ជំងឺ​​ធ្វើ​​ទុក្ខ​​ឡើង​វិញ​ អាជ្ញា​កណ្តាល​​ ជ័យ ប៊ុនឈឿ​ និយាយ​ទាំង​អស់​សង្ឃឹម​

  • 2017-02-21 03:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​អាការៈ​ជំងឺ​មហារីក​សាច់​ដុំ​ជើង​​របស់​តា​ព្រឹទ្ធាចារ្យ​អាជ្ញា​កណ្តាល​ ជ័យ ប៊ុនឈឿ​ បាន​​ធ្វើ​ទុក្ខ​ខ្លាំង​​​ឡើង​វិញ​ បន្ទាប់​ពី​ជា​សះ​ស្បើយ​ម្តង​ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១៦​កន្លង​ទៅ​។ យ៉ាង​ណា​លើក​នេះ​​​ក្រុម​គ្រួសារ​លោក​គ្រូ​​គ្មាន​លទ្ធភាព​ដើម្បី​​នាំ​យក​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ឡើយ។

លោកតា ជ័យ ប៊ុនឈឿ

កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ លោក​តា​ ជ័យ ប៊ុនឈឿ​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ-សូវៀត​ដែល​​មាន​លោក​ជំទាវ​ ហ៊ុន ម៉ាណា​​ចេញ​ថ្លៃ​ព្យាបាល​រហូត​ដល់​ជា​សះ​ស្បើយ។ ក្រោយ​ជា​សះ​ស្បើយ​លោក​គ្រូ​ក៏​បាន​វិល​ត្រឡប់​មក​ធ្វើ​អាជ្ញា​កណ្តាល​ម្តង​ទៀត​ ហើយ​បាន​មួយ​រយៈ​ពេល​ខ្លី​ក៏​បាន​ឈប់​សម្រាក។ នៅ​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​អាការៈ​ជំងឺ​​ក៏​បាន​ចាប់​ធ្វើ​ទុក្ខ​ឡើង​វិញ​​ដោយ​អាការៈ​ធ្ងន់ធ្ងរ​ជាង​​លើក​មុន។

ក្រុម​ការងារ​ Sabay ​បាន​ទៅ​ជួប​លោក​តា​ជ័យ ប៊ុន​ឈឿ​ ដល់​ផ្ទះ​ទេវតា​ដែល​ជា​អំណោយ​របស់​លោក​ជំទាវ​ ហ៊ុន ម៉ាណា​កាល​ថ្ងៃ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។ ក្នុង​អាការៈ​ឈឺ​ចាប់​ខ្លាំង​លោក​គ្រូ​បាន​រៀប​រាប់​ទាំង​អស់​សង្ឃឹម​​ហាក់​ដូច​ជា​រង់​ចាំ​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​ និង​ឆ្ងល់​ថា​​ ហេតុ​អ្វី​បាន​ជា​លោក​កើត​មាន​អាការៈ​ជំងឺ​ខុស​គេ។

លោក​គ្រូ​តា​អាជ្ញា​កណ្តាល​ ជ័យ ប៊ុនឈឿ​ប្រាប់​ថា​ អាការៈ​ជំងឺ​មហារីក​សាច់​ដុំ​ភ្លៅ​​ធ្វើ​ទុក្ខ​ឡើង​វិញ​រយៈ​ពេល​ប្រហែល​ជា​៤​ខែ​ហើយ។ លើក​នេះ​អាការៈ​​ធ្ងន់​ធ្ងរ​ជាង​លើក​មុន​ដោយ​​ភ្លៅ​កាន់​តែ​រីក​ធំ​​ជា​លំដាប់​ ឈឺ​ចាប់​​កាន់​តែ​​ខ្លាំង​ ដើរ​មិន​រួច​ និង​អង្គុយ​ក៏​មិន​បាន។ ក្រោយ​ធ្វើ​ទុក្ខ​ឡើង​វិញ​ប្រហែល​ជា​៤​ខែ​មក​នេះ​ លោក​គ្រូ​មិន​​​បាន​ទៅ​មន្ទីរ​ពេទ្យ​ម្តង​ណា​ឡើយ​ដោយសារ​គ្មាន​​ប្រាក់។ សូម្បី​តែ​នៅ​ផ្ទះ​ក៏​គ្មាន​ថ្នាំ​ព្យាបាល​​​ឡើយ​ពោល​គឺ​បាន​ត្រឹម​តែ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចុច​ចាប់​ម្ត​ម្កាល​ប៉ុណ្ណោះ។

អតីត​អាជ្ញា​កណ្តាល​ប្រដាល់​ដ៏​ល្បី​រូប​នេះ​បន្ត​ថា​ អាការៈ​ជំងឺ​លើក​នេះ​លោក​មិន​បាន​ផ្តល់​ដំណឹង​ ឬ​ផ្សព្វផ្សាយ​ទៅ​នរណា​​ម្នាក់​ដើម្បី​ឲ្យ​ជួយ​ដល់​ការ​ព្យាបាល​លោក​ទៀត​ឡើយ។ ​លោក​ហាក់​ខ្លាច​ចិត្ត​គេ​ដោយ​សារ​កន្លង​មក​មាន​គេ​ជួយ​​លោក​ច្រើន​ណាស់​ជា​ពិសេស​គឺ​​លោក​ជំទាវ​ ហ៊ុន ម៉ាណា​ ​តែ​ម្តង​ដែល​បាន​ជួយ​ចេញ​ថ្លៃ​ព្យាបាល​រហូត​ជា​សះ​ស្បើយ​កាល​ពី​ដើម​​ឆ្នាំ​២០១៦។

ទោះ​បី​ជា​យ៉ាង​ណា​ក្រុម​គ្រួសារ​របស់​លោក​​ចង់​យក​លោក​ទៅ​ពិនិត្យ​ និង​ព្យាបាល​ទៀត​ណាស់​ ប៉ុន្តែ​គ្មាន​លទ្ធផល។ ក្រុម​គ្រួសារ​បាន​អំពាវ​​ដល់​សប្បុរស​ជន​សូម​ជួយ​លោក​គ្រូ​តា​ ជ័យ ប៊ុនឈឿ​ដើម្បី​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ផង៕​

ទស្សនា​ការ​លើក​ឡើង​របស់​លោក​តា ជ័យ ប៊ុនឈឿ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី