ទោះ​បី​ពិការ​ ប្រាក់ សុផាន់ណា នឹង​តស៊ូ​​ស្នេហា​ឲ្យ​ដល់​ទី​បំផុត

  • 2017-01-30 03:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​​ពិការ​ ដេក​លើ​តែ​រទេះ​រុញ​ក៏​ពិត​មែន​ តែ ប្រាក់ សុផាន់ណា​ ​ប្រាប់​ថា​រូប​គេ​ក៏​មាន​ស្នេហ៍​ស្មោះ ពិសេស​ពេល​នេះ គេ​កំពុង​តែ​មាន​ស្នេហា​ជា​មួយ​នារី​ម្នាក់​ ដោយ​គេ​អះអាង​ថា​នឹង​តស៊ូ​ជាមួយ​ស្នេហា​នេះ​ឲ្យ​ដល់​ទី​បំផុត។

ស្នេហា​នេះ​បាន​ចាប់​កំណើត​រយៈ​ពេល​៨​ឆ្នាំ​ហើយ​ ប៉ុន្តែ​លោក​មិន​ដែល​នឹង​ទម្លាយ​​ប្រាប់​នរណា​ម្នាក់​នោះ​ទេ ដោយ​សារ​ចង់​រក​ថវិការ​ឲ្យ​បាន​ច្រើន​ សម្រាប់​ចិញ្ចឹម​ខ្លួន និង​ទុក​ទំនុក​បម្រុង​ជីវិត​នា​ពេល​អនាគត​ ។ ប៉ុន្តែ​ថ្មីៗ​នេះ ប្រាក់​ សុផាន់ណា ប្រាប់​ថា​មិន​អាច​បន្ត​លាក់​បាំង​ទៀត​បា​ន​ទេ ដោយសារ​​សង្សារ​លោក​ ឈ្មោះ​ ស្រី​ ខួច បាន​យក​រូប​លោក​ថត​ជាមួយ​គ្នា​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​មាន​ការ​ចែក​ចាយ​ត​គ្នា​ជា​ច្រើន ដោយ​នាង​បាន​​ភ្ជាប់​មួយ​ឃ្លា​ថា​ "មាន​តែ​គាត់​ម្នាក់​គត់​ក្នុង​បេះដូង អាណិត​បំផុត ស្រលាញ់​បំផុត​"។

ទំនាក់​ទំនង​ស្នេហា​មួយ​នេះ​ អ្នក​និពន្ធ​បទ​ស្នាដៃ​និពន្ធ​ថ្មី​​ខាង​លើ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ មាន​ការ​ដឹង​ឮ​ពី​​ក្រុម​គ្រួសារ​ខាង​ស្រី​រួច​ហើយ​ ហើយ​ក៏មិន​មាន​ការ​ហាម​ឃាត់​អ្វី​ដែរ​ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​ផ្ដោត​សំខាន់​ពេល​នេះ​ គឺ​ការងារ​។ ម្យ៉ាង​ទៀត​លោក​ក៏​សុំមិន​ទាន់​រៀប​រាប់​លម្អិត​ទាក់​ទិន​នឹង​ការ​ស្រលាញ់​គ្នា​នេះ​ដែរ លោក​ថា​បើសិន​ជា​ឱកាស​ល្អ​មាន​ពេល​ណា​លោក​នឹង​បង្ហាញ​ ក៏​ដូចជា​រៀប​រាប់​ពី​ដើម​កំណើត​នៃ​ស្នេហា​មួយ​នេះ​ទៅ​ដល់​បងប្អូន​ដែល​តែង​តែ​គាំ​ទ្រ​រូប​លោក​កន្លង​មក។

ម្ចាស់​បទ "បរាជ័យ​ជា​មេរៀន" បន្ត៖ “ខ្លួន​​កំព្រា​ផង ​ពិការ​ផង​​ រក​ស៊ី​ចិញ្ចឹម​តែ​ខ្លួន​ម្នាក់​មិន​ចង់​គ្រាន់​ទេ​បង ដូច្នេះ​រឿង​អនាគត​សុំ​មិន​ទាន់​ហ៊ាន​និយាយ​ទេ​បង ប៉ុន្តែ​ពួក​យើង​ស្រលាញ់​គ្នា​ខ្លាំង ហើយ​ក៏​សន្យា​មិន​បោះ​បង់​ចោល​គ្នាដែរ។ ដំបូង​ឡើយ​រឿង​ស្នេហា​ខ្ញុំ​មិន​ចង់​គិត​គូរ​ប៉ុន្មាន​ទេ ហើយ​រឹត​តែ​មិន​ចង់​ធ្វើ​បាប​​សង្សារ​ដែរ​ ប៉ុន្តែ​យើង​មិន​អាច​កាត់​ផ្ដាច់​មនោសញ្ចេតនា​ជាមួយ​គ្នា​បាន​ ទោះធ្លាប់​​មាន​អ្នក​និយាយ​រិះ​គន់​ពី​យើង​ទាំង​ពីរ​នាក់​ក៏ដោយ"។

សុផាន់​ណា អះអាង​ថា​មិន​ខ្វះ​ទេ​អ្នក​ដែល​រិះគន់​រូប​គេ​ជាមួយ​សង្សារ​ ថា​ខ្លួន​ពិការ​មិន​សម​មាន​ស្នេហា​បែប​នេះ​។ ម្ចាស់​បទ "ដើម​ត្នោត" ថា​លោក​សឹង​តែ​បោះ​បង់​មិន​ចង់​ឲ្យ​សង្សារ​មាន​ការ​ឈឺចាប់​នឹង​ការ​មើល​ងាយ​ពី​អ្នក​ដទៃ​ដែល​មក​ស្រលាញ់​លោក​ដែល​ជា​ជន​ពិការ​ ប៉ុន្តែ​ទាំង​ពីរ​នាក់​នៅ​​តែ​មិន​បោះ​បង់​គ្នា​ មក​ដល់​ពេល​នេះ​រយៈ​ពេល​៨​ឆ្នាំ​ ដែល​ស្រលាញ់​គ្នា​។​​​​ក្នុង​នោះ​ដោយ សុផាន់ណា អាយុ​២៦​ឆ្នាំ រី​ឯ​សង្សារ​អាយុ​២២​ ហើយ។

បុរស​កំព្រា​រូប​នេះ បន្ថែម​៖ "បើសិន​ជា​ការ​ងារ​ខ្ញុំ​ល្អ ធ្វើ​បទ​ស្នាដៃ​និពន្ធ​ថ្មី​បាន​ច្រើន​ មាន​គេ​ស្គាល់ ចឹង​ក៏​សម្បូរ​គេ​ហៅ​ខ្ញុំ​ទៅ​ច្រៀង​ដែរ​បង។ រាល់​ថ្ងៃ​ខ្ញុំ​ច្រៀង​នៅ ហាង​មួយ​ឯ​ខេត្ត​សៀម​រាប និង​បង្រៀន​​ភាសា​អង់គ្លេស​ខ្លះៗ​ដល់​ក្មេងៗ​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​ជីវិត​​"។

ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​បុរស​ពិការ​ ប្រាក់​ សុផាន់ណា ប្រាប់​ថា​នឹង​មាន​ត្រៀម​ចេញ​ MV បទ​ថ្មី​ហើយ៕

​​​​

អត្ថបទ៖ ថា ម៉ាលីដា

រូបភាព៖ ហ្វេសប៊ុក