ក្រោយ​រង​ការ​ព្យួរ​ពី NOCC ​​ខេមរៈ​សហព័ន្ធ​យូដូ​​​​ យល់​ព្រម​​កែទម្រង់​ឡើង​វិញ​​​​

  • 2017-02-09 07:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​បាន​បើក​​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​មិញ​ជា​មួយ​ខេមរៈ​សហព័ន្ធ​យូដូ​កម្ពុជា​​ ​​ក្នុង​គោល​​បំណង​រៀប​ចំ​កំណែទម្រង់​​សាជាថ្មី​ក្រោយ​សហព័ន្ធ​មួយ​នេះ​ត្រូវ​បាន​ព្យួរ​​សមាជិកភាព​ ដោយ​សមាជិក​ប្រតិបត្តិ​របស់​ NOCC ​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ ​​កន្លង​ទៅ​។

សកម្មភាព​ប្រជុំ​ព្រឹក​មិញ​

​​​ក្រោយ​មាន​កិច្ច​ប្រជុំ​ជជែក​វែក​ញែក​​ឯក​ឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជា​មួយ​ក្រុម​ការងារ​ និង​កីឡាករ​​​ខេមរៈ​សហព័ន្ធ​យូដូ​កម្ពុជា​​បាន​ព្រមព្រៀង​រៀប​ចំ​​កំណែទម្រង់​ថ្មី​ក្នុង​ទិស​ដៅ​ ពង្រឹង​សមត្ថភាព​​​សម្រាប់​ឆ្នាំ​២០២៣។ ក្នុង​កិច្ច​ព្រមព្រៀង​នេះ​​ខេមរៈ​សហព័ន្ធ​យូដូ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​សម្រេច​​យក​វេលា​ម៉ោង ១១​ព្រឹក​​​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ​ សប្ដាហ៍​ក្រោយ ​ដើម្បី​ប្រជុំ​ចង្អៀត​សម្រេច​ផែន​ការ​មេ​​ និង​សកម្មភាព​កីឡា​ផ្សេងៗ។

ឯក​ឧត្ដម វ៉ាត់ ចំរើន

​ឯក​ឧត្ដម​អគ្គ​​លេខធិការ​បាន​លើក​ឡើង​ថា ​​​កិច្ច​ប្រជុំ​នេះ​គោល​បំណង​សំខាន់​គឺ​ស្នើ​សុំ​យោបល់​ឯកភាព​គ្នា​លើ​ការ​រៀបចំ​យន្តការ​​ទ្រទ្រង់​មួយ​ ដើម្បី​រៀប​ចំ​មហាសន្និបាត​​ពេញ​អង្គ​​របស់​ខេមរៈ​សហព័ន្ធ​យូដូ​​ឡើង​វិញ។ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បើ​តាម​តួនាទី​ និង​ភារកិច្ច​គ្មាន​សិទ្ធិ​ចូល​ខ្លួន​​ចូល​មហា​សន្និបាត​ ឬ​ការ​រៀប​ចំ​​របស់​សហព័ន្ធ​​នោះ​ទេ។

ឯកឧត្តម​​​បន្ថែម​ថា ​ដោយ​សារ​​ឆ្នាំ​២០២៣ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ដូច្នេះ​ NOCC ​ត្រូវ​រៀប​ចំ​កំណែទម្រង់​​រាល់​សហព័ន្ធ​ដែល​គ្មាន​ការ​រីក​ចំរើន​ឲ្យ​​​ងាក​​មក​មាន​​ចលនា​​​កីឡា​ខ្លាំង​​​គឺ​​ជា​ទិស​ដៅ​​​ផែនការ​មេ​របស់​ស៊ីហ្គេម។ ​​​​រាល់​សហ​ព័ន្ធ​ដែល​មាន​បញ្ហា​ផ្ទៃ​ក្នុង​ ​មិន​ព្រម​ដោះ​ស្រាយ​ក្រសួង​អប់​រំ​យុវជន​ និង​កីឡា​បាន​ផ្ដល់​សិទ្ធ​ជូន​ NOCC ​​ចូល​ខ្លួន​ដោះ​ស្រាយ​ត្រឹម​ដើម​ឆ្នាំ​២០១៧ ​ឲ្យ​បាន​រួច​រាល់​ទាំង​ស្រុង។

ឯក​ឧត្តម​​អគ្គលេខាធិការ​រូប​នេះ​បញ្ជាក់​ថា ​ត្រឹម​ឆ្នាំ​២០១៧ នេះ​តទៅ​គ្រប់​សហព័ន្ធ​ត្រូវ​បណ្ដុះ​ធន​ធាន​កីឡាករ​ល្អ​ឲ្យ​បាន​ច្រើន។ ​ប្រសិន​បើ​ត្រឹម​ឆ្នាំ​២០២០ ​​មាន​​​ប្រភេទ​កីឡា​ណា​មួយ​ដែល​ ​NOCC ​មើល​ឃើញ​ថា គ្មាន​ការ​រីក​ចំរើន ឬ​គ្មាន​កីឡាករ​​ល្អ​ និង​​មិន​សង្ឃឹម​ទទួល​បាន​មេដាយ​​នឹង​ដក​សិទ្ធិ​​​ចូល​រួម​ប្រភេទ​កីឡា​នោះ​ចេញ​ពី​ស៊ីហ្គេម​ឆ្នាំ​២០២៣។

ឯក​ឧត្ដម អ៊ុក សិទ្ធិជាតិ

​ខេមរៈ​សហព័ន្ធ​កីឡា​យូដូ​កម្ពុជា​​ត្រូវ​​បាន​សមាជិក​ប្រតិបត្តិ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សម្រេច​ព្យួរ​​ដោយ​បញ្ហា​​ផ្ទៃ​ក្នុង។ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​វាយ​តម្លៃ​គ្រប់​សហព័ន្ធ​​ចំនួន​ ​៣ ​ប្រភេទ​​គឺ​ទី​១ ​សហព័ន្ធ​មាន​អង្គ​រដ្ឋបាល​ល្អ (មាន​កិច្ច​ប្រជុំ​ច្បាស់លាស់​ មាន​សកម្មភាព​កីឡា​ល្អ មាន​ការ​ប្រកួត​ថ្នាក់​ជាតិ​ទៀងទាត់ និង​មាន​សកម្មភាព​ហ្វឹកហាត់​​​ក្លឹប​ច្រើន​) ទី​២ សហព័ន្ធ​​មាន​រដ្ឋបាល​មិន​រឹងមាំ​​ (សហព័ន្ធ​ដែល​មួយ​ឆ្នាំ​​​មាន​សកម្មភាព​កីឡា​ម្ដង ឬ​មួយ​ឆ្នាំ​ប្រជុំ​ម្ដង​) និង​ទី​៣ ​​សហព័ន្ធ​មាន​តែ​ឈ្មោះ​ (​គ្មាន​សកម្មភាព​​កីឡា​អ្វី​សោះ​)៕ ​​​​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​