មាន​ស្ត្រី​ម្នាក់​ទៀត​ចោទ សុគន្ធ ធារ៉ាត់ ខ្ចី​លុយ​ទិញ​ឡាន​មិន​​ព្រម​សង

  • 2017-02-21 03:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ តារា​ចម្រៀង​លោក សុគន្ធ ធារ៉ាត់ ត្រូវ​បាន​ស្ត្រី​ម្នាក់​ឈ្មោះ​កញ្ញា ស៊ុន សុវណ្ណធារី ចោទ​ប្រកាន់​ថា​បាន​ខ្ចី​ប្រាក់​១០០ដុល្លារ​មិន​ព្រម​សង រឿង​នោះ​ដោះស្រាយ​មិន​ទាន់​ចប់​ស្រួលបួល​ផង ស្រាប់តែ​​មាន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ នួន ស្រីទូច ហៅ Bini Ta ​អះអាង​ថា ជា​សង្សារ​​ចាស់ ចោទ​តារា​រូប​នេះ បាន​​ខ្ចី​ប្រាក់​ខ្លួន​រហូត​ដល់​ទៅ​ជិត​ ៥០០០ ដុល្លារ ដើម្បី​យក​ទៅ​ទិញ​​រថយន្ត​​ Porsche ដែល​កំពុង​ជិះ​រាល់​ថ្ងៃ មិន​ព្រម​សង។

នួន ស្រីទូច ហៅ Bini Ta បាន​ប្រាប់Sabay ដោយ​ហ៊ាន​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ លោក សុគន្ធ ធារ៉ាត់ ហ៊ាន​ចេញ​​មុខ​​មក​តតាំង​នោះ។ នាង​បាន​រៀបរាប់​​ថា លោក សុគន្ធ ធារ៉ាត់ បាន​ខ្ចី​ប្រាក់​ខ្លួន​ជាង​១ឆ្នាំ​ហើយ កាល​នៅ​ជា​សង្សារ​នឹង​គ្នា ការ​ខ្ចី​នោះ​មាន​​ចំនួន​ ៥០០០ដុល្លារ ដោយ​យក​ទៅ​​ទិញ​រថយន្ត​​Porsche ដែល​កំពុង​ជិះ​រាល់​ថ្ងៃ។

នាង​បាន​​បន្ត​​ឲ្យ​ដឹង​ថា រថយន្ត Porsche ដែល​លោក សុគន្ធ ធារ៉ាត់ តែ​ងអួត​ប្រាប់​គេ​ឯង​ថា ជា​ម៉ូដែល​Porsche Factory Sport 2009 ​តម្លៃ​ជិត៧ម៉ឺន​ដុល្លារ មិនមែន​ជា​ការ​ពិត​ឡើយ ។ រថយន្ត​នោះ​​​បាន​ទិញ​ពី​តារា​ជើង​ចាស់​ម្នាក់ តម្លៃ​ត្រឹម​តែ​៤៨០០​ដុល្លារ​ប៉ុណ្ណោះ​ ដោយ​យកមក​កែ មិន​មាន​ពន្ធ​ឡើយ។

ការ​រៀប​រាប់​ឆ្លង​ឆ្លើយ​រវាង​ នួន ស្រីទូច និង សុគន្ធ ធារ៉ាត់៖

ស្ត្រី​វ័យ​២៤ឆ្នាំ​​មាន​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​ដដែល​ បាន​រៀបរាប់​ឲ្យ​ដឹង​​ទៀត​ថា ខ្លួន​និង​លោក សុគន្ធ ធារ៉ាត់ ស្គាល់​គ្នា​ជាង​៣ឆ្នាំ​មក​ហើយ ក្នុង​នោះ​ចាស់​ទុំ​​ទាំង​សង្ខាងក៏​បាន​ដឹងឮ​ផង​ដែរ ​​ជា​ហេតុ​ធ្វើ​ឲ្យ​​ទុកចិត្ត​សម្រេច​ឲ្យ​ខ្ចី​ប្រាក់​ទិញ​រថយន្ត ព្រោះ​គិត​ថា មុន​និង​ក្រោយ​គង់​តែ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា។

ដោយសារតែ​​លួច​មាន​ស្រីខាង​ក្រៅ Bini Ta តាម​ទាន់​ជាក់​ស្ដែង​២លើក ជាហេតុ​ធ្វើ​ឲ្យអ្នក​ទាំង​២សម្រេច​ចែក​ផ្លូវ​គ្នា ។ បន្ទាប់​មក នាង​ទារ​ប្រាក់​នោះ​មក​វិញ ប៉ុន្តែ លោក សុគន្ធ ធារ៉ាត់ មិន​ព្រម​សង​វិញ​ឡើយ ដោយ​និយាយ​ថា លុយ​ទិញ​ឡាន​នោះ មិន​បាន​ខ្ចី​ទៅ​វិញ។

Bini Ta ទទួល​ស្គាល់​ថា ការ​ខ្ចី​នោះ ពិត​ជា​មិន​មាន​លិខិត​ស្នាម​ឡើយ ព្រោះ​ដូច​បាន​រៀប​​រាប់​ខាង​លើ នាក់​ទាំងពីរ​គឺ​ជា​សង្សារ​នឹង​គ្នា គ្រោង​នឹង​រៀប​ការ​ជា​មួយ​គ្នា ដូច្នេះ​ទើប​មិន​បាន​​ធ្វើ​លិខិត​ស្នាម​។

Bini Ta មិន​សង្ឃឹម​ថា ខ្លួន​អាច​ទា​រប្រាក់​ពី លោក សុគន្ធ ធារ៉ាត់​ បាន​មក​វិញ​ឡើយ គ្រាន់តែ​នាង​ចង់​បង្ហាញ​ឲ្យ​មហាជន​ដឹង ចរិត​ពិត​របស់​តារា​ចម្រៀង​រូប​នេះ​តែ​ប៉ុណ្ណោះ និង​ចង់​ឲ្យ​ខាង​ពន្ធដារ តាម​ចាប់​រថយន្ត​ដែល​កំពុង​ជិះ​រាល់​ថ្ងៃ។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ លោក សុគន្ធ ធារ៉ាត់ បាន​បដិសេធ​ទាំង​ស្រុង ដោយ​លោក​លើក​ឡើង​ថា គ្មាន​ភស្តុតាង​ណា​ដែល​បញ្ជាក់​ថា រថយន្ត​នោះ​ជា​​របស់ ​កញ្ញា Bini Ta ព្រោះ​អី រថយន្ត​នោះ​ទិញ​បាន​ដាក់​ឈ្មោះ​លោក​ផ្ទាល់ មាន​ឯកសារ​ត្រឹមត្រូវ មិន​​បាន​ខ្ចី​ប្រាក់​​ពី កញ្ញា Bini Ta សូម្បី​តែ​១រៀល។

ចំពោះ​រថយន្ត​Porsche Factory Sport 2009 ​ដែល​​អះអាង​ថា ទិញ​តម្លៃ​ជិត៧ម៉ឺន​ដុល្លារ លោក សុគន្ធ រ៉ាត់ បាន​ប្រាក់​ថា ខ្លួន​បាន​ទិញ​ពី​មេទាហាន ពាក់​ផ្កាយ៤ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ។

លោក សុគន្ធ ធារ៉ាត់ បាន​ចាត់​ទុក​ថា ទាំង​កញ្ញា Bini Ta និង កញ្ញា ស៊ុន សុវណ្ណធារី កំពុងតែ​តាម​​រក​រឿង​ខ្លួន ប៉ុន្តែ​លោក​មិន​ខ្វល់​ឡើយ ប្រសិន​បើ​ចង់​តតាំង​តាម​ផ្លូវ​ច្បាប់លោកស្វាគមន៍​ជា​និច្ច៕

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី