អគារវិទ្យាសាស្ត្រ STEM ដ៏ទំនើបមួយនឹងលេចជារូបរាងនៅ RUPP ចុងឆ្នាំនេះ
- 2017-02-08 09:08:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារវិទ្យាសាស្ត្រ STEM ដ៏ទំនើបមួយនឹងលេចជារូបរាងនៅ RUPP ចុងឆ្នាំនេះ
ចន្លោះមិនឃើញ
តាមរយៈគម្រោងអភិវឌ្ឍន៍របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ( RUPP) អគារវិទ្យាសាស្ត្រ STEM (Science Technology Engineering and Mathematics) ដ៏ទំនើបមួយនឹងត្រូវលេចចេញជារូបរាងនាចុងឆ្នាំ ២០១៧ រឺ ដើមឆ្នាំ២០១៨ នេះ។ ជាពិសេសអគារនេះ នឹងសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យ អ្នកបច្ចេកទេស និង និស្សិតទាំងឡាយដែលស្នេហាវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យាទៀតផង។
ឯកឧត្ដមបណ្ឌិត ជេត ជាលី សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញបានថ្លែងក្នុងបទសម្ភាសន៍ជាមួយSabay ថា អគារនេះត្រូវបានស្នើគម្រោងដោយថ្នាក់ដឹកនាំរបស់សកលវិទ្យាល័យផ្ទាល់ ហើយត្រូវបាន ទទួលការឯកភាពពីសំណាក់ក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុផងដែរ។ មិនតែប៉ុណ្ណោះ អគារវិទ្យាសាស្ត្រ STEM ត្រូវបានគូរប្លង់ និង រចនាឡើងយ៉ាងវិចិត្រដោយជនជាតិខ្មែរពិតៗ មកពីមហាវិទ្យាល័យវិស្វកម្មនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់តែម្ដង។
ការសាងសង់នេះគឺក្នុងគោលបំណងលើកកម្ពស់វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យាអោយមានការរីកចម្រើនកាន់តែខ្លាំងឡើង ស្របទៅតាមការធ្វើកំណែទម្រង់លើវិស័យអប់រំ និង ការដាក់អាទិភាពរបស់ក្រសួងលើវិស័យ STEM នេះ សម្រាប់ប្រទេសកម្ពុជាកន្លងមក។
ឯកឧត្ដម ជេត ជាលី បានអោយដឹងថា អគារនេះត្រូវបានសាងសង់ឡើងក្នុងផ្ទៃដីជាង ៣០០០ ម៉ែត្រការ៉េ ដោយចំណាយថវិកាសរុបប្រមាណ ជិត៤លានដុល្លារ ដោយមិនទាន់គិតពីការបំពាក់បរិក្ខារ និង ឧបករណ៍នានាទេ។ មកទល់ពេលនេះ ការសាងសង់គឺ ស្ថិតក្នុងដំណាក់កាលសង់គ្រឹះអគារ ហើយក៏ជិតរួចរាល់ផងដែរ។ ចំពោះគម្រោងសាងសង់អគារទាំងមូលវិញគឺមានរយៈពេលសរុបប្រមាណ១៨ខែ ហើយតាមការប៉ាន់ស្មានគឺអាចនឹងរួចរាល់នៅចុងឆ្នាំ ២០១៧ រឺ ដើមឆ្នាំ២០១៨ នេះតែម្ដង ដោយក្នុងតួអគារនេះមានបន្ទប់ការិយាល័យ បន្ទប់ពិសោធន៍ ថ្នាក់រៀន បន្ទប់ប្រជុំ និង គ្រោងបំពាក់ដោយឧបករណ៍ទំនើបៗផងដែរ។
ជាចុងក្រោយ ឯកឧត្ដម បណ្ឌិត ជេត ជាលី បានលើកឡើងថាអគារ STEM នេះនឹងក្លាយជាផ្ទះដ៏សំខាន់មួយសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ហើយក៏ជាទីកន្លែងដែលប្រមូលផ្ដុំទៅដោយសាស្ត្រាចារ្យ និង អ្នកស្រាវជ្រាវនានារបស់ប្រទេសកម្ពុជាទៀតផង។ ហើយអ្វីដែលឯកឧត្ដមប្រាថ្នាចង់ឃើញនោះ គឺការប្រែក្លាយពីការងារបែបកម្លាំងពលកម្មរបស់ប្រជាជនខ្មែរភាគច្រើន មកជាការងារដែលប្រើប្រាស់ប្រាជ្ញា និង សមត្ថភាពវិញម្ដង៕