​គ្រូ​ស្វាយរៀង​ ពេញ​ចិត្ត​ការ​រៀប​ចំ​ពាន​បើក​រដូវ​កាល ​​តែ​ស្ដាយ​ពីរ​ចំណុច​ធំៗ

  • 2017-02-06 03:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សំ វ៉ាន់​ដេត គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​​ពេញ​ចិត្ត​ចំពោះ​ការ​រៀប​ចំ​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​​ត្រៀម​បើក​រដូវ​កាល​ថ្មី២០១៧ ​សម្រាប់​លីគ​កំពូល​កម្ពុជា​ដូច​នេះ​ពិត​ជា​ល្អ​មែន​ទែន ប៉ុន្តែ​លោក​សោក​ស្ដាយ​​លើ​​កត្តា​ធំ​ពីរ។

​គ្រូ​បង្វឹក​​​កម្រិត​ B-License រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​​បែប​នេះ​ដែល​​អាច​ឲ្យ​ក្រុម​នីមួយៗ​​ស្វែង​យល់​ពី​កម្រិត​ក្រុម​របស់​ខ្លួន​មុន​ពេល​ការ​ប្រកួត​ផ្លូវការ​មក​ដល់។ ​ជាង​នេះ​ទៅ​ទៀត​វា​អាច​ឲ្យ​ក្រុម​​​ចូល​រួម​បាន​រៀប​ចំ​ប្រព័ន្ធ​លេង​ឲ្យ​បាន​​ស៊ីចង្វាក់​គ្នា​ និង​​កែខៃ​​ចំណុច​ខ្វះខាត​ឲ្យ​មក​ជា​ល្អ​​ នៅ​ពេល​លេង​លីគ​កំពូល។

​លោក​បញ្ជាក់​ថា ចំពោះ​ចំណុច​គួរ​ឲ្យ​សោកស្ដាយ​​ពីរ​នោះ​គឺ​ ក្រុម​ចូល​រួម​តិច និង កម្មវិធី​ប្រកួត​ជាប់​គ្នា​ពេក។ ​ការ​រៀប​​ចំ​ឲ្យ​មាន​ការ​ប្រកួត​ជាប់​ៗ​គ្នា​ពេក​អាច​ឲ្យ​កីឡាករ​មាន​បញ្ហា​របួស ​ខណៈ​ចំនួន​ក្រុម​ចូល​រួម​តិចដែល​​ធ្វើ​ឲ្យ​​មាន​ការ​ប្រកួត​ប្រជែង​តិច​ដូច​​ដែរ។

​​សូម​បញ្ជាក់​ថា ការ​​ប្រកួត​ពាន​រង្វាន់​​ត្រៀម​បើក​រដូវ​កាល​​ឆ្នាំ​២០១៧​នេះ​ ​​មាន​​៤​ក្រុម​ចូល​រួម និង​មាន​រយៈ​ពេល​ប្រកួត​ចន្លោះ​ពី​ថ្ងៃ​ទី​១ ដល់​ទី​៥ ខែ​កុម្ភៈ ដែល​ក្រុម​ជើង​​ឯក​បាន​ទៅ​ក្រសួង​ការពារ​ជាតិ យក​ឈ្នះ​​​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ដោយ​បាល់​ប៉េណាល់ទី​ ៥-៣ ​ក្រោយ​​ស្មើ​​គ្នា ១-១​ ៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​