វិធីសាស្ត្រល្អៗ ដើម្បីការពារខ្លួនពីក្រញាំប្រុសព្រាន
- 2017-02-15 01:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រល្អៗ ដើម្បីការពារខ្លួនពីក្រញាំប្រុសព្រាន
ចន្លោះមិនឃើញ
ដរាបណាមិនទាន់ក្រាបក្បាលដល់កន្ទេលមុខមេបា មិនទាន់បញ្ជាក់បានទេថា បុរសម្នាក់ស្រឡាញ់នារីម្នាក់ដោយពិតប្រាកដ។ ដូច្នេះហើយទើបមនុស្សស្រីត្រូវប្រុងប្រយ័ត្នបំផុត ដើម្បីការពារខ្លួនពីក្រញាំប្រុសព្រាន ដែលមិនប្រាថ្នាអ្វីក្រៅពីខ្លួនប្រាណឡើយ។ ខាងក្រោមនេះជាវិធីសាស្ត្រសំខាន់ៗដើម្បីការពារពីកណ្ដាប់ដៃប្រុសព្រាន៖
១. កុំទៅកន្លែងស្ងាត់ជាមួយគេ
កញ្ញា វត្តី បុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយប្រាប់ថា វិធីសាស្ត្រគឺស្រីៗដឹងជាទូទៅហើយ ប្រសិនបើមនុស្សប្រុសបបួលទៅកន្លែងស្ងាត់សូមកុំទៅឱ្យសោះ។ វត្តី និយាយថា បើជាមនុស្សល្អមិនមែនបបួលមនុស្សស្រីទៅកន្លែងស្ងាត់តែពីរនាក់ទេ។
២. សម្គាល់មនុស្សប្រុសដែលពូកែអួត
វត្តី ដដែលលើកឡើងទៀតថា ប្រុសព្រានភាគច្រើនចូលចិត្តនិយាយអួត ជួបមុខពេលណាមិនដែលនិយាយអ្វីក្រៅពីរឿងទ្រព្យសម្បត្តិនោះទេ។ វត្តី បន្តទៀតថា ការដែលមនុស្សប្រុសនិយាយអួតពីរឿងទ្រព្យសម្បត្តិគ្មានអ្វីក្រៅពីចង់ឱ្យមនុស្សស្រីឈ្លក់វង្វេងនឹងខ្លួន ហើយចង់បានខ្លួនប្រាណនោះទេ។ ដូច្នេះហើយបើជួបប្រទះមនុស្សប្រុសបែបនេះ យកល្អកុំសេពគប់ជាមួយអី។
៣. មនុស្សប្រុសសរសើរតែរូបសម្បត្តិ
ចំណែក ណារី ជានិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ បានលើកឡើងថា ប្រុសព្រានខ្លះមិនដែលលើកសរសើរពីចំណេះដឹង ឬចំណុចណាល្អៗរបស់មនុស្សស្រីនោះទេ គឺលើកសរសើរតែពីរូបសម្ផស្សមួយមុខប៉ុណ្ណោះ។ ណារី និយាយថា នេះជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ ថាបុរសនោះកំពុងគិតអីផ្ដេសផ្ដាស។ ដូច្នេះហើយសូមកុំនៅជិតពេលដែលបុរសនោះព្យាយាមនិយាយលើកសរសើរតែពីរូបសម្រស់។
៤. ដាក់អាវុធសំខាន់ៗតាមខ្លួន
អាវុធសំខាន់ៗ ត្រង់ចំណុចនេះមិនមែនជាកាំភ្លើង ឬអាវុធខុសច្បាប់នោះទេ។ ណារីប្រាប់ថា ជាមនុស្សស្រីពេលទៅណាមកណា គួរដាក់កូនកាំបិតបត់មួយតាមខ្លួន និងអំបិលម្ទេសមីមួយពីរបីកញ្ចប់ ដើម្បីការពារខ្លួនករណីជួបប្រុសព្រាន។ ណារី លើកឡើងទៀតថា ជាធម្មតាមនុស្សស្រីមានកាំបិត និងអំបិលម្ទេសទុកញ៉ាំម្ជូរ គឺមិនមែនជារឿងចម្លែកទេ។
៥. និយាយបង្វែងដាន
មកដល់ចំណុចនេះ កញ្ញា រដ្ឋា និយាយថា ជាធម្មតាប្រុសព្រានតែងនិយាយលួងលោម ដើម្បីចង់បានខ្លួនប្រាណពីនារីម្នាក់។ ដូច្នេះហើយបើដឹងថា បុរសម្នាក់នោះកំពុងនិយាយបញ្ចុះបញ្ចូលហើយបែបនោះហើយ គួរធ្វើមិនឮស្ដាប់មិនបាន ឬនិយាយរឿងអ្វីផ្សេងវិញ បន្ទាប់មកប្រញាប់ចាកចេញពីបុរសនោះតែម្ដង។
៦. លេស១០០ជំពូក
វិធីសាស្ត្រនេះប្រើប្រាស់ ពេលដែលនិយាយបង្វែងដានមិនបានគួរនិយាយរកលេសដោះសារ គ្រប់វិធី ធ្វើយ៉ាងណាកុំឱ្យធ្លាក់ក្នុងដៃប្រុសព្រាន ហើយរត់យករួចខ្លួនតែម្ដង។ កញ្ញា រដ្ឋា បន្ថែម៕