​​នេន សុធារ័ត្ន​ និយាយ​យ៉ាង​ឡូយ​ ​​ចំពោះ​ការ​ទៅ​លេង​​នៅ​ជប៉ុន​​របស់ វឌ្ឍនាកា

  • 2017-01-26 03:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​វ័យ​ក្មេង​ជម្រើស​ជាតិ​កម្ពុជា នេន សុធារ័ត្ន ​បង្ហាញ​​​ចំណាប់​អារម្មណ៍​​ជុំ​វិញ​ការ​បាន​ទៅ​លេង​នៅ Fujieda MYFC លីគ​លំដាប់​ទី​៣​ជប៉ុន​របស់​​តារា​ឆ្នើម​ ចាន់ រឌ្ឍនាកា ពិត​​ជា​​ជំហាន​មួយ​យ៉ាង​ល្អ សម្រាប់​​បង្ហាញ​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយយក​ជាគំរូ។

នេន សុធារ័ត្ន

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​​បឹង​កេត​អង្គរ​​ ចាន់ វឌ្ឍនាកា ​បាន​ចុះ​កុង​ត្រា​លើ​កិច្ច​សន្យា​ខ្ចី​ជើង​ចំនួន ១​រដូវ​កាល​ កាល​ពី​ល្ងាច​​​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៧ នេះ​ជា​មួយ​ក្លឹប Fujieda MYFC ។

​ខ្សែ​ការពារ​វ័យ​ក្មេង​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ នេន សុធារ័ត្ន បាន​ឲ្យ​ដឹង​ថា ​ការ​បាន​ទៅ​លេង​នៅ​ជប៉ុន​របស់​ វឌ្ឍនាកា ពិត​ជា​ជំហាន​មួយ​ល្អ​មែន​ទែន ​សម្រាប់​ឲ្យ​ក្លឹប​ធំ​ៗ​នៅ​លើ​ពិភព​លោក​ចាប់​អារម្មណ៍​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត​អាច​ឲ្យ​យុវជន​ជំនាន់​ក្រោយ​មើល​ឃើញ​ពី​សមិទ្ធផល​ដ៏​ល្អ​របស់​ វឌ្ឍនាកា និង​យក​ត្រាប់​តាម។

​​កីឡាករ​ដែល​មាន​បង​ប្អូន​បង្កើត​​ពីរ​នាក់​រូប​នេះ​បន្ថែម​ថា ​វឌ្ឍនាកា នឹង​អាច​មាន​​សមត្ថភាព​​កាន់​តែ​ខ្លាំង ក្រោយ​បាន​ទៅ​ហ្វឹកហាត់​ និង​លេង​នៅ​ក្លឹប Fujieda MYFC។ មូល​ហេតុ​ដែល​​​​ឲ្យ​ សុធារ័ត្ន​ គិត​​ដូច្នេះ​​មក​ពី​​រូប​គេ​មើល​ឃើញ​ថា ក្លឹប​​នៅ​​ក្រៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​ធំ​មាន​សម្ភារៈ​ហ្វឹកហាត់​ទំនើប​ៗ។ ​​

ចាន់ វឌ្ឍនាកា

​សូម​បញ្ជាក់​ថា ​នេន សុធារ័ត្ន ជា​​ខ្សែ​ការពារ​មួយ​រូប​របស់​កម្ពុជា ដែល​ជានិច្ចកាល​​តែង​បង្ហាញ​ខ្លួន​លើ​ទីលាន​ជា​មួយ​ ចាន់​ វឌ្ឍនាកា។ ចំណែក​តារា​ជើង​ស៊ុត​ឆ្នើម​ ចាន់ វឌ្ឍនាកា ​វិញ​នឹង​ពាក់​អាវ​លេខ ១១​ដដែល​នៅ​ក្លឹប  Fujieda MYFC ​ ​ព្រម​ទាំង​​ហោះ​ទៅ​ទឹក​ដី​ជប៉ុន​​​នា​កំឡុង​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ​​ខា​ង​មុខ​នេះ​​៕  

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​