កាលនៅរស់ Paul Walker ធ្លាប់ធ្វើរឿងរំជួលចិត្តបំផុតមួយដល់ប្ដីប្រពន្ធមួយគូនេះ
- 2017-02-25 04:12:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាលនៅរស់ Paul Walker ធ្លាប់ធ្វើរឿងរំជួលចិត្តបំផុតមួយដល់ប្ដីប្រពន្ធមួយគូនេះ
ចន្លោះមិនឃើញ
កាលពីឆ្នាំ២០០៤ បុរសម្នាក់ឈ្មោះ Kyle Upham និងគូដណ្ដឹង Kristen (បច្ចុប្បន្នជាប្រពន្ធ) បានទៅហាងលក់គ្រឿងអលង្ការមួយកន្លែងដើម្បីស្វែងរកទិញចិញ្ចៀន។
គូស្នេហ៍មួយគូ មានបំណងចង់បានចិញ្ចៀនពេជ្រមួយវង់ប៉ុន្តែមិនមានលទ្ធភាពទិញចិញ្ចៀនដ៏ថ្លៃនោះបានទេ។ នៅក្នុងហាង Kyle និង Kristen បានជួបនឹងអ្នកទិញម្នាក់ទៀតដែលពួកគេ មិនស្គាល់ថាជា Paul Walker តារាភាពយន្តហូលីវូដ។ បុរសជាគូដណ្ដឹង បានជជែកគ្នាជាមួយ Paul ហើយប្រាប់ថា ខ្លួនជាទាហាន ហើយត្រូវត្រឡប់ទៅ អ៊ីរ៉ាក់វិញជាលើកទី២ តែមុននឹងទៅ ចង់រកមើលចិញ្ចៀនមួយសម្រាប់ថ្ងៃភ្ជាប់ពាក្យ។
ក្រោយកិច្ចសន្ទនាបានបញ្ចប់ គូដណ្ដឹងទាំង២ក៏បានចាកចេញពីហាង ទាំងមិនបានទិញអ្វីសោះ ព្រោះចិញ្ចៀននៅទីនោះលើសពីលទ្ធភាពដែលពួកគេមាន។ រឿងរ៉ាវភ្ញាក់ផ្អើលកើតមានឡើងនៅថ្ងៃបន្ទាប់ នៅពេលម្ចាស់ហាងបានទូរសព្ទមកប្រាប់ពួកគេឲ្យទៅយកចិញ្ចៀនតម្លៃ ៩០០០ដុល្លារ ដែលជនអនាមិកម្នាក់បានទិញឲ្យ។
Kyle និង Kristen ងឿយឆ្ងល់យ៉ាងខ្លាំងថា នរណាចិត្តល្អទូទាត់ថ្លៃចិញ្ចៀនដ៏ថ្លៃសម្រាប់ពួកគេ តែអាថ៌កំបាំងនៅតែមិនអាចរកឃើញ។ រហូតដល់ឆ្នាំ២០១៣ ជាថ្ងៃដែល Paul Walker បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ អតីតបុគ្គលិកម្នាក់នៅហាងលក់គ្រឿងអលង្ការឈ្មោះ Irene King មិនចង់លាក់រឿងនោះតទៅទៀតឡើយ ហើយសម្រេចចិត្តប្រាប់ Kyle ពីអ្នកនៅពីក្រោយការចំណាយថ្លៃចិញ្ចៀន។
យោងតាមសំដីរបស់ Irene បានឲ្យដឹងថា Paul Walker មានអារម្មណ៍អាណិតចំពោះគូដណ្ដឹងទាំង២ ដែលអនាគតកូនកំលោះគឺជា ទាហាន ហើយធ្វើការងារដោយយកជីវិតទៅប្ដូរនិងអាចស្លាប់គ្រប់ពេល តែបែរជាគ្មានប្រាក់ខែគ្រប់គ្រាន់សូម្បីតែទិញចិញ្ចៀនមួយបាន។
ដូច្នេះហើយ Paul បានចំណាយលុយទាំងអស់ ហើយប្រាប់ម្ចាស់ហាងឲ្យលាក់អត្តសញ្ញាណអ្នកដែលទិញអំណោយដល់ពួកគេ៕