តារា​បាល់ទាត់​​លេចធ្លោ​​កម្ពុជា ៨​នាក់ ​​មាន​សំណាង​បាន​ទៅ​លេង​នៅបរទេស

  • 2017-02-03 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​កំពុង​តែ​រីក​ដុះដាល​ខ្លាំង ​វិបសាយ Sabay ​សូម​បង្ហាញ​ប្រិយមិត្ត​ឱ្យ​បាន​ស្គាល់​កីឡាករ​ខ្លះ​ៗ​ដែល​មាន​ឱកាស​បាន​ទៅ​ចូល​លេង​នៅ​ក្លឹប​ក្រៅ​ស្រុក៖

ទី​១ កែវ សុខង៉ន

អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា កែវ សុខង៉ន​ បាន​ចេញ​ពី​ប្រទេស​កំណើត​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លឹប​ Samut Sakhon ដែល​ជា​ក្លឹប​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​លំដាប់​ទី​២​របស់​ប្រទេស​ថៃ​កាល​ពី ​ឆ្នាំ​២០១០-២០១១។ នៅ​ក្លឹប​នេះ​​រូប​គេ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​លើ​ទី​លាន​បាន​២០​ដង​ និង​រក​គ្រាប់​បាល់​បាន​ចំនួន​៩​គ្រាប់។ អ្វី​ដែល​ពិសេស​នេះ​ កីឡាករ​កម្ពុជា​រូប​នេះ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ ក្នុង​ចំណោម​កីឡាករ​១១​នាក់​ផ្សេង​ទៀត​នៅ​ក្លឹប​នេះ។

ទី​២ ឃឹម បូរី

ឃឹម បូរី ​បាន​ទៅ​លេង​ឲ្យ​ក្លឹប​ Sisaket FC ​ដែល​ជា​ក្លឹប​លេង​នៅ​លីគ​បាល់ទាត់​កំពូល​ថៃ​ក្នុង​ឆ្នាំ​២០១០-២០១១​ជា​លក្ខណៈ​ខ្ចី​ជើង។ ​សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​ក្លឹប​ថៃ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ ឃឹម បូរី​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី​មួយ​លេង​នៅ​លីគ​បាល់ទាត់​កំពូល​ថៃ​។ នៅ​ទី​នោះ​ ឃឹម បូរី​ បាន​​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​បាន​ប្រហែល​៨​ទៅ​៩​ប្រកួត។ នៅ​ក្លឹប​ថៃ​នេះ ​បូរី​ អាច​ទទួល​បាន​​​បៀវត្សរ៍​ប្រហែល​ជិត​៣​ពាន់​ដុល្លារ​អាមេរិក។

ទី​៣ ចាន់ រិទ្ធី

កីឡាករ​កម្ពុជា​ ចាន់ រិទ្ធី ​ធ្លាប់​បាន​លេង​បាល់ទាត់​នៅ​ប្រទេស​ថៃ​រហូត​ដល់​៣​ក្លឹប​ និង​ធ្លាប់​ទទួល​បាន​ប្រាក់​ខែ​ជាង​១​ពាន់​ដុល្លារ​អាមេរិក​ចន្លោះ​ឆ្នាំ​ ២០០៩​-២០១០។ ​កីឡាករ​រូប​នេះ​​បាន​លេង​នៅ​ក្លឹប​ថៃ​​ Thai Army នៅ​ឆ្នាំ​២០០៩ ​រយៈ​ពេល​៣​ខែ​ និង​បន្ត​លេង​ឲ្យ​ក្លឹប​ Nakhon Pathon មុន​ពេល​ចុះ​កុងត្រា​ជា​មួយ​​ក្លឹប​​ Surin FC រដូវ​កាល​២០០៩-២០១០។

ទី​៤ ស៊ិន ដាលីន

ស៊ិន ដាលីន អតីត​កីឡាករ​ជម្រើស​ជាតិ​ និង​ក្លឹប​បឹងកេត​អង្គរ​ (ចម្ការ​កៅស៊ូបឹងកេត)​ ស៊ិន ដាលីន ធ្លាប់​បាន​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លឹប​ Sa Kaeo United ដែល​ជា​ក្លឹប​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​តាម​តំបន់​របស់​ប្រទេស​ថៃ​នៅ​រដូវ​ កាល​២០១០-២០១១។ បន្ទាប់​ពី​ដាច់​ឆ្នាំ​២០១១​ លោក បែ​ មករា បាន​កោះ​ហៅ​កីឡាករ​រូប​នេះ​ឲ្យ​មក​លេង​ជា​មួយ​ក្លិប​បឹងកេត​អង្គរ​នៅ​ឆ្នាំ​ ២០១២​ដែល​ជា​រដូវ​កាល​ក្លឹប​មក​ពី​កំពង់ចាម​នេះ​ឈ្នះ​ជើង​ឯក​បាល់ទាត់​កំពូល ​កម្ពុជា។

ទី​៥ ​ចាន់ វឌ្ឍនាកា

តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា​​ បាន​បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​កម្ពុជា​ទី​១​​បាន​​ទៅ​ប្រកប​អាជីព​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​រីក​ចម្រើន​ផ្នែក​បាល់ទាត់​គឺ​ជប៉ុន​ បន្ទាប់​ពី​ប្រកាស​​ផ្លូវ​ការ​ក្នុង​សន្និសីទ​ចុះ​ហត្ថលេខា​​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល​​ទៅ​ក្លឹប Fujieda MYFC នា​​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៧​នេះ។

ទី៦ ធារី ចន្ថាប៊ីន

កីឡាករ​កម្ពុជា​ ​ធារី ចន្ថាប៊ីន​ បាន​ជាប់​កំណត់​ត្រា​ក្នុង​ការ​​ក្លាយ​ជា​​កីឡាករ​អាស៊ាន​​ដំបូង​គេ​បង្អស់​​ដែល​បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​ Krabi​ FC ក្រោយពីរូបគេសម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុមភ្នំពេញក្រោនទៅ។

ក្រៅ​ពី​កីឡាករ​ទាំង​៦​នាក់​នេះ ​Sabay ​ក៏​នៅ​មាន​កីឡាករ​២​រូប​ទៀត​ដែរ ​ដែល​ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​ក្លឹប​ប្រទេស​ថៃ គឺ ​ស្រី វាសនា ​និង​ សំអែល​ ណាសា។ ដោយ​កីឡាករ​ទាំង​ពីរ​នាក់​នេះ សុទ្ធ​តែ​ជា​អតីត​កីឡាករ​កម្ពុជា​ដែល​មាន​សមត្ថភាព​ទាំង​អស់ ​ខណៈ​ដែល​ទើប​​អ្នក​ស្រលាញ់​វិស័យ​កីឡា​មួយ​ចំនួន​អាច​នឹង​ស្គាល់​ក៏​ថា​បាន៕

អត្ថបទ៖ ជាន ចាន់រ៉ា