។ តារាចម្រៀងរូបនេះនិយាយដោយខ្លីថា បើសិនជាចោទខ្លួនថា ជំពាក់ប្រាក់ពិតមែនសូមបញ្ចេញភស្តុតាងមក លោក នឹង សងវិញ ហើយស្នើឲ្យលប់នូវអ្វីដែលបានផុសចោទលោកកន្លងមក។
កញ្ញា ស៊ុន សុវណ្ណធារី ថា ខ្លួនមិនមែនជាសង្សារជាមួយ លោកសុគន្ធ ធារ៉ាត់ នោះឡើយ គឺគ្រាន់តែរាប់អានគ្នាប៉ុណ្ណោះ។ ចំពោះ វិក្កយបត្រផ្ញើប្រាក់នោះ ខ្លួននឹងស្វែងរកឲ្យឃើញ ដើម្បីឲ្យ លោក ធារ៉ាត់ ភ្លឺភ្នែក ហើយអ្វីដែលនាងផុសទាំងប៉ុន្មាន នាងទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើតារាចម្រៀងរូបនេះចង់តតាំងជាមួយ៕