Booysen ​យល់​ច្រឡំ ណាតាហ្សា ​រឿង​សញ្ជាតិ​ឥស្លាម

  • 2017-02-11 02:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Booysen Shane ​ច្រឡោត​ខឹង​សង្សារ​បណ្ដូល​ចិត្ត ណាតាហ្សា ​យ៉ាង​ខ្លាំង ​បន្ទាប់​មាន​ការ​យល់​ច្រឡំ​ថា​ តារា​សម្ដែង​ស្រី​រូប​នេះ​ចង់​ឱ្យ​កីឡាករ​ភ្នំពេញ​ក្រោន​ម្នាក់​នេះ​ចូល​សញ្ជាតិ​ឥស្លាម។

តួឯក​ស្រី​ក្នុង​រឿង"កំណត់​ហេតុ​នាថ” បាន​ឲ្យ​ដឹង​ថា ក្រោយ Sabay ​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​​រឿង «មុន​ឈាន​ដល់​រៀប​ការ ណាតាហ្សា ដាក់​លក្ខខណ្ឌ​អ្វី​ខ្លះ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Booysen » នេះ ​មាន​វិបសាយ​បរទេស​មួយ​បាន​បក​ប្រែ​ពី​វិបសាយ Sabay ​ទៅ​បន្ដ ​ហើយ​ក៏​បាន​សរសេរ​ខុស​ខ្លះ ​ទើប​ធ្វើឲ្យ​កីឡាករ​វ័យ ២៧ ឆ្នាំ​របស់​ភ្នំពេញ​ក្រោន​ខឹង​នាង​ខ្លាំង​ណាស់។ ដោយ​នាង​បាន​បកស្រាយ​ដូច្នេះ​ថា៖ "ខ្ញុំ​មិន​មែន​មាន​ន័យ​ថា​ឲ្យ​គាត់​ចូល​សញ្ជាតិ​ឥស្លាម​ទេ។ តែ​ខ្ញុំ​ចង់​ឲ្យ​គាត់​បាន​ចូល​សញ្ជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ”។

តារា​ស្រី​ដែល​ទើប​ទទួល​បាន​តំណែង​តួរង​ថ្មី​ក្នុង​រឿង "ក្រមុំ​ចាស់​ប៉ះ​កំលោះ​ស្ទាវ​ ” បាន​បន្ថែម​ថា​មូលហេតុ​ដែល​ធ្វើឲ្យ​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្រិ្វក​ខាង​ត្បូង​នោះ​ខឹង ព្រោះ​តែ​ឃ្លា​មួយ​ក្នុង​អត្ថបទ​​សរសេរ​ថា «បើ​ចង់​ឈាន​ដល់​ពិធី​មង្គល​ការ​ត្រូវ​តែ​ចូល​សញ្ជាតិ​អ៊ីស្លាម » អត្ថន័យ​ដូច​ចង់សំដៅ​ឲ្យ​សង្សារ​នាង ត្រូវ​ផ្ដាច់​ខ្លួន​ពី​សាសនា​គ្រិស្ត​ដែល​គេ​ប្រតិបត្តិ​តាំងពី​ដើម​មក។ ដូចនេះ​ហើយ​ទើប​មាន​រឿងរ៉ាវ​អាក់អន់​ចិត្ត​ចំពោះ​គ្នា។

ទោះ​ជា​យ៉ាង​ណា ណាតាហ្សា នៅតែ​ចង់​សុំទោស​ Shane Booysen ដដែល​ចំពោះ​ការ​និយាយ​ស្ដី​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត ហើយ​នាង​បញ្ជាក់​ដែរ​ថា​មិន​ដែលចង់​បង្ខិតបង្ខំ​សង្សារ​រឿង​នេះ​ឡើយ ស្រេចតែ​សាមី​ខ្លួន​ជា​អ្នក​សម្រេចចិត្ត​​ទៅចុះ។ ជាចុងក្រោយ​តារា​សម្ដែង និង​ជា​ម៉ូដែល​បាន​សង្កត់ធ្ងន់​ថា ការ​រៀបការ​រវាង​នាង និង Booysen មិន​ទាន់​គិត​ដល់​ទេ ព្រោះ​ម្នាក់​ៗ​កំពុង​រវល់​រៀង​ខ្លួន៕

អត្ថបទ៖ មុន្នីរម្យ