គ្រូ​ណាហ្គា ​ប្រាប់​កូន​ក្រុម​កុំ​បង្ក​កំហុស ​ព្រោះ​ហ្វ្រីឃីក Booysen ​គ្រោះ​ថ្នាក់​ណាស់

  • 2017-02-23 01:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ល្ងាច​ម៉ោង​៦​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ ​ក្រុម​ណាហ្គាវើល ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​សប្ដាហ៍​ទី​២។

មុន​ជំនួប​នេះ​ចាប់​ផ្ដើម ​លោក មាស ចាន់ណា ​ហាក់​ដូចជា​មិន​សូវ​ជា​មាន​ក្ដី​បារម្ភ​ប៉ុន្មាន​នោះ​ទេ ​ចំពោះ​កូន​ក្រុម​របស់​ខ្លួន ​និង​សមត្ថភាព​ប្រយុទ្ធ​របស់​ក្រុម​ភ្នំពេញ​ក្រោន។ អ្វី​ដែល​លោក​ផ្ដោត​សំខាន់​ជាង​គេ​នោះ គឺ​ការ​ទាត់​បាល់​ពិន័យ​របស់​ខ្សែ​ប្រយុទ្ធ Booysen Shane ​តែ​ម្ដង ព្រោះ​កីឡាករ​រូប​នេះ​មាន​បច្ចេកទេស​ទាត់​ល្អ ​ហើយ​តែងតែ​រក​គ្រាប់​បាល់​បាន​ជា​ញឹកញាប់​។

“ភ្នំពេញ​ក្រោន ​ត្បិត​តែ​ប្រើ​យុវជន​ច្រើន​ប៉ុន្តែ​គេ​នៅ​តែ​មាន​ទម្រង់​លេង​ល្អ ប៉ុន្តែ​កីឡាករ​ខ្ញុំ​ឱ្យ​តែ​លេង​ប៉ះ​ក្រុម​ខ្លាំង ពួកគេ​លេង​ដឹង​តែ​ល្អ​ហើយ។ ខ្ញុំ​បារម្ភ​តែ​ម្យ៉ាង​ទេ គឺ​ហាម​ពួកគេ​កុំ​ឱ្យ​បង្ក​កំហុស​នៅ​តំបន់​ដំបូល​ទូក វា​អាច​គ្រោះ​ថ្នាក់​ព្រោះ Shane ​ទាត់​ល្អ​នៅ​ចំណុច​នេះ”។ សម្ដី​លោក មាស ចាន់ណា។

​បើ​គិត​ត្រួស​ៗ​ទៅ ណាហ្គាវើល ​ប៉ះ​ភ្នំពេញ​ក្រោន ​បាន​១៧​ប្រកួត​មក​ហើយ ​ក្នុង​នោះ​ណាហ្គា​ឈ្នះ​បាន​៣​ដង ​ស្មើ​៧​ដង​និង​ចាញ់​៧​ដង។ ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​នៅ​លីគ​កំពូល​កាល​ពី​រដូវ​កាល​មុន​នេះ ​បញ្ចប់​ទៅ​ដោយ​លទ្ធផល ១-១ ៕

អត្ថបទ៖ មុន្នីរម្យ