មិន​ធម្មតា​ទេ តារា​សម្ដែង​កំប្លែង ភីម៉ៃ ត្រូវ​ផលិតករ​ថៃកោះហៅហើយ!

  • 2017-02-13 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​សាក​ល្បង​ថត​ភាពយន្ត​​ឲ្យ ផលិតកម្ម​​មក​ពី​ប្រទេស​ថៃ​ ដែល​​មក​សហការ​ផលិត​ជា​មួយ​ផលិតកម្ម​ក្នុង​ស្រុក​បាន​មួយ​រឿង​មក លោក ភីម៉ៃ ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង​ពេញ​ចិត្ត ហើយ​គ្រោង​អញ្ជើញ​ តារា​រូប​នេះ​ទៅ​ថត​​​នៅ​​ថៃ​តែ​ម្ដង។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី សាមី​ខ្លួន។

តារា​សម្ដែង​​មាឌ​​យក្ស ភីម៉ៃ​ប្រាប់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​ខ្លួន​បាន​ថត​ភាពយន្ត​ឲ្យ​ផលិតកម្ម​​មក​ពី​ប្រទេស​ថៃ​បាន​១រឿង ដោយ​ការ​សម្ដែង​របស់​លោក​ត្រូវ​បាន​ផលិតករ​ថៃ​ពេញ​ចិត្ត​ជា​ខ្លាំង។

លោក​បាន​​រៀបរាប់​ឲ្យ​ដឹង​ថា ភាគី​ថៃ​បាន​មក​សហការ​ជា​មួយ​ផលិតកម្ម​ខ្មែរ​ចំនួន២ គឺ ផលិតកម្ម​"រដ្ឋ​កញ្ញា"និង ផលិតកម្ម​"​រស្មី​តាន់តាន់" ផលិត​ភាពយន្ត​ខ្មែរ ​សម្រាប់​​ចាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ថៃ និង ឡាវ។ កិច្ចសហការ​លម្អិតយ៉ាងណា​ទៀត លោក​មិន​​បាន​ដឹង​ឡើយ។

លោក ភីម៉ៃ បាន​បន្ត​ឲ្យ​ដឹង​ថា ភាពយន្ត​ដែល​លោក​បាន​ថត​កន្លង​មក​នោះ​មាន​តារា​សម្ដែង​ខ្មែរ​ផង និង តារា​សម្ដែង​មក​ពី​ប្រទេស​ថៃ​ផង។ ភាពយន្ត​នោះ​បាន​ថត​​ចប់​ជាង​កន្លះ​ខែ​ ​ចំណង​ជើង​និង​ពេល​វេលា​​ត្រូវ​ចាក់​បញ្ចាំង​ឡើង មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​លោក​អាច​សន្និដ្ឋាន​ថា​អាច​មាន​ចំណែង​ជើង​ថា"​រត់​ពេញ​ភូមិ"។

លោក ភីម៉ៃ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា បន្ទាប់​ពី​បាន​ធ្វើ​ការ​យ៉ាង​ស្និទ្ធ​ស្នាល​ជា​មួយ​ផលិតករ​ថៃ​មក ខាង​ ផលិតករ​​ថៃ​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន ដោយ​ចង់​បាន​លោក​ទៅ​ថត​នៅ​ទី​នោះ​ជា​ខ្លាំង ក្នុង​នោះ​​​​​បាន​ឧស្សាហ៍​​ទាក់ទង​មក​លោក​ជា​ញឹក​​ញាប់។

មូលហេតុ​ដែល​នាំ ផលិតករ​ថៃ​ចង់​បាន​​ទៅ​សម្ដែង​នេះ ភីម៉ៃ ប្រាប់​ថា ក៏​ព្រោះ​តែ​រូប​លោក​មាន​លក្ខណៈ​ស្រដៀង​នឹង​តារា​កំប្លែង​ល្បី​ឈ្មោះ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ នេះ​បើ​តាម​ការ​ប្រាប់​ពី​ផលិតករ​ថៃ​ប្រាប់​មក​លោក​ផ្ទាល់។

មិន​​ទាន់​ច្បាស់​ថា ខាង​ផលិតកម្ម​ថៃ​គ្រោង​ហៅ លោក​ ទៅ​ថត​នៅ​ពេល​ណា​ច្បាស់​លាស់​ឡើយ គ្រាន់​តែ តម្រុយ​ចង់​បាន​ទៅ​តែ​ប៉ុណ្ណោះ។ ភីម៉ៃ​ថា ប្រសិន​បើ​ចេញ​ទៅ​ថត​នៅ​ប្រទេស​ថៃ​ពិត​មែន​នោះ វា​គឺ​ជា​មោទនភាព​សម្រាប់​ខ្លួន​ខ្លាំង​ណាស់ ហើយ​លោក​​ស្វាគមន៍​​​ដោយ​ក្ដី​ពេញ​ចិត្ត៕

អត្ថបទ៖ ខុត សីហា