អ្នក​​លក់​ផ្កា​៖ អ្នក​ទិញ​​​ ១៤​កុម្ភៈ​ឆ្នាំ​នេះ មិន​​សូវ​ជា​អ៊ូអរ​ដូច​​​ឆ្នាំ​មុន​ៗ​

  • 2017-02-15 06:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​​​១៤​កុម្ភៈ​ ទិវា​នៃ​ក្ដី​ស្រលាញ់ ជា​រៀង​រាល់​ឆ្នាំ​ វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ ដូច​ជា​ ផ្កា​ស្រស់ ផ្កា​ក្រដាស ផ្កា​​ក្រណាត់ តុក្កតា និង​ ប៉េងប៉ោង ត្រូវ​បាន​ដាក់​លក់​ត្រៀប​ត្រា​ នៅ​តាម​ដង​ផ្លូវ​ សម្រាប់​អតិថិជន​ ទិញ​ជូន​អ្នក​ជា​ទី​ស្រលាញ់​។

សម្រាប់​ថ្ងៃ​ ១៤ កុម្ភៈ​ម្សិល​មិញ ​បើ​តាម​ កញ្ញា សូនីកា អ្នក​លក់​ផ្កា និង​វត្ថុ​អនុស្សាវរីយ៍​​​ម្នាក់​ នៅ​ម្ដុំ​ផ្លូវ​បាស្ទ័រ​ (៥១) បាន​​ប្រាប់​ថា កញ្ញា​បាន​មក​លក់​ ផ្កា​​ស្រស់​ ផ្កា​ក្រណាត់​ និង​តុក្កតា​ តាំង​ពី​ថ្ងៃ​១០​កុម្ភៈ​មក​ម្ល៉េះ​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ អ្នក​លក់​ផ្កា​រូប​នេះ ប្រាប់​​ពុំ​សូវ​មាន​​មនុស្ស​អ៊ូអរ​​មក​ រោម​ទិញ​ ដូច​ឆ្នាំ​​មុន​ៗ​ឡើយ ពោល​គឺ​ស្ងាត់​ជាង​រាល់​ឆ្នាំ​។

យ៉ាង​ណា​មិញ កញ្ញា​លក់​ផ្កា​ខាង​លើ ​ប្រាប់​ថា កន្លែង​របស់​កញ្ញា​លក់​ដាច់​មួយ​ៗ ហើយ​របស់​ដែល​គេ​ មក​ទិញ​​​យក​ភាគ​ច្រើន គឺ​ផ្កា​ក្រណាត់​តម្លៃ​ពី ២០ ទៅ​៣០​ដុល្លារ និង​តុក្កតា​៨​ដុល្លារ ដល់​​ជាង​១០០​ដុល្លារ​។

ដោយ​ឡែក អ្នក​លក់​ផ្កា​ម្នាក់​​នៅ​ម្ដុំ​វត្ត​លង្កា សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ថា៖ "ឆ្នាំ​នេះ​​រាង​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ​បង មនុស្ស​អត់​សូវ​​សម្រុក​ទិញ​ច្រើន​ដូច​មុន ហើយ​លក់​ដាច់​មួយ​ៗ"។

គួរ​រំលឹក​ដែរ ​ថ្ងៃ​ ១៤​ កុម្ភៈ​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពុំ​មាន​​ឃើញ​​ការ​ដាក់​លក់​ផ្កា ឬ​វត្ថុ​អនុស្សាវរីយ៍​នៅ​ជាប់​របង​សាលា​រៀន​រដ្ឋ អនុ​វិទ្យាល័យ និង​វិទ្យាល័យ​នោះ​ទេ។ គេ​សង្កេត​ឃើញ​​​មាន​អ្នក​ដាក់​លក់​ នៅ​តាម​មុខ​ផ្ទះ នៅ​​ក្បែរ​សួន និង​ហាង​ឯក​ជន​មួយ​ចំនួន​ប៉ុណ្ណោះ​។

សម្រាប់​ឆ្នាំ​នេះ​ផង​ដែរ ស្ថាប័ន​ក្រសួង​រដ្ឋ​ ចំនួន​បី គឺ​ក្រសួង​អប់រំ ក្រសួង​កិច្ចការ​នារី និង​ក្រសួង​ វប្បធម៌ បាន​ផ្សព្វផ្សាយ​អំពាវ​នាវ ដាស់​តឿន​រំលឹក​សាធារណជន​ជាច្រើន កុំ​​ឲ្យ​មាន​​ការ​ស្មាន​ច្រឡំ​​អំពី​ទិវា​​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​នោះ ហើយ​បុណ្យ​នោះ​ផង​ដែរ គឺ​ពុំ​មែន​ជា​ប្រពៃណី​របស់​កម្ពុជា​នោះ​ទេ។

កន្លង​ទៅ​ថ្មី​ៗ ឯកឧត្តម ជាត ជាលី ជា​សកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា យុវជន​បច្ចុប្បន្ន​​​ភាគ​ច្រើន មាន​ការ​យល់​ដឹង​​អំពី​ថ្ងៃ​​នៃ​ទិវា​ក្ដី​ស្រលាញ់​ ដោយ​ពួក​គេ​បាន​យក​ថ្ងៃ​នោះ ជា​​ការ​​បង្ហាញ​ក្ដី​ស្រលាញ់​ទៅ​ដល់ ឪពុក​ម្ដាយ បង​ប្អូន និង​មិត្តភ័ក្ដិ និង​ទៅ​ដល់​អ្នក​ទន់​ខ្សោយ​ជាង​ខ្លួន​ តាម​រយៈ​ការ​ជូន​អំណោយ​ ជា​ដើម។ ដោយ​ឡែក​មាន​ យុវជន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​យល់​ច្រឡំ​ អំពី​​ ទិវា​នៃ​ក្ដី​ស្រលាញ់​​នោះ​៕ ​​​​​​​​​​​

​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម